អាជ្ញាធរ​ជាតិ​អប្សរា​អនុវត្ត​សាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ចេញពី​បង្គន់​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ​

498
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រាជរដ្ឋាភិបាល​បារាំង​ក្រោម​គម្រោង PAAGERA(​ប៉ា​ជឺ​រ៉ា​) បាន​នឹង​កំពុង​អនុវត្ត​សាកល្បង​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ខ្នាតតូច​មួយកន្លែង​ស្ថិតនៅ​ភូមិ​រហាល ស​ង្គា​ត់​នគរធំ ក្រុង​សៀមរាប​នៃ​រមណីយដ្ឋាន​អង្គរ​។ ប្រព័ន្ធ​ចម្រោះ​ទឹក​នេះ​ត្រូវបាន​អនុវត្ត​ក្នុង​បំណង​លើកកម្ពស់​សុខមាលភាព អនាម័យ​របស់​ប្រជាជន​និង​កាត់បន្ថយ​ទឹក​កខ្វក់​ជ្រាបចូល​ក្រោម​ដី​។​

លោក ឡៃ ប៉ូ​ទី បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​លើកឡើងថា​គម្រោង​នេះ​គឺជា​ប្រព័ន្ធ​សុ​វុឌ្ឍិកម្ម​ទឹក ដែល​ប្រមូល​ទឹក​កខ្វក់​នៅតាម​បង្គន់​របស់​ប្រជាជន​យកទៅ​ចម្រោះ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ព្រមទាំង​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មានការ​រស់នៅក្នុង​ភាពប្រសើរ​និង​ស្អាត​ជាង​ពេលមុន​។ ក្នុង​ជំហាន​សាកល្បង គម្រោង​នេះ​បានធ្វើ​ការតភ្ជាប់​ប្រព័ន្ធ​ចម្រោះ​ជា​បណ្តាញ​តាម​បង្គន់​អនាម័យ​របស់​ប្រជាជន​ចំនួន​២៨​ខ្នង​ផ្ទះ ដោយ​ប្រើពេល​ចំនួន​បី​ខែ និង​គ្រោង​បញ្ចប់​នៅ​ចុងខែ​មករា ឬ​ដើមខែ កុម្ភៈ ឆ្នាំ​២០១៩​ខាងមុខ​។

អ្នកស្រី ទេព ព្រឿ​ន ជា​អ្នកភូមិ​ដែល​ទទួល​បានការ​តប​ណ្តា​ញ​ចម្រុះ​ទឹក​កខ្វក់​បាន​លើក​ឡើងថា​បង្គន់​អនាម័យ​របស់គាត់​បាន​កសាងឡើង​ជាង​១០​ឆ្នាំមុន តែ​ពុំដែល​បាន​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ចម្រោះ​នោះទេ ដូច្នេះ​ទឹក​កខ្វក់​និង​មេរោគ​គឺ​មាននៅ​ជុំវិញ​ទីនោះ​។ អ្នកស្រី​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាលភាព​ប្រជាជន ជាពិសេស​ការបណ្តុះបណ្តាល​ដល់​ប្រជាជន​ឲ្យ​ចេះ​រស់នៅ​ស្អាត​និង​មាន​អនាម័យ​ដើម្បី​កាត់បន្ថយ​នូវ​ប្រភព​មេរោគ​និង​ជំងឺ​ទាំងឡាយ​ដែល​អាច​កើតមាន​។​

អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន​រស់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដូចជា អនុញ្ញាត​ឱ្យមាន​ការជួស​ជុល​កែលម្អ​ផ្ទះ បង្គន់​អនាម័យ និង​កសាង​ផ្លូវថ្នល់ ស្ពាន ព្រមទាំង​ហេ​ដ្ឋា​រចនាសម្ព័ន​រូបវន្ត​ចាំបាច់​ផ្សេងៗ​ដើម្បី​​លើកកម្ពស់​ស្ថានភាព​រស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើ​រ និង​មាន​ចំណូល​កាន់តែ​ខ្ពស់​៕​B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម