ចិន​ប្រាប់​អាមេរិក​អោយ​ឈប់​បង្ក្រាប​លើ​ហួ​វេ​ដោយ​គ្មាន​ហេតុផល​

819
ចែករម្លែក

​រដ្ឋាភិបាល​ចិន កាលពី​ថ្ងៃ​អង្គារ​ទី​២៩​មករា បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អោយ​ឈប់​«​បង្ក្រាប​គ្មាន​ហេតុផល​»​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហួ​វេ​(Huawei)​របស់​​ចិន ក្រោយ​អាមេរិក​ធ្វើការ​ចោទប្រកាន់​ផ្លូវការ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​នេះ​ពីបទ​លួច​បច្ចេកវិទ្យា​និង​រំលោភ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​ចិន​ត្រូវបាន​អាន​ក្នុង​ទូរទស្សន៍​រដ្ឋ​ថា​«​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ការពារ​បណ្តា​ក្រុមហ៊ុន​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​»​។​សេចក្តី​ថ្លែង​ការ​​ណ៍​មិនបាន​បញ្ជាក់​ទេ​ថា​តើ ពេលណា​ចិន​អាច​សងសឹក​ចំពោះ​ការចោទប្រកាន់​លើ​Huawei ដែលជា​ម៉ាក​បច្ចេកវិទ្យា​សកល​លើកដំបូង​របស់​ចិន និង​ជា​ក្រុមហ៊ុន​ផលិត​​គ្រឿងផ្សំ​ណិ​ត​វឺ​ក​ធំ​បំផុត ដែល​គេ​យកទៅ​ប្រើ​ក្នុង​ទូរស័ព្ទ​និង​បណ្តា​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត​។​

​ក្រុមហ៊ុន​Huawei Technologies Ltd. បាន​បដិសេធថា​ខ្លួន​មិនបាន​រំលោភ​អ្វីមួយ​ទេ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​។​ក្រសួងការបរទេស​ចិន​បានលើកឡើង​​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​«​កេណ្ឌ​អំណាច​រដ្ឋ​»​ដើម្បី​ធ្វើអោយប៉ះពាល់​ដល់​ក្រុមហ៊ុន​ចិន «​ក្នុងការ​ប៉ុនប៉ង​មួ​លក​ខ្ទប់​ច្រមុះ ប្រតិបត្តិការ​ត្រឹមត្រូវ​និង​យុត្តិធម៌​»​ដើម្បី​​ហេតុផល​នយោបាយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​បាន​និយាយថា​« យើង​សូម​ទទូច​អោយ​អាមេរិក​ឈប់​បង្ក្រាប​ដោយ​គ្មាន​ហេតុផល​លើ​បណ្តា​ក្រុមហ៊ុន​ចិន រួមទាំង​Huawei​។​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​នឹង​ការពារ​«​សិទ្ធិ​ស្របច្បាប់​និង​ផលប្រយោជន៍​របស់​បណ្តា​ក្រុមហ៊ុន​ចិន​» ។​

​ការចោទប្រកាន់​កាលពី​ថ្ងៃ​ចន្ទ អះអាងថា​Huawei​ព្យាយាម​យក​ផ្នែក​នៃ​មនុស្ស​យន្ត​និង​លួច​បច្ចេកវិទ្យា​ផ្សេងទៀត​ពី​កន្លែង​ពិសោធន៍​T-Mobile​ដែល​ប្រើ​សំរាប់​សាកល្បង​​ស្មា​ត​ហ្វូ​ន​។​

ស្ត្រី ចុច​ស្មា​ត​ហ្វូ​ន​នៅពេល​ដើរកាត់​ហាង Huawei​មួយ​នៅ​ក្រុង​ប៉េកាំង

Huawei ក៏​ត្រូវបាន​ចោទប្រកាន់ថា ប្រើ​ក្រុមហ៊ុន​Skycom​នៅ​ហុងកុង​ដើម្បី​ជួញដូរ​ជាមួយ​អ៊ីរ៉ង់ ដែល​វា​រំលោភ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​អ៊ីរ៉ង់​។​តែ​សេចក្តី​​ថ្លែងការណ៍​មួយ​របស់​Huawei​បាន​និយាយថា​«​ក្រុមហ៊ុន​សុំ​បដិសេធថា​ខ្លួន ឬ​សាខា​របស់ខ្លួន​ណាមួយ​បានធ្វើ​អ្វីមួយ​ដែល​រំលោភច្បាប់​អាមេរិក​»​។​

​មិនមាន​ការចោទប្រកាន់​ថា​Huawei​ធ្វើការ​តាម​ការបញ្ជា​របស់​រដ្ឋា​ភិ​បាល​ចិន​ទេ​។​រដ្ឋាភិបាល​អាមេរិក​កាលពីមុន​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន​ថា​ពាក់ព័ន្ធ​ក្នុង​ចារកម្ម​​អ៊ិន​ធឺ​ណិ​ត និង​ចោរកម្ម​លើ​ការសម្ងាត់​ឧស្សាហកម្ម​។​

​ការចោទប្រកាន់​ចុងក្រោយ​នេះ​អាចធ្វើអោយ​ស្រអាប់​លទ្ធផល​នៃ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​ដែល​នឹង​ចាប់ផ្តើម​នៅ​អាមេរិក​នា​ថ្ងៃ​ពុធ​ទី​៣០​មករា​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​ចិន ស៊ី ជីន​ពីង កាលពី​ថ្ងៃ​០១​ធ្នូ​ឆ្នាំមុន បាន​ព្រមព្រៀង​ផ្អាក​សង្គ្រាម​វាយ​ពន្ធ​សងសឹក​គ្នា​រយៈពេល​៣​ខែ​​ដើម្បី​ទុកពេល​អោយ​មន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ចរចា​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​។​បរាជ័យ​នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​នាំ​ដល់​ការយកពន្ធ​លើ​ទំនិញ​ផង​គ្នា​​ច្រើនឡើង​ដែល​នឹង​នាំអោយ​ជ្រួលច្របល់​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​៕ដោយ៖វាសនា

​រដ្ឋអាជ្ញា​អាមេរិក រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​នាយក​FBI កាលពី​ថ្ងៃ​ចន្ទ​ប្រកាស​ការចោទប្រកាន់​ឆបោក​ហិរញ្ញវត្ថុ​១៣​ចំណុច​ប្រឆាំង​Huawei

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ