រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន នៃ​សហព័ន្ធ​រុស្សី មក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

496
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន នៃ​សហព័ន្ធរុស្ស៊ី គឺ​លោក Dmitry Kobylkin បានមក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រួមមាន​ប្រាសាទបាយ័ន , ព្រលាន​ជល់​ដំរី , ប្រាសាទតាព្រហ្ម , ស្រះស្រង់ , ទំនប់​បារាំង , អាង​បារាយណ៍ទឹកថ្លា និង​ប្រាសាទអង្គរវត្ត ដែល​អមដំណើរ​ដោយ​លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ និង​ជា​តំណាង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។​

លោក Dmitry Kobylkin បាន​បញ្ជាក់ថា រូបលោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ការពារ និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ធម្មជាតិ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​តំបន់​អង្គរ ពិសេស​លោក​បាន​កោតសរសើ​រ និង ស្ញប់ស្ញែង​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ប្រព័ន្ធគ្រប់គ្រង​ទឹកបាន​ល្អ​តាំងពី​សតវត្ស​ទី​១១ រហូតដល់​សព្វថ្ងៃ​។​

សូមបញ្ជាក់ថា ទស្សនកិច្ច​របស់ លោក Dmitry Kobylkin នៅ​តំបន់​អង្គរ ខេត្តសៀមរាប រៀបចំឡើង​បន្ទាប់ពី​លោក​បាន​អញ្ជើញ​ចូលរួម​ជា​សហប្រធាន​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​កាបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​កិច្ចប្រជុំ​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស នៅ​រាជធានី​ភ្នំពេញ ដែល​បានបញ្ចប់​ដោយ​ផ្លែផ្កា​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ដោយបាន​ពិនិត្យ និង​ពិភាក្សា​លើ​ការវិវឌ្ឍ​ដែល​សម្រេចបាន​ពី​សម័យប្រជុំ​លើក​ទី​១០ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​កន្ល​ទៅ ព្រមទាំង​បានកំណត់​នូវ​មាគ៌ា​ថ្មី​សម្រាប់​សកម្មភាព​ជាក់លាក់ ដើម្បី​លើក​កំពស់​ភាពជា​ដៃគូ និង​ការប្រើប្រាស់​សក្តានុពល​ស​ម្រា​ប់​វិស័យ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​។​

ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះដែរ ភាគី​ទាំង​២ ក៏បាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​រលើ​ការ​សហប្រតិបត្តិ​លើ​គម្រោង​ជួសជុល និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទព្រះវិហារ​ផងដែរ​។ ក្នុង​ដំណើរ​ទស្សន​:​កិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ លោក Dmitry Kobylkin រដ្ឋមន្ត្រី​បរិស្ថាន​នៃ​ប្រទេស​រុស្សី បានទទួល​ការអនុញ្ញាត​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ទាប់មក​ជួបពិភាក្សា​ការងារ​ជាមួយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​បរិស្ថាន រវាង​ប្រទេស​ទាំ​ពីរ​កម្ពុជា​-​រុស្ស៊ី ៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ