អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​ណែនាំ​មន្ត្រីក្រោមឱវាទ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម

612
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ​ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ និង​អធិការនគរបាល​ខណ្ឌ​ឫស្សី​កែវ ណែនាំ​អ្នកទទួលបន្ទុក​តាម​ជំនាញ​នីមួយៗ​ព្រមទាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ទាំង​៧ ឲ្យ​យកចិត្តទុកដាក់​តាមដាន​រាល់​សកម្មភាព​ទាំងឡាយ ក្នុង​ការធានា​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ រ​ប្រៀប​រៀបរយ និង​សុវត្ថិភាព​សង្គម​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​អបអរ​សារ​ទរ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន វៀតណាម ចាប់ពីពេលនេះ​តទៅ រហូតដល់​ថ្ងៃ​បញ្ចប់​កម្មវិធី​បុណ្យ ។​

​លោក គល់ យី អធិការ​ខណ្ឌ​ឫស្សី​កែវ​បាន​បញ្ជាក់ថា ក្នុងនាម​សមត្ថកិច្ច​ត្រូវ​បង្ហាញ​វត្តមាន​នៅតាម​គោលដៅ​សំខាន់ៗ ដើម្បី​យកចិត្តទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍ បង្ការ​ភាព​កកស្ទះ និង​បង្កលក្ខណៈ ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​កំសាន្ដ តាម​តំបន់​រមណីយដ្ឋាន​នានា ប្រ​ព្រឹ​ត្ដទៅ​ដោយ​ក្ដីសប្បាយ​រីករាយ និង​សុវត្ថិភាព​។​

​លោក​បន្តថា ជាពិសេស​ត្រូវមាន​សហ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ដែល​ផ្ដើមចេញពី​ការ ប្រើប្រាស់​ទៀនធូប​នៅពេល​សែនព្រេន បង្ក​ជា​ឆ្លង​ចរន្តអគ្គិសនី និង​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​ផ្សេងៗ ជាយថាហេតុ ក្នុងការ​ផ្ដល់ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស ងាយស្រួល​ជួយ​អន្តរាគមន៍​ដោះស្រាយ​សភាពការណ៍​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព នាឱកាស​ចូលឆ្នាំ​ចិន វៀតណាម និង​កូរ៉េ​នេះ​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ