ស្ត្រី​ទី​១​នៃ​កម្ពុជា យកចិត្ត​ដាក់​ចំពោះ​អតីត​តំបន់​សង្គ្រាម​

1211
ចែករម្លែក

ចាស់ជរា​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ជាង​ប្រាំ​ពាន់​គ្រួសា​នៅ​ខេត្ត​ប៉ៃលិន បានទទួល​អំណោយ​មនុស្សធម៌​ពីស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​បេសកកម្ម​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្តេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​ស្ត្រី​ទី​១​កម្ពុជា នៅ​ខេត្ត​ប៉ៃលិន ពីថ្ងៃ​ទី​២៣ និង​២៤​ខែមករា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​សរុប​ទទួលបាន អំណោយ​ចំនួន ៥០៧៧​គ្រួសារ​។

​ក្រៅពី​ជំនួយ​មនុស្សធម៌​ជា​គ្រឿង​ឧបភោគបរិភោគ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ផ្តល់ជូន ជាពិសេស​នូវ​រទេះរុញ​ប្រមាណ ១០០​គ្រឿង បាន​ត្រូវ​ចែកជូន​ជនពិការ​ផងដែរ​។ នេះ​ជាការ​ចុះ សួរសុខទុក្ខ និង​ចែក​អំណោយ​លើក​ទី​៤ នៅ​ខេត្ត​ប៉ៃលិន របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៩ លើក​ទី​២ ឆ្នាំ​២០១០ និង​លើក​ទី​៣ ឆ្នាំ​២០១៣ ។​

​ក្រៅពី​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​លើកឡើងថា សម្តេច​សប្បាយរីករាយ​ណាស់ ដែល​បាន​ជួប​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់​។ អំណោយ ទាំងនេះ ទោះ​តិចក្តី​ច្រើនក្តី តែ​នេះ​ជា​ការជួយ​ចូលរួម​ស​ម្រូ​ល​ការលំបាក​របស់​ប្រជាពលរដ្ឋ បាន​មួយចំណែក​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទន្ទឹមនេះ សម្តេច​ក៏​អំពាវនាវ​ខិតខំ​ដាំ​ដំណាំ​ផ្សេងៗ​ទៀត ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន បាន​មានប្រសាសន៍​អំពាវ​ដល់​បងប្អូន​ប្រជាជន ពិសេស​យុវជន ១-​សូមកុំ​ប៉ះពាល់​នូវ​គ្រឿងញៀន​ឱ្យសោះ ដែលជា​មូលហេតុ​នាំ​បង្កឱ្យមាន អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ កាប់សម្លាប់​ឪពុកម្តាយ និង​ធ្វើឱ្យ​បាត់បង់​កិត្តិយស​គ្រួសារ នៅក្នុង​សង្គម​។ ២-​ជៀសវាង​ឱ្យបាន​ដាច់ខាត នូវ​ការដែល​នាំឱ្យ​ឆ្លង​មេរោគ​អេដស៍ ដល់​ខ្លួន ឬ​បន្ត​ចម្លង​ទៅ​អ្នកដទៃ និង​ក្រុមគ្រួសារ​។ ដោយឡែក​ចំពោះ​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ សូម​ទៅពិនិត្យ​សុខភាព និង​លេបថ្នាំ​ពន្យា​ជីវិត​ឱ្យបាន​ទៀត​ទាត់​ទៅតាម​ការកំណត់រ​បស់​គ្រូ ពេទ្យ​។ ៣- ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដោយ​ត្រូវមាន​អនាម័យ​ក្នុង​ការរស់នៅ​ពិសេស​ត្រូវ បរិភោគ​ទឹកស្អាត និង​ទឹក​ឆ្អិន​ដើម្បី​ជៀសវាង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ដែល​ធ្វើឱ្យប៉ះពាល់​សេដ្ឋកិច្ច គ្រួសារ​។ ៤- សូមឱ្យ​ពុក​ម៉ែ បងប្អូន​ជា​អាណាព្យាបាល អប់រំ ណែនាំ​កូនចៅ​ចូលរួម​គោរព ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​នូវ​អត្រា​ស្លាប់ និង​ពិការភាព ដោយសារ​គ្រោះ ថ្នាក់​ចរាចរណ៍ ដែល​នេះ នៅតែ​ជា​បញ្ហា​ប្រឈម​របស់​យើងទាំងអស់គ្នា​។ គ្រោះថ្នាក់​ចរាចរ​ក្នុង មួយថ្ងៃ​សម្លាប់​មនុស្ស ៥​នាក់​។ ៥-​ប្រយ័ត្នប្រយែង​អគ្គិភ័យ ដែលនាំឱ្យ​អន្តរាយ​ដល់​អាយុជីវិត ទ្រ​ព​សម្បត្តិ ព្រោះ​រដូវ​នេះ ជា​រដូវ​រាំងស្ងួត និង​៦-​សូម​ស្ត្រី​មាន​ផ្ទៃពោះ សូម​អញ្ជើញ​ទៅពិនិត្យ សុខភាព​ឱ្យបាន​ទៀងទាត់ តាម​ការកំណត់​របស់​ពេទ្យ និង​ត្រូវ​ទៅ​សម្រាលកូន​នៅ​មណ្ឌល សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ ដែលមាន​ពេទ្យឆ្មប​ជំនាញ​។​

​វត្តមាន​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​ភរិយា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទឹកដី​ប៉ៃលិន ជា​លើក​ទី​៤ នៅពេលនេះ គឺជា​ការយកចិត្តទុកដាក់ ចំពោះ​តំបន់​អតីត​សង្គ្រាម ដែល​ខ្មែរក្រហម កាន់កាប់ ក្រោយ​ដួល​រំលំ​របប​ខ្មែរក្រហម កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ខ្មែរក្រហម បាន​បន្តកាន់កាប់​នៅ​ប៉ៃលិន ជាប់​ព្រំដែន​ថៃ រហូត​ដល់ពេល​សមាហរណកម្ម​ទាំងស្រុង នៅ​ឆ្នាំ​១៩៩៨-១៩៩៩​។​

​នៅ​ប៉ៃលិន ជា​ទឹកដី​ត្បូង​ពេជ្រ​របស់​កម្ពុជា ជា​អតីត​សមរភូមិ​សង្គ្រាម​ដ៏​ក្តៅគគុក​រវាង​កងទ័ព ខ្មែរក្រហម និង​កងកម្លាំង​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ មុនពេល​ខ្មែរក្រហម នៅ​ប៉ៃលិន ដឹកនាំ​ដោយ​លោក អ៊ី​ឈាន អៀង​សារី​វិល​ត្រលប់មក​រួមរស់ ជាមួយ​រាជរដ្ឋាភិបាល គឺ​ថ្ងៃ​ណា ក៏​ជា​ថ្ងៃ​វាយ​ប្រយុទ្ធ​គ្នា បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ទាំង​ទាហាន និង​ទាំង​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អង្គ​ការចាត់​តាំងរបស់​ខ្មែរក្រហម​ទាំងមូល និយាយ​ជារួម និង​និយាយ​ដោយឡែក នៅ​ប៉ៃលិន​ដែល បាន​ផ្តាច់ខ្លួន​មុនគេ ត្រូវបាន​បញ្ចូល​ជា​កងកម្លាំង​តែមួយ ក្នុងនាម​រាជរដ្ឋាភិបាល​ក្រោម​ដំបូល រដ្ឋធម្មនុញ្ញ ហើយ​លែងមាន​ខ្មែរក្រហម​តទៅទៀត​។​

​ប្រជាពលរដ្ឋ ជា​អតីត​អ្នក​រួមរស់​ជាមួយ​កងទ័ព​ខ្មែរក្រហម នៅពេលនេះ បានរួម​រស់ ប្រក​បរបរ នៅលើ​ដី​កម្មសិទ្ធិ​របស់ខ្លួន បង្កបង្កើនផល និង​រក​ទទួលទាន ទាំង​ជន​ចំណូល​ថ្មី ក្រោម​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ លើ​ទឹកដី​ត្បូង​ពេជ្រ ប៉ៃលិន​របស់​កម្ពុជា​។​

​ប៉ុន្តែ​សង្គ្រាម​ជាច្រើន​ឆ្នាំ​រវាង​ខ្មែរ និង​ខ្មែរ នៅ​តំបន់​អតីត​ខ្មែរក្រហម​កាន់កាប់ ដូចជា នៅ​ម៉ាឡៃ ខេត្តបាត់ដំបង នៅ​ប៉ៃលិន នៅ​បន្ទាយមានជ័យ បន្ត​រហូតដល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ព្រំដែន​ថៃ បាន​បន្សល់​នូវ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​បាន​បង្ក​វិនាស​សកម្ម គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ របួស និង​ស្លាប់ ហើយ​ខ្លះ​ត្រូវ​ពិការ ដោយសារតែ​មីន និង​គ្រាប់​មិនទាន់ ផ្ទុះ​ទាំងនោះ​។​

​ចំពោះមុខ​សោកនាដកម្ម​នេះ រាជរដ្ឋាភិបាល ក៏ដូចជា កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ របស់​ស្ត្រី​ទី​១​កម្ពុជា គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែ​យកចិត្តទុកដាក់​ដល់ បងប្អូន​មាន​ពិការភាព ពិសេស​នៅពេលនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​នាំនូវ​រទេះរុញ ១០០ គ្រឿង​បន្ថែមទៀត សម្រាប់​ជនពិការ​មាន​ភាព ដោយសារតែ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​អតីត តំបន់​សង្គ្រាម​ទាំងនោះ​។​

​មិនមែន​តែ​នៅ​ប៉ៃលិន​មួយ​ទេ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងនាម​ជា​ស្ត្រី ទី​១​កម្ពុជា និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់ ជួយផ្តល់​អំណោយ​ឧបត្ថម្ភ និង​សង្គ្រោះ គឺ​នៅ​គ្រប់​ទីកន្លែង ដែលមាន​ការលំបាក កាកបាទក្រហមកម្ពុជា ពិសេស​សាខា កាកបាទក្រហម​នៅតាម​រាជធានី​ខេត្ត តែងតែ​ចុះ​ជួប និង​ផ្តល់ជំនួយ​សង្គ្រោះ​ជានិច្ច​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងនាម​កាកបាទក្រហម​កម្ពុជា តែងតែ​យក​ចិ​ត្ដ​ទុកដាក់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដោយ​ក្តីមេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក​ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​កន្លែង​ណា មានទុក្ខ​លំបាក គឺមាន​កាកបាទក្រហម​កម្ពុជា​៕ ដោយ​: ម៉េង​ឆៃ​