លោក​ត្រាំ​នឹង​ជួប​ឧបនាយករដ្ឋមន្ត្រី​ចិន​ក្នុង​ការចរចា​ផ្នែក​ពាណិជ្ជកម្ម​

539
ចែករម្លែក

​រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អាមេរិក​លោក​ស្តេ​ហ្វិ​ន អេ​ម​ញូ​ជីន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មករា​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​បេសកជន​ពាណិជ្ជកម្ម​របស់​ចិន​នៅ​សប្តាហ៍​នេះ​ក្នុងអំឡុង​កិច្ចចរចា​មួយ​ក្នុង​គោលបំណង​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក​លីវ ហឺ (Liu He) នឹង​ដឹកនាំ​ក្រុម​គណៈប្រតិភូ​ចំនួន ៣០ នាក់​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ធ្វើការ​ចរចា​គ្នា​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​ខណៈដែល​សម្ពាធ​កំពុង​កើន​ឡើងលើ​ភាគី​ទាំងពីរ​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន​គឺ​នៅសល់​ពេល​មួយខែ​ទៀត​នៅក្នុង​ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​បណ្តោះអាសន្ន ដែល​បានប្រកាស​កាលពី​ខែធ្នូ មុនពេល​ពន្ធ​របស់​អា​មេ​រិ​កលើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​គ្រោង​នឹង​កើនឡើង​យ៉ាងខ្លាំង​។ ពួក​សេដ្ឋវិទូ​និយាយថា កិច្ចចរចា​នេះ​អាច​នឹង​ជួយ​បណ្តេញ​ខ្យល់ព្យុះ​ចេញពី​សេដ្ឋកិច្ច​សកលលោក​ដែល​កំពុង​ធ្លាក់ចុះ​ស្រាប់​។​

​លោក​អេ​ម​ញូ​ជីន​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា លោក​រំពឹងថា​នឹងមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​នៅក្នុង​កិច្ចចរចា​ទាំងនេះ​។ លោក​នឹងចូលរួម​ក្នុង​កិច្ចចរចា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ (Robert Lighthizer) និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក​វី​ល​បួ រ៉ូ​ស (Wilbur Ross) ក្នុងចំណោម​អ្នកដទៃ​ទៀត​។​

​ខណៈដែល​លោក​ត្រាំ​បានធ្វើឱ្យ​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៣៣៦ ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន​ក្លាយជា​ការផ្តោត​សំខាន់​នៃ​កំហឹង​របស់គាត់ ក្រុមមន្ត្រី​អាមេរិក​ក៏​ទាមទារ​ឱ្យមាន​កំណែទម្រង់​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​ឧស្សាហកម្ម​ចិន​ផងដែរ​ដើម្បី​ទប់ស្កាត់​ការ​លួច​យកចំណេះ​ធ្វើ​ផ្នែក​បច្ចេកវិជ្ជា​របស់​អាមេរិក​និង​ការធ្វើអន្តរាគមន៍​ដ៏​ធំ​របស់​រដ្ឋ​ទៅលើ​ទីផ្សារ​ទំនិញ​។​

​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​នៅលើ​ពិភពលោក​នេះ​កាលពី​ឆ្នាំមុន​បាន​ដំឡើង​ពន្ធ​ទៅវិញទៅមក​លើ​ទំនិញ​តម្លៃ​ជាង ៣៦០ ពាន់​លាន​ដុល្លារ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​។ អត្រាពន្ធ​របស់​អាមេរិក​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​គ្រោង​នឹង​កើន​ឡើងដល់ ២៥ ភាគរយ​ពី​អត្រា ១០ ភាគរយ​នៅ​ថ្ងៃទី ២ ខែមីនា លុះត្រាតែ​លោក​ត្រាំ​ធ្វើការ​សម្រេចចិត្ត​ផ្ទុយ​ពីនេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​នឹង​ជួប​ជាមួយ​លោក​លីវ ហឺ​នៅ​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​ដើម្បី​ចរចា​ខាង​ពាណិជ្ជកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម