ឆេ​ល​ស៊ី​ពិចារណា​ផ្ទេរ វី​តូ​ឡូ ខណៈ កុន​តេ ចង់បាន​កីឡាករ​ចំណូល​ថ្មី​បន្ថែមទៀត​

1459
ចែករម្លែក

​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) កំពុង​ពិចារណា​ផ្ទេរ​ខ្សែបម្រើ​ស្លាប់ វី​តូ​ឡូ (Vitolo) របស់​ក្លឹប​Sevilla ។​
​ ​
​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​គឺជា​អ្នក​កោតសរសើរ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ ស្របពេល​លោក​កំពុង ស្វះស្វែង​ពង្រឹង​ក្រុម​ជើងឯក​ឆេ​ល​ស៊ី​បន្ថែមទៀត​។​
​ ​
​វី​តូ​ឡូ ដែលមាន​ឈ្មោះ​ពេញ វី​ច​ទ័​រ ម៉ា​ឈី​ន ផេ​រ៉េ​ស (Victor Machin Perez) មាន​កិច្ចសន្យា ទិញ​ផ្តាច់​៣៥​លាន​ផោន​នៅក្នុង​កិច្ចសន្យា ហើយ​ធ្លាប់ លើក​ពាន Europa League បី​លើក​ជាមួយ​ក្លឹប Sevilla ។​
​ ​
​បើទោះបីជា​កីឡាករ​រូបនេះ​ពូកែ​ជើង​ស្តាំ គាត់​លេង​ភាគច្រើន​នៅ​ស្លាប​ឆ្វេង ហើយ​អាចបំពេញ តួនាទី​ដូចជា​ខ្សែប្រយុទ្ធ​ផងដែរ​។​
​ ​
​វត្តមាន​របស់​កីឡាករ​ចំណូល​ថ្មី​រូបនេះ​នឹង​ជួយ​សម្រាល​បន្ទុក​របស់​កីឡាករ​ឆ្នើម អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) នៅ​រដូវ​កាល​ក្រោយ ស្របពេល​ឆេ​ល​ស៊ី​គ្រោង​បន្ថែម​ការងារ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្លឹប Atletico Madrid ក៏​កំពុង​ចាប់អារម្មណ៍​កីឡាករ វី​តូ​ឡូ ផងដែរ ប៉ុន្តែ​ហាក់ដូចជា​ទៅ​មិន​រួច ដោយសារតែ​ជាប់​បម្រាម ដែល​មានន័យថា ពួកគេ​មិនអាច​ផ្ទេរ​កីឡាករ​ថ្មី​រហូតដល់​ថ្ងៃទី​១​ខែមករា​។
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប​ឆេ​ល​ស៊ី​ជិត សម្រេច​កិច្ចព្រមព្រៀង​ខ្សែបម្រើ​ស្លាប អា​ឡិ​ក សាន​ដ្រូ (Alex Sandro) របស់​ក្លឹប Juventus ក្នុងតម្លៃ​៦១​លាន​ផោន ជា​តម្លៃ​ខ្ពស់បំផុត​សម្រាប់​ខ្សែការពារ​ម្នាក់​និង​ជិត​ផ្ទេរ​ខ្សែបម្រើ ធី​ម៉ូ​បា កា​យ៉ូ​កូ (Tiemoue Bakayoko) របស់​ក្លឹប Monaco ក្នុងតម្លៃ​៣៥​លាន​ផោន​។​
​ ​
​លោក កុន​តេ អន្ទះសា​ចង់​ពង្រឹង​ក្រុម​ឲ្យ​បាន​មុនពេល​ក្រុម​របស់លោក​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​នៅ​ខែក្រោយ​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)

ទីតាំងផ្សាយពាណិជ្ជកម្ម