សូម​ក្រឡេក​មក​ទស្សនា ទេសភាព​ធម្មជាតិ​បឹង​ពារាំង ដែល​កំពុង​បង្ហាញ​ពី​សក្តានុពល នៃ​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ​

1029
ចែករម្លែក
  • 15
    Shares

ដោយ​: អង្គរតូច / សៀមរាប​: បឹង​ពារាំង គឺជា​បឹង​ពី​បុរាណកាល​ដ៏​យូរលង់​មកហើយ បឹង​មួយ​នេះ​ក្រៅពី​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ សត្វ​ល្មូ​ន​ច្រើន​ប្រភេទ និង​សត្វ​ស្លាប​ទឹក​ចម្រុះ​រាប់រយ​ប្រភេទ ក៏​នៅមាន​ឈើ​ប្រភេទ​ព្រៃ​លិច​ទឹក​ចម្រុះ ពណ៌​បៃតងខ្ចី​ព័ទ្ធជុំវិញ​បឹង បក់​ស្លឹករ​វិកៗ​រេ​រាំ​តាម​ចង្វាក់​ព្រះពាយ​បោកបក់ ដែល​គយគន់​ពី​ចម្ងាយ ទេសភាព​ដ៏​ស្រស់ត្រកាល​នេះ ហាក់បីដូចជា​កំពុង​បណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹក​អី​យ៉ាង​ចឹ​ង​។​

​ដោយសា​តែ​សក្តានុពល​ដ៏​អស្ចារ្យ​របស់​បឹង​មួយ​នេះ ដែល​ទៅ​ថ្ងៃ​អនាគត អាច​អភិរក្ស​សត្វ​គ្រប់​ប្រភេទ ក៏ដូចជា​ត្រី​មេ​ពូជ ពិសេស​អាច​ស្រូបយក​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​អោយ​ចូលមក​ទស្សនា​បាន ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ បាន​សុំ​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដាក់​ជា​កម្លាំង​ដើម្បី​ការពារ និង​ទប់ស្កាត់​គ្រប់​បទល្មើស រហូត​សុំ​បង្កើតជា​សហគមន៍​មួយ ដែលមាន​ឈ្មោះថា “​សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​”​។​

​បឹង​ធម្មជាតិ​ពារាំង មាន​ទំ​ហ៊ំ​២៥០​ហិកតា គ្រប់​ដណ្តប់​លើ​កោះ​តូចធំ​ចំនួន​១០ មាន​ទីតាំង​ស្ថិតនៅ​ខាងជើង​បឹង​ទន្លេសាប ក្នុង​សង្កាត់​ជ្រាវ មាន​ព្រំប្រទល់​ជាប់​នឹង​សង្កាត់​ចុង​ឃ្នៀ​ស នៃ​ក្រុង​សៀមរាប និង​មាន​ចម្ងាយ​ប្រមាណ​ជា​៨​គីឡូម៉ែត្រ ពី​សង្កាត់​ជ្រាវ និង​១០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​។ សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ និង​បានអនុញ្ញាត​លើក​ស្លាក​សហគមន៍​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ក្រោម​ការគាំទ្រ​សាលាក្រុង​សៀមរាប សាលាខេត្ត​សៀមរាប មន្ទីរ​អង្ក​ភាព​ពាក់​ព​ន្ធ័​ជុំវិញ​ខេត្ត ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​,​ក្រសួងបរិស្ថាន​,​ក្រសួង​ទេសចរ​ណ៏​,​ក្រសួង​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ក្នុង​ឆ្នាំ​២០១៦​។​

​សូម​ទ​ស្សា​នា​ផ្លូវ​ទៅកាន់​បឹង​ពារាំង ផ្លូវ​នេះ​ថ្វី​ត្បិត​ត្រូវ​ឆ្លងកាត់​ភូមិ ក៏ដូចជា​លំនៅដ្ឋាន​ពលរដ្ឋ​មួយផ្នែកធំ ក៏ពិតមែន តែ​ជា​ផ្លូវ​គ្រួស​ក្រហម និង​ផ្លូវ​ដីស​នៅឡើយ​ទេ នៅ​ផ្នែក​ខាងលើ​នៃ​ព្រៃ​លិច​ទឹក​។ ប៉ុន្តែ​ក្នុង​រដូវប្រាំង​នៅ​អម​សងខាង​ផ្លូវ មាន​ទេសភាព​ស្រែ​ស្រូវ លាយឡំ​ជាមួយ​សត្វ​ស្លាប​ទាំង​ហ្វូង ប្រដេញ​ប្រទាក់​គ្នា​គួរអោយ​ចង់​គយគន់​។ ក្រៅពីនោះ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ លើ​គ្នា​ទាំង​ហ្វូង​ទៅ​នេសាទ​ត្រី​បែប​លក្ខណៈ​គ្រួសារ​ជា​រៀងរាល់ថ្ងៃ​ទៀតផង ទាំងនេះ​បង្ហាញអោយឃើញថា ទាំង​សុវត្ថិភាព​សន្តិសុខ ទាំង​ការអភិរក្ស ពិតជា​មានការ​រីកចំរើន​ក្នុង​តំបន់​។ ចំណែកឯ​ផ្លូវ​ចាប់ពី​មាត់ព្រៃ​លិច​ទឹក រហូតដល់​ចំណតទូក​កាណូត ចំពោះ​រដូវវស្សា​ចំណុច​នេះ​ពុំមាន​ផ្លូវ​នោះទេ គឺ​គ្រប់​ដណ្តប់​ដោយ​ទឹកទន្លេ​។​លុះ​រដូវរំហើយ ផ្លូវ​មាន​សភាព​ភក់ជ្រាំ​ដោយ​ប្រភេទ​ដីខ្មៅ ហើយ​រដូវប្រាំង​ថ្វី​ត្បិត​មាន​សភាព​ហុយ​ខ្លាំង​បន្តិច​មែន ប៉ុន្តែ​ក៏មាន​ឈើ​ព្រៃ​លិច​ទឹក​តូចធំ​ណែនណាន់តាន់តាប់ រួមទាំង​សត្វ​ស្លាប​ខ្លះៗ​សម្រាប់ សម្រាប់​ជា​ចំណីភ្នែក​ផងដែរ​។​

​ជួប​សម្ភាសន៍​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី​២៣​ខែមករា​នេះ តំណាង​សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​លោក សុខ សំណាង បាន​បរិយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ស្នើសុំ​បង្កើតជា​សហគមន៍​នេះ គឺ​ដោយសា​បឹង​ពារាំង​ជាម​រតក​ដូនតា ដែល​មិនអាច​ន​ណា​ម្នាក់ ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​នោះឡើយ​។ ម្យ៉ាងវិញទៀត​បឹង​មួយ​នេះ ជា​ជម្រក​សត្វ​ស្លាប​ទឹក និង​ប្រភេទ​សត្វ​ល្មូ​ន ក៏ដូចជា​ជម្រក​ត្រី​មេ​ពូជ​ដ៏​សំខាន់បំផុត​ផងដែរ​។ លើសពីនេះ​បឹង​ពារាំង ក៏​ជា​ទិសដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយទៀត ក្នុងចំណោម​តំបន់​ទេសចរណ៍​ជាច្រើន​ក្នុង​ខេត្តសៀមរាប​។ លោក​បន្តថា ក្រោយពេល​បង្កើតបានជា​សហគមន៍​នៅ​ឆ្នាំ​២០១៦ គឺ​ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់ ចាប់ពី​អំឡុង​ត្រីមាស​ទី​៣​ខែមករា រហូតដល់​ចុងខែ​ឧសភា ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ភ្ញៀវ​បរទេស​ចូលទៅ​ទស្សនា​ក្នុង​១​នាក់​តម្លៃ​សំបុត្រ​១០​ដុល្លារ និង​កាណូត​១​គ្រឿង​១៥​ដុល្លារ​សម្រាប់​ជិះ​គ្នា​៤​នាក់​។ ប៉ុន្តែ​ការចូល​ទស្សនា​បឹង​នេះ​សម្រាប់​ភ្ញៀវ​ជាតិ មិនត្រូវ​បាន​លក់​សំបុត្រ​នោះទេ រួមទាំង​អនុញាតិ​អោយ​យក​ម្ហូបអាហារ​ទៅ​ពិសារ​នៅ​ទីនោះ​ផងដែរ ដោយ​គ្រាន់តែ​ចំណាយ​៤​ម៉ឺន​រៀល​សម្រាប់​ជិះ​កាណូត​កំសាន្ត​។ ចំពោះ​ភ្ញៀវ ទាំង​ជាតិ​និង​អន្តរជាតិ យើង​សង្កេតឃើញថា រាល់​ការ​ទស្សនា​បឹង​ពារាំង ពួកគេ​សុទ្ធសឹង​ផ្តោតទៅលើ​សត្វ​ស្លាប​ទឹក និង​ធម្មជាតិ​ព្រៃ​នៅ​ទីនោះ​។ ថ្វី​ត្បិត​រដូវ​ទស្សនា​ក្នុង​ឆ្នាំ​នីមួយៗ មាន​ភ្ញៀវ​ជាតិ​ដល់​ទៅពាន់​នាក់ ហើយ​ភ្ញៀវ​អន្តរជាតិ​ត្រឹមតែ​រយ​នាក់ ប៉ុន្តែ​ភ្ញៀវ​អន្តរជាតិ​ភាគច្រើន ជា​ជនជាតិ​អឹ​រ៉ុ​ប​។ លោក​បន្តថា ដោយ​ភ្ញៀវ​បរទេស​មាន​ចំនួន​តិច ក៏​ព្រោះតែ​ខាង​សហគម​ន៏​មិនទាន់បាន​លើក​ស្លាក​បង្ហាញ​ទីតាំង​ពី​តំបន់​ទេសចរ​ណ៏​នេះ​អោយបាន​ធំ នៅ​ទីប្រជុំជន​។ ចឹ​ង​ទេ​ខាង​លោក​កំពុង​សុំ​គោល​ការ ដើម្បី​លើកស្លា​កនៅ​ចំណុច​ណាមួយ ដើម្បី​បង្ហាញ​ដល់​អ្នកទេសចរ​ណ៏ អោយបាន​ដឹង​និង​បាន​ចូលទៅ​ទស្សនា​ច្រើន​ថែមទៀត​។​

​ចំណែក​លោក គង់ មង្គល ប្រធាន​សមាគម​ទេសច​រណ៍​ធម្មជាតិ​បឹង​ពារាំង បានអោយដឹងថា សត្វ​ស្លាប​ដែល​បាន​អភិរក្ស នៅក្នុង​បឹង​ពារាំង រយៈពេល​ប្រមាណ​៤​ឆ្នាំ​កន្លងមកនេះ មានការ​កើនឡើង​រាប់រយ​ប្រភេទ ដោយសារ​ពួកវា​មករក​ចំណី​នៅក្នុង​បឹង​នោះ ស្រប​ពេលដែល​ទឹកបាន​ស្រក​រក​ចុះ នឹងមាន​ក្រុម​អ្នកការពារ​យ៉ាង​តឹងតែង​។ កាលពី​ឆ្នាំ​២០១៥ អង្គការ​ការពារ​សត្វ អូស​ស្មូ បាន​រកឃើញថា មាន​សត្វ​ស្លាប​នៅ​បឹង​ពារាំង​នោះ មានតែ​ជាង​មួយរយ​ប្រភេទ​ប៉ុណ្ណោះ ប៉ុន្ដែ​សម្រាប់​ឆ្នាំ​២០១៩​នេះ បាន​កើនឡើង​ប្រមាណ​៣​ទៅ​៤​រយ​ប្រភេទ ខណៈដែល​ព្រៃ​លិច​ទឹក​ក៍​កំពុង​រក្សាបាន​ល្អប្រសើរ​នៅក្នុង​តំប​នើ​នេះ​។ លោក បន្ថែមថា សត្វ​ស្លាប់​ដែល​សំបូរបែប​នៅក្នុង​បឹង​ពារាំង​នោះ រួមមាន សត្វ​ននៀល​ពណ៌ សត្វ​ទង់ សត្វ​ប្រ​វ៉ឹ​ក ទាព្រៃ ។​ល​។ តំបន់​បឹង​ពារាំង​នោះ​មាន​សក្ដានុពល​ទេសចរណ៍​បន្ទាប់ពី​រម​ណី​យ​ដ្ឋា​ន​អង្គរ ដោយ​គ្រាន់តែ​ខុស គ្នា​ត្រង់​មួយ​ជា​តំបន់​ប្រាសាទបុរាណ ចំណែកឯ​បឹង​ពារាំង​ជាំ​តប់​ព្រៃ​លិច​ទឹក និង​មាន​សត្វ​ស្លាប​។​

​លោក​គង់ មង្គល បញ្ជាក់ថា ក្រៅពី​សត្វ ព្រៃ​លិច​ទឹក យើង​ក៏បាន​ថែរក្សា​ត្រី​មេ​ពូជ​រាប់សិប​តោន​ទៀត ហើយ​ត្រី​ខ្លះ​ក្នុង​១​ក្បាល់មាន​ទម្ងន់​ពី​៨ រហូត​១២​គីឡូក្រាម​ទៀយ​ផង​។ ត្រី​ទាំងនោះ​តែង​បង្ហាញខ្លួន​នាពេល​រសៀល តាមរយៈ​លោត​ប្រលែង​ជាមួយ​រលក​ទឹក ពេល​បើកកាណូត​នាំ​ភ្ញៀវ​ទស្សនា​ផ្ទៃ​ទឹក​និង​សត្វ​ស្លាប​។ ប៉ុន្តែ​ខាង​លោក​ក៏​នៅមាន​ការ​ព្រួយ​បារ​ម្ម​ណ៏​ពីរ​ចំណុច​ផងដែរ ដែល​ទី​១​បារ​ម្ម​ណ៏​ខ្លាចក្រែង​រដូវប្រាំង​ណាមួយ ដែល​ក្តៅ​ហួតហែង​ធ្វើអោយ​ទឹក​បឹង​រីង អាច​ងាប់​ត្រី​មេ​ពូជ និង​ផ្តាច់ជីវិត​សត្វ​ស្លាប់​ទាំងនោះ​ទៀត​។ ឯ​ទី​២ បារ​ម្ម​ណ៏​អំពី​ផ្លូវ​ចូលទៅ​កាន់​បឹង បើ​ផ្លូវ​នៅតែមាន​សភាព​ហុយ​ខ្លាំង និង​ជង្ហុក​ជ្រៅៗ​បែបនេះ អាចធ្វើអោយ​ភ្ញៀវ​ទាំងអស់ រារែក​អល់ឯក ក្នុងការ​ចូលទៅ​ទស្សនា​តំបន់​នោះ ត្បិត​ខាង​សហគម​ន៏​ពុំទាន់​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ផ្លូវ​។​

​ជាមួយ​ហេតុផល​ទាំងអស់នេះ លោក​គង់ មង្គល ក៏បាន​ស្នើសុំ​ដល់​ក្រុមអ្នកលេង​បណ្តាញ​សង្គម មេត្តា​បញ្ឈប់​សកម្មភាព​បង្ហោះ លក្ខណៈ​ញុះញង់​បង្ខូច​កិត្តិយស បំប៉ោង​ព័​ត៏​មាន​ទៀត​ទៅ ប្រសិនបើ​មិនមាន​ទឹកចិត្ត​ជួយ​ថែរក្សា​អភិរក្ស តំបន់​ទេសចរណ៍ ដ៏​មាន​សក្តានុពល​នេះ​ទេ​៕​