អ្នកនាំពាក្យ: រដ្ឋមន្ត្រី​ការ​បរ​ទេ​កម្ពុជា នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​និង​កិច្ចការ​អឺរ៉ុប​-​ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប​

512
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប​-​ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​២១ មករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល ប្រទេស​បែលហ្ស៊ិក​។​

​លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួង​ការ​បេ​ទេស បាន​ថ្លែងថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់លោក​ស្រី ហ្វេ​ដឺ​រី​កា ម៉ូ​ហ្គេ​រី​នី តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​នៃ​គណៈកម្មាការ​អឹ​រ៉ុ​ប​។​

​លោក​បាន​បន្តថា នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​សម​ភាគី​អឺរ៉ុប នឹង​ពិភាក្សាគ្នា​អំពី​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដែលមាន​ផលប្រយោជន៍​រួម ដើម្បី​សម្រេច​នូវ​គោលបំណង​រួមមួយ នៃ​សមាហរណកម្ម​តំបន់​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ព្រុ​ច​សែ​ល លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មាន​គម្រោង​នឹង​ជួប​ទ្វេភាគី ជាមួយ​លោក ឌី​ឌ្យ៉េ​រ រ៉េ​ន​ឌ័​រ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប របស់​បែលហ្ស៊ិក លោកស្រី សេ​ស៊ី​លី​យ៉ា ម៉ា​ល​ស្ត្រុ​ម ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប និង​ជាមួយ​ប្រធាន​គណៈប្រតិភូ​ផ្សេងៗ​ទៀត​។​

​គួរ​បញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​ក្លាយជា​ដៃគូ​សន្ទនា​អាស៊ាន នៅ​ឆ្នាំ​១៩៧៧ ហើយ​ចាប់តាំងពី​ពេល​នោះមក ទំនាក់ទំនង​រវាង​តំបន់​ទាំងពីរ បាន​ឈានដល់​កំរិត​ខ្ពស់​មួយ ដោយ​គ្របដណ្តប់​លើ វិស័យ​កិច្ចសហប្រតិបត្តិការ​ជាច្រើន រួមមាន​នយោបាយ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម សង្គម និង​ការតភ្ជាប់​ជាដើម​។ ឈរលើ​ភាពជា​ដៃគូ​ជាច្រើន​ទសវត្សរ៍​នេះ កិច្ចព្រមព្រៀង​ជាច្រើន​ត្រូវបាន​ចុះហត្ថលេខា ដែលជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ទិសដៅ​អនាគត​នៃ​តំបន់​ទាំងពីរ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ