វិន័យ នៅតែ​ជា​កិច្ចការ​ចម្បង នៃ ការប្រឡង​ពុទ្ធិក​មហា​បឋម​វិជ្ជា

760
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ភិក្ខុ​ព្រះ​មង្គល​វិសុទ្ធ សុខ សុភាព ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ​ជាតិ បាន​មាន​ព្រះ​ថេរ​ដីកា​ថា មិន​ខុសពី​ការប្រឡង​នានា​ក្នុង​ក្របខណ្ឌ​ពុទ្ធិកសិក្សា នៃ បណ្តា​ឆ្នាំមុនៗ​ឡើយ គឺ​ការគោរពវិន័យ នៃ អ្នកពាក់ព័ន្ធ​ទាំងអស់ នៅតែ​ជា​អាទិភាព​ដ៏​ចម្បង​ដដែល សម្រាប់​ការប្រឡង​ពុទ្ធិក​បឋម​មហា​វិជ្ជា​នៅ​ឆ្នាំនេះ ។ មិន​ថា​អ្នកណា​ក៏ដោយចុះ ប្រសិនបើ​រកឃើញថា បាន​ប្រព្រឹត្ត​ខុស​វិន័យ នៃ ការប្រឡង​នោះ នឹង​ត្រូវតែ​ទទួលបាន​នូវ​ការពិន័យ តាម​បទ​ប្បញ្ញត្តិ​ដែល​បាន​ដាក់ចេញ ដោយ​គ្មាន​ការលើកលែង ។​


​ព្រះមហា​សមណៈ សុខ សុភាព មាន​ព្រះ​ថេរ​ដីកា​ប្រកបដោយ​ភាពម៉ឺងម៉ាត់​បែបនេះ នៅក្នុង​ពិធី​កាត់​វិញ្ញាសា​ប្រឡង​ពុទ្ធិកបឋមសិក្សា ឬ ពុទ្ធិក​មហា​បឋម​វិជ្ជា នៅឯ​ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា និង លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា ។​


​ជាការ​ពិតណាស់ ការ​រឹតបន្តឹង​វិន័យ នៃ ការប្រឡង​គ្រប់​ប្រភេទ នៅក្នុង​ក្របខណ្ឌ​ពុទ្ធិកសិក្សា មិនមែនជា​រឿង​ប្លែក​ឡើយ ហើយក៏​មិនមែន​ទើបតែ​ឆ្នាំ​នេះដែរ ពោល​គឺជា​រឿង​ដែល​បាន​អនុវត្ត​យ៉ាង​ទៀងទាត់​ទៅជា​រឿង​ប្រក្រតី ។ ទោះយ៉ាងណា ជាច្រើន​ឆ្នាំ​មកនេះ គេ​មិនទាន់​រកឃើញ​មានការ​ប្រព្រឹត្តល្មើស​ធ្ងន់ធ្ងរ​រវាង​អ្នកពាក់ព័ន្ធ ពោលគឺ​តាំងពី​មន្ត្រី​ប្រឡង រហូតដល់​បេក្ខសមណៈ និង បេក្ខជន បេ​ក្ខ​នារី ។​


​វិន័យ នៃ ការប្រឡង​ពុទ្ធិកសិក្សា ក៏​ស្រដៀង​គ្នា​ទៅនឹង​ការប្រឡង​ថ្នាក់​ចំណេះដឹង​ទូទៅ​របស់​គ្រហស្ថ​ដែរ គឺ​សំណៅ​ឯកសារ ឬ ព្រី​យ៉ុង ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ដូចជា​ម៉ាស៊ីន​គិត​លេខ និង ទូរស័ព្ទដៃ ការប្រព្រឹត្ត​សំណូក​សូកប៉ាន់ ការប្រឡង​ជំនួស និង ការធ្វើ​សញ្ញា​សម្គាល់ ជាដើម ត្រូវបាន​ហាមឃាត់​ជាដាច់ខាត ។​


​ការប្រឡង​ពុទ្ធិក​បម​សិក្សា ឬ ពុទ្ធិក​បឋម​មហា​វិជ្ជា​ឆ្នាំនេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩ និង ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៩ ដោយមាន​បេក្ខសមណៈ បេក្ខជន បេ​ក្ខ​នារី សរុប​ទូទាំងប្រទេស​មាន​ចំនួន ៤.៣៨១ អង្គ និង នាក់ ។ ចំនួន​នេះ​បាន​កើនឡើង​ចំនួន ០៦ អង្គ និង នាក់ បើ​ធៀប​ទៅនឹង​ការប្រឡង​ដូចគ្នានេះ កាលពី​ឆ្នាំ ឆ្នាំ ២០១៨ កន្លងទៅ ។​
​វិញ្ញាសា នៃ ការប្រឡង​នេះ រួមមាន ៖ ភាសាបាលី តែងសេចក្តី ប្រវត្តិវិទ្យា ភូមិវិទ្យា វិទ្យាសាស្ត្រ​អនុវត្តន៍ ពុទ្ធ​វិន័យ ពុទ្ធប្បវត្តិ និង ពុទ្ធសាសនា ៕ Kh

ភិក្ខុ​ព្រះ​មង្គល​វិសុទ្ធ សុខ សុភាព ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ​ជាតិ ( រូបៈ មេសា )

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ