ក្រុមហ៊ុន​ចិន​ចាប់ផ្តើម​ទាក់ទង​កម្ពុជា​អំពី​តម្លៃ​និង​ការនាំ​អង្ករ​ចេញ​

1206
ចែករម្លែក
  • 6
    Shares

ដោយ:ពៅ និមល​/​ភ្នំពេញ ៖ បន្ទាប់ពី​ចិន​បានប្រកាស​ទិញ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩​នេះ​។ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ហើយ ​សុំ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​អំពី​ការទិញ​អង្ករ​ពី ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​រប​ស់​ខ្លួន​។​

លោក មូល សា​រិទ្ធី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​ថា មាន​ក្រុមហ៊ុន​ចិន​មកជា​បណ្តើរៗ​ហើយ​ក្រោយ​សម្តេច​នាយក​​រដ្ឋមន្ត្រី​កម្ពុជា​បានប្រកាសថា នាយករដ្ឋមន្ត្រី​ចិន​ផ្តល់​កូតា​កើនឡើង​ជាង​មុន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​នានា​មក​ទាក់ទង ​ដើម្បី​សួរនាំ​អំពី​តម្លៃ និង​ប្រភេទ​អង្ករ​ផ្សេងៗ​ជាដើម​។

ទន្ទឹមនឹងនេះ យើង​ក៏​នឹង​រៀបចំ​ធ្វើ​ការងារ​ជាមួយ​ក្រសួង ស្ថាបន​ពាក់ព័ន្ធ ក្នុងការ​ពង្រឹង​ផលិតកម្ម​តាំងពី​មូលដ្ឋាន​ជាមួយ​សហគមន៍​កសិក​រ ជាមួយ​រោង​ម៉ាស៊ីន​និង​អ្នក​នាំចេញ​ជាដើម ដើម្បី​សំរុក​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ឲ្យ​បាន​ច្រើន ព្រោះថា​ប្រភេទ​អង្ករ​ដែល​ភាគី​ចិន​ចង់បាន​គឺជា​ប្រភេទ​អង្ករ​សែន​ក្រអូប និង​អង្ករ​ក្រអូប​ប្រណិត​។ ក្នុងឱកាស​នេះ លោក សា​រិទ្ធី បាន​អបអរសាទរ និង​គាំទ្រ​លើ​ការប្រកាស​ផ្តល់​កូតា​ទិញ​អង្ករ​ពី​កម្ពុជា​បន្ថែម​របស់​ភាគី​ចិន ខណៈ​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ចិន​ជា​អតិថិជន​ទី​២ បន្ទាប់ពី​សហភាព​អឺរ៉ុប​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ​ដែលមាន​ចំនួន​ជាង​១៧​ម៉ឺន​តោន​។ ដូច្នេះ​លោក​សង្ឃឹម​ទៀតថា ការនាំ​អង្ករ​ទៅ​ទីផ្សារ​ចិន​នឹង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំ​២០១៩​នេះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដោយឡែក របស់​ភាគី​សហភាព​អឺរ៉ុប​ប្រកាស​គិត​ពន្ធ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ចាប់ពីពេលនេះ​តទៅ លោក​អគ្គលេខាធិការ​បា​ន​លើកឡើងថា នេះ​ជា​បន្ទុក​អ្នក​បរិភោគ​របស់​សហ​គម​ន៍​អឺរ៉ុប​ក្នុងប្រទេស​ចំនួន​២៨ ប៉ុន្តែ​ទោះជា​យ៉ាងណា​អង្ករ​កម្ពុជា​នៅតែ​ពិនិត្យមើល​អំពី​ទីផ្សារ​ផ្សេងទៀត ដូចជា​ប្រទេស​ចិន​ជាដើម​។

​លោក ឡុង កែម​វិចិត្រ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​នៅតែ​អះអាងថា ទោះបីជា​មានការ​យកពន្ធ​អង្ករ​ពី​កម្ពុជា​ក្តី គឺ​យើង​ឈរ​នៅតែ​លើ​គោលការណ៍​ឯករាជ្យ គឺ​ការពង្រឹង​​​ឯករាជ្យភាព​ជាតិ អធិបតីភាព​ជាតិ​ក្នុងនាម​ពាណិជ្ជកម្ម​យើង​នឹង​លែង​សុំ​ឬ​តវ៉ា​អ្វី​ទៀត​ទេ ប៉ុន្តែ​តំបន់​ពាណិជ្ជកម្ម​ស៊េរី​ក៏​ខុស​ពីមុន​ដែរ មានន័យថា​អាស៊ាន​បូក​នឹង​ប្រទេស​ចំនួន​០៦​ផ្សេងទៀត រួមមាន​ប្រទេស​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ញ៉ូ​សា​ឡែ​ន និង​ឥណ្ឌា ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​។​

គួររម្លឹកថា កាលពីពេល​ថ្មីៗ​កន្លង​នេះ នៅក្នុង​សំណេរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់ថា ក្រៅពី​ការដោះដូរ​ពាណិជ្ជកម្ម​និង​ការ​នាំចូល​អង្ករ ភាគី​ចិន​សន្យា​ផ្តល់​ជំនួយឥតសំណង​ជិត​៦០០​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​ក្នុង​រយៈពេល​០៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៩ ដល់ ២០២១​។ គ្រា​ដែល​សហគមន៍​អឺរ៉ុប​សម្រេច​ចាប់ផ្តើម​យកពន្ធ​អង្ករ​ពី​កម្ពុជា​ឡើងវិញ ដែល​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ រហូតដល់​ឆ្នាំ​២០២១៕B/