​វត្ត​ព្រះព្រហ្ម​រ័ត្ន​កំពុង​ក្លាយជា​អារាម​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​បរទេស​

834
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​វត្ត​ព្រះព្រហ្ម​រ័ត្ន ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប កំពុង​ក្លាយជា​អារាម​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេចរ​បរទេស ខណៈ​ព្រះ​អនុគណ​ក្រុង​សៀមរាប​គ្រោង​រៀបចំ​វត្ត​ចំនួន​៥​បន្ថែមទៀត​សម្រាប់​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ ។​

​ព្រះ​តេជគុណ ព្រះ​សាសន​ស​ត្ថា កេស​វ​ណ្ណោ តង់ តន ព្រះ​បាឡាត់​គណ​ខេត្តសៀមរាប និង ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះព្រហ្ម​រ័ត្ន​បាន​មាន​សង្ឃដីកា​ថា​វត្ត​ព្រះព្រហ្ម​រ័ត្ន​ជា​អារាម​មាន​វ័យ​ចំណាស់​មួយ​ក្នុងចំណោម​វត្ត​ទាំង​៤១​ក្នុង​ក្រុង​សៀមរាប ហើយ​ក្រៅតែពី​ពិធី​បុណ្យទាន​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា វត្ត​អារាម គឺជា​ឃ្លាំង​រក្សាទុក​នូវ​វប្បធម៌​អក្សរសាស្ត្រ ប្រពៃណី និង វប្បធម៌ ។​

​ព្រះ​តេជគុណ ព្រះ​សាសន​ស​ត្ថា កេស​វ​ណ្ណោ តង់ តន បាន​បញ្ជាក់ថា ជាពិសេស បច្ចុប្បន្ន​វត្ត​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ជាខ្លាំង​ពី​អ្នកទេសចរ​បរទេស​ដែល​ក្នុង​មួយថ្ងៃៗ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់រយ​នាក់មក​ទស្សនា​ក្នុង​វត្ត​នេះ​។​ព្រះអង្គ​មាន​សង្ឃដីកា​ទៀតថា​កត្តា​ដែល​ភ្ញៀវ​ចូលចិត្ត​មក​ទស្សនា​ក្នុង​វត្ត​នេះ​គឺ​ដោយសារ​បរិយាកាស​សោភ័ណភាព​និង​បរិស្ថាន​ស្អាត​គួបផ្សំ​ជាមួយនឹង​វត្តមាន​ផ្ទាំងគំនូរ និង​ផ្ទាំង​ចម្លាក់ ដែល​ពាក់​ព័​ន្ឋ​ទៅនឹង​ពុ​ទ្ឋ​ប្បវត្តិ ប្រកបទៅដោយ​ក្បូរក្បាច់​រចនា​រស់​រវើក ។​

មាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ល្អ ដែល​កើតឡើង​ដោយសារ​បានការ​យកចិត្ត​ទុកដាក់ ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ជួយ​គាំពារ​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ចៀសវាង​ជនខិលខូច​ចូលមក​រំខាន​ដល់​អ្នក​ទេសចរណ៍ ។​

​ព្រះគ្រូ​ប្រាសាទ​រង្សី សាសន​ធ​រោ ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប មាន​សង្ឃដីកា​ថា ចំពោះ​សោភ័ណភាព​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​វត្ត​ព្រះព្រហ្ម​រ័ត្ន​នេះ ដោយសារ​ជាវ​ត្ត​គំរូ ឆ្លើយតបបាន​ទៅនឹង​សូចនាករ​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ជំរុញ​វត្ត​អារាម​ទៅជា​គោលដៅ​ទេសចរណ៍ ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។​

​ព្រះ​អនុគណ​ក្រុង​សៀមរាប​មាន​សង្ឃដីកា​បន្តថា​បច្ចុប្បន្ន​សាលា​អនុគណ​ក្រុង​កំពុង​ពិនិត្យ​និង​ជំរុញ​វត្ត​ចំនួន​៥​ក្នុង​ក្រុង​សៀមរាប រួមមាន : វត្ត ដំណាក់ , វត្ត​រាជ​បូព៌ , វត្ត​បារាយ​មហានទី​រតនា​រាម ហៅ​ស្វាយ​រមៀត , វត្ត​កេស​រា​រាម និង វត្ត​ពោធិ​វង្ស​ហៅ​វត្ត​ថ្មី​ព្រមទាំង​វត្ត​មួយចំនួនទៀត​នៅក្នុង​តំបន់​អង្គរ ឱ្យក្លាយ​ទៅជា​វត្ត​គំរូ​ទាក់ទាញ​អ្នកទេសចរ​និង​ដើម្បី​ចូលរួម​ជាមួយនឹង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​របស់​ក្រសួងទេសចរណ៍​ផងដែរ ៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ