បុរស​មាន​បំផុត​នៅ​ហ្វីលីពីន ស្លាប់​នៅ​អាយុ​៩៤​ឆ្នាំ

683
ចែករម្លែក

​ហេន​រី ស៊ី ​មហាសេដ្ឋី​ដែលចាប់ផ្តើម​ពី​ហាង​លក់​ស្បែកជើង​មួយ​មកជា​បណ្តាញ​លក់រាយ​ធំ​បំផុត​នៅ​ហ្វីលីពីន បាន​ស្លាប់​នៅ​អាយុ​៩៤​ឆ្នាំ​។​លោក​បាន​​លាចាក​លោក​ក្នុង​ដំណេក​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​មករា​,​នេះ​បើតាម​កូនស្រី​និង​ប្រធាន​ក្រុមហ៊ុន​SM Investments Corp។​

​យោងតាម​តារាង​មហាសេដ្ឋី​របស់​​Bloomberg លោក​ស៊ី​មានទ្រព្យ​ដុល​ចំនួន​៧,២​ពាន់​លាន​ដុល្លារ ដែល​ធ្វើអោយ​លោក​ជា​មនុស្ស​មាន​ទ្រព្យធន​បំផុត​នៅ​ហ្វី​លី​​ពី​ន​។​

​ក្រុមហ៊ុន​របស់​ស៊ី​ចាប់ផ្តើម​ជាមួយនឹង​ហាង​លក់​ស្បែកជើង​មួយ​នៅ​ឆ្នាំ​១៩៤៨​។​សព្វថ្ងៃ SM Investments​ជា​ចក្រភព​មួយ​រួមមាន​ក្រុមហ៊ុន​លក់រាយ​SM Retail Inc.​ដែល​​ដំណើរការ​ផ្សារ​ទំនើប​ធំៗ​របស់​ប្រទេស ក្រុមហ៊ុន​SM Prime Holdings Inc.​ដែលជា​ការី​ផ្សារ​ទំនើប​ធំ​បំផុត និង​ក្រុមហ៊ុន​BDO Unibank Inc.​។​ក្នុងប្រទេស​ដែលមាន​ប្រជា​​ជន​១០៥​លាន​នាក់ បណ្តា​ផ្សារ​របស់លោក​ជា​មធ្យម​ទាក់ទាញ​អតិថិជន​ក្នុង​មួយថ្ងៃ​៣,៥​លាន​នាក់​។​

​សព្វថ្ងៃ​ក្រុមហ៊ុន​របស់លោក បើក​ផ្សារ​ទំនើប​ជាង​មួយរយ ហាង​លក់​គ្រឿងទេស​និង​ភេសជ្ជៈ​SaveMoreចំនួន​១៩៤​និង​ហាង​ទំនើប​ក្រៅ​ក្រុង​ចំនួន​៥០​។​

​តាមពិត ហេន​រី ស៊ី​បានកើត​នៅ​ទីក្រុង​សៀ​មិន ក្នុង​ខេត្ត​ហ្វ៊ុ​យ​ជាំ​ង របស់​ចិន​។​លោក​បានធ្វើ​ចំណាកស្រុក​មក​រស់នៅ​ហ្វីលីពីន​នៅ​អាយុ​១២​ឆ្នាំ និង​បានចាប់ផ្តើម​លក់​អង្ករ​​ត្រី​និង​សាប៊ូ​នៅ​តូប​មួយ​របស់​ឪពុក​ក្នុង​ក្រុង​ម៉ានីល​នា​ឆ្នាំ​១៩៣៦​។​តូប​ទំនិញ​នោះ​ត្រូវបាន​ដុត​និង​ត្រូវ​លួច​ឆក់យក​ទំនិញ​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ ដូច្នេះ​ស៊ី​ទៅ​​ជួយ​លក់ទំនិញ​ក្នុង​គ្រួសារ​។​

​ក្រោយ​សង្គ្រាមលោកលើកទី​២ លោក​បាន​លក់​ស្បែកជើង​នាំចូល​ដោយ​ទាហាន​អាមេរិក​និង​បង្កើត​ហាង​លក់​ស្បែកជើង​មួយ ដែល​ផ្តល់ឱកាស​អោយ​លោក​បង្កើត​ក្រុម​​ហ៊ុន​ShoeMart ដែល​ក្រោយមក​ក្លាយជា​ក្រុមហ៊ុន​លក់​ស្បែកជើង​ធំ​បំផុត​និង​ជា​ហាង​មាន​ម៉ាស៊ីនត្រជាក់​លើកដំបូង​នៅ​ហ្វីលីពីន នា​ឆ្នាំ​១៩៥៨​។​

​ក្រោយ​បើកហាង​ស្បែក​ជើងបាន​៦ លោក​បានធ្វើ​ចម្រុះ​ភាព​ធុរកិច្ច ដោយ​ប្រែ​ក្លាយទៅជា​ក្រុមហ៊ុន​សម្លៀកបំពាក់ និង​ទំនិញ​ផ្សេងៗ​។​នៅ​ឆ្នាំ​១៩៧២ លោក​បាន​បើក​ផ្សារ​​ទំនើប​មួយ​ជា​លើកដំបូង នៅ​២​ខែក្រោយ​ប្រធានាធិបតី ហ្វែ​រ​ឌី​ណង់ ម៉ា​កូ​ស​ដាក់​ប្រទេស​ក្រោម​ច្បាប់អាជ្ញាសឹក​៕​ដោយ​៖​វាសនា​

ហេន​រី ស៊ី ជនអន្តោប្រវេសន៍​មក​ពី​ចិន ក្លាយជា​អ្នកមាន​បំផុត​នៅ​ហ្វីលីពីន​

ទីតាំងផ្សាយពាណិជ្ជកម្ម