អ្នកលក់​ទុច្ចរិត​តាម​ប្រព័ន្ធ​អន​ឡាញ​នឹង​ថយចុះ ក្រោយ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​ដាក់​ឲ្យ​អនុវត្ត​

695
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: ខណៈ​សេចក្តីព្រាង​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) បាន​កំពុង លើក​យកមក​ពិភាក្សា​នៅក្នុង​កម្រិត​បច្ចេកទេស រវាង​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ត្រូវបាន​រំពឹងទុក​ថា នៅពេល​ច្បាប់​នេះ​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ អ្នកលក់​មិនអាច​បោកប្រាស់​អ្នកទិញ​ដោយ​ប្រការ​ផ្សេងៗ ដូចជា​ទំនិញ​មិន​ដូច​រូបភាព ឬ​ទំនិញ​គ្មាន​គុណភាព​ជាដើម​។​

​លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​ថា សេចក្តីព្រាង​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​ចំនួន​១១​ជំពូក និង​ចែកចេញជា​៥៩​មាត្រា ហើយ​បច្ចុប្បន្នកំពុង​ត្រូវបាន​លើកយក​ទៅ​ពិភាក្សា​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ លោក​បាន​បន្តថា ស្រប​ពេលដែល​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​កាន់តែ​មានកា​រីកលូតលាស់​គ្របដណ្តប់​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​នោះ ប្រតិបត្តិការ​អាជីវក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចជា​ការទិញ​ទំនិញ លក់ទំនិញ ការ​កក់​សេវាកម្ម ការជួញដូរ​ទំនិញ និង​សេវាកម្ម​នានា មាន​សន្ទុះ​កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ហើយ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​នាំមក​នូវ​កាលានុវត្តភាព​អាជីវកម្ម​ថ្មីៗ​យ៉ាងច្រើន សម្រាប់​សហគ្រិន​វ័យក្មេង​នៅក្នុង​ប្រទេស ដើម្បី​ចូលរួម​ពង្រីក​កំណើន​សេដ្ឋកិច្ចជាតិ ក្នុងនោះ​ក៏​ជា​តម្រូវការ​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឬ​ហៅ​កាត់​ថា WTO​។

​អ្នកនាង ស៊ី​វលី អ្នកលក់​ផលិតផល​ខូ​ស្មិ​ច​ទិច (​គ្រឿងសម្អាង​) តាម​បណ្តាញ​សង្គម​នានា (​អន​ឡាញ​) ដែល​នាំចូល​ពី​ប្រទេស​ជប៉ុន​និង​កូរ៉េ បាន​ឲ្យ​ដឹងថា ក្រោយ​ដំណើរ​ការលក់​តាម​ប្រព័ន្ធ​អន​ឡាញ​រយះពេល​០៥​ឆ្នាំ​មកនេះ គឺមាន​ភាពល្អប្រសើរ​ណា​ស់​ជាមួយ​អ្នកទិញ ដោយសារ​រាល់​ទំនិញ​ដែល​ប្រគល់ដល់ដៃ​អតិថិជន សុទ្ធសឹង​តែមាន​គុណភាព​ជាមួយនឹង​តម្លៃ​អាច​ទទួលយកបាន​ទាំងអស់​។​

​អ្នកនាង ដា​ណែ​ត អ្នកលក់​សម្លៀកបំពាក់​នាំចូល​ពី​ប្រទេស​ថៃ យល់ឃើញថា ប្រសិនបើ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​ដាក់​ឲ្យ​អនុវត្ត​ឆាប់ៗ​ខាងមុខ នោះ​នឹងធ្វើ​ឲ្យ​ការលក់​កាន់តែ​ល្អប្រសើរ​ជាង គ្រា​ដែល​ការលក់​សព្វថ្ងៃនេះ​មាន​ភាពលំបាក ព្រោះ​អ្នកលក់​កើនឡើង ហើយ​ទីផ្សារ​ប្រកួតប្រជែង​ក៏​កាន់តែ​យ៉ាប់យឺន ទាំង​តម្លៃ​និង​គុណភាព​ទំនិញ​ព្រោះ​ការយល់ដឹង​របស់​អ្នកលក់​មួយចំនួន​នៅមានកម្រិត​។​
​តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា នៅលើ​ពិភពលោក​នេះ​មាន​ប្រជាជន​ប្រមាណ​ជាង​០៣​ពាន់​លាន​នាក់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​។ ដោយឡែក ប្រទេស​កម្ពុជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ហ្វេ​ស​ប៊ុ​ក មាន​ចំនួន​ជាង​០១​លាន​២​សែន​នាក់ និង​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណែ​ត​សរុប​ប្រមាណ​ជិត​០៣​លាន​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម