កសិករ​នៅ​ស្រុក​កញ្ជ្រៀច​កំពុង​ចាប់ផ្ដើម​ដាំ​ត្រសក់​បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​រួច​

818
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: ប្រជាកសិករ​មួយចំនួន​នៅ​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បច្ចុប្បន្នកំពុង​មមារ​ញឹក​ក្នុងការ​ភ្ជួរ​រាស់​ដីស្រែ ដើម្បី​ដាំ​ត្រសក់ស្រូវ​លក់ បន្ទាប់ពី​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រួច​ថ្មីៗ​។

​លោក ហាក់ សែង អាយុ​៥៤​ឆ្នាំ​នៅ​ភូមិ​ពោធិ៍​ស្រែ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង បាន​ប្រាប់​អោយដឹងថា ជា​រៀងរាល់ឆ្នាំ​នៅក្រោយពេល​ច្រូតកាត់​ស្រូវ​រួច គាត់​តែងតែ​ដាំ​ត្រសក់ស្រូវ នៅលើ​ដីស្រែ​គាត់ នៅក្រោយ​ភូមិ ដែលមាន​ចំនួន​៣​ស្រែ ក្នុង​១​ស្រែ​មាន​ទំហំ ជា​មធ្យម​៣០​ម៉ែត្រ​គុណ​និង​៥០​ម៉ែត្រ​។ ដោយ​ធ្វើ​តែ​២​នាក់​ប្តី​ប្រពន្ធ​ពុំ មាន​ជួល​កម្មករ​ទេ ណាមួយ​គាត់​គ្មាន​កូន​និង​គេ​។
​រីឯ​គ្រួសារ​គេ​ផ្សេងៗ​ដែល​គេ​មាន​កូនចៅ​ច្រើន គេ​អាច​ដាំ​បន្លែ​ត្រសក់ស្រូវ លើ​ផ្ទៃដី​ចាប់ពី​១​ហិកតា​រហូតដល់​៣​ហិកតា​ក្នុង​១​គ្រួសារ​។ លោក​បន្តថា​មុខរបរ​នេះ គឺជា​មុខរបរ​ទី​២​សំរាប់​ពួកគាត់ ឯមុខ​របរ​ចំបង​គឺ​ការងារ​ធ្វើ​ស្រូវ​រដូវវស្សា​។​

​ចំណែក​លោកស្រី ផល្លា ដែលមាន​ទីលំនៅ​ភូមិ​ជាមួយគ្នា​! និង​កំពុង​បេះ​ត្រសក់ លក់បាន​លើកឡើងថា ក្រោយពី​ប្រមូល​ផល​ស្រូវ​រួច ដោយ​មិន​ចង់ទុក​ដី​ឲ្យ​ទំនេរ​ចោល ពួកគាត់​ក៏​នាំគ្នា​ដាំ​ត្រសក់​បន្តទៀត​។
​ដោយ​ការដាំ​ត្រសក់​នេះ​ប្រើ​ពេលវេលា​ត្រឹមតែ​១​ខែ​១០​ថ្ងៃ​ប៉ុណ្ណោះ គឺអាច​ប្រមូល​ផល​បាន​ហើយ ខ្លះ​ដាំ​បាន​ពីរលើក​ក្នុង​មួយឆ្នាំ​។ ហើយ​ផ្លែ​ត្រសក់​ដែល​បេះ​បាន គឺមាន​ឈ្មួញកណ្តាល មក​ចាំ​ប្រមូល​ទិញ​ដល់​កន្លែង​បេះ​តែម្តង​។ ដោយ​ក្នុង​១​គីឡូក្រាម​លក់​បាត​ម្លៃ​១៥០០​រៀល បើ​ត្រសក់​សម្បូរ ធ្លាក់​ចុះមក​ត្រឹម​១០០០​រៀល ប៉ុន្តែ​មិនដែល​មាន​បញ្ហា​រឿង​អត់​ទីផ្សារ​នោះទេ មាន​ប៉ុន្មាន​ក៏​គេ​ទិញយក​អស់​ដែរ​។

​បងស្រី​បាន​បន្តថា ជា​មធ្យម​ត្រសក់​ក្នុង​១​ហិកតា គឺ​ពួកគាត់​អាច​លក់បាន​ប្រាក់​ចាប់ពី ៧​លាន​រៀល ដល់​១០​លាន​រៀល ហើយ​ទូទាត់​កាត់ថ្លៃ​ចំណាយ​ផ្សេងៗ​ចេញ​អស់ គឺ​ពួកគាត់​អាច​នៅសល់​ចំណេញ​បាន​ចាប់ពី​២​លាន​រៀល ដល់​៥​លាន​រៀល​ក្នុង​១​ហិកតា​។​

​ដោយឡែក​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​កញ្ជ្រៀច​លោក ឈុន សុ​វណ្ណា​រ៉េត បាន​ឲ្យ​ដឹងថា តាម​សម្រង់​ស្ថិតិ​ដែល​លោក​ចុះ​ស្រង់​ដោយ​ផ្ទាល់ដៃ​រកឃើញថា សព្វថ្ងៃនេះ មាន​ប្រជាកសិករ​ដែល​ចាប់យក​មុខរបរ​ដាំ​ត្រសក់​លក់ នៅក្នុង​ស្រុក​កញ្ជ្រៀច​ទាំងមូល មាន​ចំនួន​ជាង​៦០​គ្រួសារ លើ​ផ្ទៃដី​ជិត​១០០​ហិកតា​។ លោក​បញ្ជាក់ថា ប្រជាកសិករ​ទាំងអស់​នេះ​ពីមុន ប្រកបមុខរបរ​ដាំ​ឪឡឹក​នោះទេ ប៉ុន្តែ​ដោយ​មួយរយៈ​ចុងក្រោយ​នេះ ការដាំ​ឪឡឹក​មិន​ចំណេញ ក៏​នាំគ្នា​ងាក​មក​ដាំ​ត្រសក់​វិញ លើដី​ស្រែ​ដែល​ច្រូតកាត់​រួច​៕ ល​