បារាំង​និង​អាល្លឺម៉ង់​ស្វែងរក​ភាពជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ថ្មី នៅមុន Brexit

557
ចែករម្លែក

​បារាំង​និង​អាល្លឺម៉ង់​នឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​ថ្មី​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​២២​មករា​នេះ​ដើម្បី​ស្វែងរក​ការជំរុញ​សម្ព័ន្ធភាព​មួយ​នៅក្នុង​បេះដូង​នៃ​សហភាព​អឺរ៉ុប ខណៈដែល​ចក្រភព​អង់គ្លេស​កំពុង​ត្រៀម​ចាកចេញ និង​ស្រប​ពេលដែល​ចលនា​ជាតិនិយម​កំពុង​កើនឡើង​នៅ​ជុំវិញ​ទ្វីបអឺរ៉ុប​។​

​ប្រធានាធិបតី​បារាំង អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និង​អធិការបតី​អ៊ែន​ជែ​ល​ឡា មឺ​គែល នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដែល​សន្យា​ធ្វើឱ្យ​ចំណងទាក់ទង​ខាង​សេដ្ឋកិច្ច​និង​ការពារជាតិ​កាន់តែ​ជ្រាលជ្រៅ​ក៏ដូចជា​ប្តេជ្ញាចិត្ត​ចំពោះ​សហភាព​អឺរ៉ុប នៅក្នុង​ទីក្រុង​អា​ឆិ​ន​របស់​អាល្លឺម៉ង់​។​

​ប្រធានាធិបតី​បារាំង​បាន​និយាយថា វា​គឺជា “​ពេលវេលា​ដ៏​សំខាន់​” ដើម្បី​បង្ហាញថា ទំនាក់ទំនង​នេះ​គឺជា “​គ្រឹះ​មួយ​ដែល​អាច​ចាប់ផ្តើម​ដោយ​ខ្លួនឯង​ឡើងវិញ​បាន​…​ក្នុងការ​ពង្រឹង​នូវ​គម្រោង​របស់​អឺរ៉ុប​”​។​

​លោកស្រី​ក្លែ​រ ដេ​ម៉េ​ស​ស្មេ (Claire Demesmay) អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាល្លឺម៉ង់ DGAP បាន​និយាយថា “​យើង​មើលឃើញ​ពី​វិបត្តិ​មាន​ស្រាប់​មួយ​ទាក់ទង​នឹង​ការធ្វើសមាហរណកម្ម​នៅ​អឺរ៉ុប ជាមួយ Brexit និង​ការពង្រឹង​របស់​ពួក​អ្នក​ជាតិនិយម​នៅក្នុង​ការបោះឆ្នោត​អឺរ៉ុប​នាពេលខាងមុខ​”​។​

​លោកស្រី​បាន​ប្រាប់​វិទ្យុ​សាធារណៈ​របស់​អាល្លឺម៉ង់​ថា “​នៅក្នុង​បរិបទ​នេះ ការបញ្ជាក់​ពី​ជំនឿ​លើ​កិច្ចសហប្រតិបត្តិការ​បា​រាំង​-​អាល្លឺម៉ង់ គឺមាន​តម្លៃ​ជា​និមិត្តរូប​”​។​

​លោកស្រី​មឺ​គែល​និង​លោក​ម៉ា​ក្រុង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃ​ខួប​នៃ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​បា​រាំង​-​អាល្លឺម៉ង់ ស្រដៀង​គ្នា​នៅ​ឆ្នាំ ១៩៦៣ ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​បារាំង​លោក ហ្សា​ល ឌឺ​ហ្គោល និង​អធិការបតី​អាល្លឺម៉ង់​សម័យ​នោះ គឺ​លោក ខុនរ៉ាដ អាដេ​ណៅអ៊ែរ​។​

​សន្ធិសញ្ញា​ថ្មី​នេះ​មាន​គោលបំណង​បង្កើត​ទំនាក់ទំនង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​ម៉ូ​ទ័​របា​រាំង​-​អាល្លឺម៉ង់​” ដែល​គេ​ចាត់ទុកថា​ជា​សម្ព័ន្ធភាព​ដ៏​សំខាន់​នៅក្នុង​ទ្វីបអឺរ៉ុប​រវាង​គីឡូ​ធ្ងន់​នយោបាយ​និង​សេដ្ឋកិច្ច​ធំ​ទាំងពីរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ក្រុង​និង​លោកស្រី​មឺ​គែល​កំពុង​ស្ថិតនៅ​ទីក្រុង​អា​ឈិន របស់​អាល្លឺម៉ង់