អាមេរិក​សន្យា​កៀងគរ​ធុរជន​អាមេរិក​កាន់តែច្រើនឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា

960
ចែករម្លែក

ដោយ:ពៅ និមល​/​ភ្នំពេញ​:​នៅក្នុង​ជំនួប​ការងារ​កាលពី​កន្លងទៅនេះ​នៅ​ទីស្តីការ ក្រសួង​ពាណិជ្ជកម្ម ភាគី​សហរដ្ឋ​អាម៉េរិក​បាន​សន្យា​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា​ទៅកាន់​តំបន់​របស់ខ្លួន ដើម្បី​កៀងគរ​ធុរជន​អាមេរិក​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅក្នុង​ប្រទេស​កម្ពុជា សំដៅ​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច និង​កាត់ បន្ថយ​ភាពក្រីក្រ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។​

​ប្រភព​ទទួលបាន​ពី​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ការងារ រវាង​លោក ណ័​រ​មេន អា​រី​កា​វ៉ា (Norman Arikawa) ជំនួយការ​នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ប្រចាំ​តំបន់​កំពង់ផែ ឡូ​ស​អែន​ជឺ​លេស (Los Angeles) សហរដ្ឋ​អាម៉េរិក លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ពន្យល់​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​និង​កម្មន្តសាល ដែល​វិនិយោគិន​បរទេស​អាច​ទាញយក​ប្រាក់ចំណេញ​ខ្ពស់​ពី​ការកែច្នៃ​វត្ថុធាតុដើម​ទៅជា​ទំនិញប្រើប្រាស់ និង​នាំចេញ​ទៅកាន់​ប្រទេស​ទី​បី​។

លោក​បាន​ជម្រាប​ដល់​ភាគី​ជំនួប​ថា កម្ពុជា​សម្បូរ​ទៅដោយ​ភោគផល​ជាច្រើន ដូចជា​ស្រូវ និង​ដំឡូង​មី ប៉ុន្តែ​កម្ពុជា​ត្រូវការ​វិនិយោគិន ជួយ​កែច្នៃ​កសិផល​ទាំងនេះ ទៅជា​ទំនិញប្រើប្រាស់​និង​ផលិតផល​សម្រេច​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ទាក់ទាញ​វិនិយោគិន តាមរយៈ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​, ការដាក់ចេញ​នូវ​គោលនយោបាយ​វិនិយោគ និង​បើកចំហរ​ល្អ​ជាងគេ​នៅក្នុង​តំបន់ រួមជាមួយ​ការបន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដូចជា​ព្រលានយន្តហោះ កំពង់ផែ​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក ដើម្បី​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាដើម​។​

ឆ្លើយតប​ក្នុងជំនួប​នោះ ភាគី​អាម៉េរិក​បាន​សម្តែង​ក្តីរំភើប​ចំពោះ​វឌ្ឍនភាព និង​កំណើន សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា និង​ថ្លែងអំណរគុណ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ដែល​បាន​ពន្យល់​ពី​គោល នយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ​ទាក់ទិន​នឹង​ឱកាស​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម