​អង្គការ WWF-​កម្ពុជា​: ករណី​បាញ់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បង្ហាញ​ពី​ផលប៉ះពាល់ នៃ​ការកាប់​ឈើ​-​បរបាញ់​សត្វព្រៃ​

953
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយក​អង្គការ WWF-​កម្ពុជា លោក​សេង ទៀក បាន​បញ្ជាក់ថា ឧបទ្ទវហេតុ​ផ្ទុះអាវុធ​រវាង​ក្រុម ឧ​ទ្យា​នុ​រក្ស និង​ក្រុម​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់ នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​កាលពី​ទៀបភ្លឺ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ជា​ឧទាហរណ៍​មួយ​បញ្ជាក់​អំពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​សកម្មភាព​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់​ទៅលើ​ជីវៈចម្រុះ និង​មនុស្ស ហើយ​សកម្មភាព​ខុសច្បាប់​ទាំងនេះ​ត្រូវតែ​បញ្ឈប់​។

​លោក​សៀង ទៀក អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត និង​ចាប់ខ្លួន​ជនល្មើស នាំមក​តុលាការ​។ អង្គការ WWF-​កម្ពុជា នៅតែ​ប្តេជ្ញា​យ៉ាង​មុតមាំ ដើម្បី​សហការ​ណ៍​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ធានាថា ឧ​ទ្យា​នុ​រក្ស​ទទួលបាន​ចំណេះដឹង និង​ជំនាញ​គ្រប់គ្រាន់ ហើយ​អាច​រក្សា​សុវត្ថិភាព​បាន​ក្នុងពេល​បំពេញការងារ ព្រមទាំង​ចូលរួម​គាំទ្រ​ក្នុង​កិច្ចការពារ​កេរ្តិ៍ដំណែល​ធម្មជាតិ​រប​ស់​ប្រទេស​កម្ពុជា​។​

​ចំណែក​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ថ្លែងថា “​ក្រុម​ឧ​ទ្យា​នុ​រក្ស​របស់​យើង​ដើរតួនាទី​សំខាន់​ក្នុងការ​អភិរក្ស​ព្រៃឈើ និង​សត្វ​ព្រៃរបស់​យើង ប៉ុន្តែ​ពួកគាត់​ប្រឈម​ការ​គម្រាមកំហែង​ឥតឈប់ឈរ​ពី​សំណាក់​ជន​បរបាញ់​សត្វព្រៃ និង​កាប់​ព្រៃឈើ​ខុសច្បាប់​។ យើងទាំងអស់គ្នា​ពិតជា​បារម្ភ​ណាស់​ចំពោះ​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង​ថ្មីៗ​នេះ ហើយ​ករណី​ដែល​បានកើត​ឡើង​នេះ កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត ហើយ​ជនល្មើស​នឹងត្រូវ​ចាប់​មក​កាត់ទោស​ក្នុងពេល​ឆាប់ៗ​នេះ​”​។

​លោក​បាន​បន្តថា គ្មានអ្វី​អាច​សង​ចំពោះ​ពលិកម្ម​ដែល​ឧ​ទ្យា​នុ​រក្ស​បាន​លះបង់​ក្នុង​កិច្ចការពារ​ព្រៃឈើ និង​សត្វព្រៃ​បានឡើយ ដូច្នេះហើយ យើង​សូម​សំណូមពរ​រាល់​ដៃគូ​ពាក់ព័ន្ធ​នានា ឱ្យជួយ​គាំទ្រ​ក្នុងការ​ចាត់វិធានការ​បន្ទាន់​នានា​ដើម្បី​ជួយ​សម្រួល​ដល់​ស្ថានភាព​ជីវិត និង​ការងារ​របស់​ឧ​ទ្យា​នុ​រក្ស​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WWF-​កម្ពុជា និង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៣០ ខែមករា បាន​ឲ្យ​ដឹងថា ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៣ ទៀបភ្លឺ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ខណៈដែល​ក្រុម​ឧ​ទ្យា​នុ​រក្ស​ប្រាំមួយ​នាក់ ប្រដាប់​ដោយ​អាវុធ​បី​ដើម កំពុង​ចុះ​ល្បាត​ក្នុងព្រៃ​ដោយ​ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ​ចំនួន​បី​គ្រឿង ក៏បាន​ប្រទះឃើញ​ក្រុម​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់ មាន​គ្នា​ប្រាំមួយ​នាក់​។ បន្ទាប់ពី​ផ្ទុះអាវុធ​មួយ​ប្រាវ​រួចមក ឧ​ទ្យា​នុ​រក្ស​ម្នាក់​ត្រូវបាន​ជនល្មើស​បាញ់​ចំ​ត្រគាក​ខាងឆ្វេង​បណ្តាលឱ្យ​រងរបួស​។ បន្ទាប់មក​ក្រុម​ឧ​ទ្យា​នុ​រក្ស​បានសម្រេច​ចិត្ត​ដកថយ និង​នាំ​ជនរងគ្រោះ​មក​មន្ទីរពេទ្យ​។

​លោក ចេង ច​ន្ធី ដែលជា​ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ ហើយ​សំណាងល្អ​គ្រាប់កាំភ្លើង​មិនបាន​ធ្លាយ​ចូលដល់​ឆ្អឹង​របស់គាត់​ទេ ហើយ​បើតាម​សេចក្តីរាយការណ៍ គាត់​អាច​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល ៤-៥ ថ្ងៃក្រោយ ហើយ​គាត់​អាច​សម្រាក​ព្យាបាល​នៅផ្ទះ​រយៈពេល​ប្រហែល​មួយខែ​ទៀត ទើប​របួស​បានជា​សះស្បើយ​។​

​នៅ​ទូទាំងប្រទេស​កម្ពុជា ឧ​ទ្យា​នុ​រក្ស​ការពារ​សត្វព្រៃ​ចុះ​ល្បាត​ក្នុង​តំបន់​ការពារ​យ៉ាង​មុតមាំ ដើម្បី​អភិរក្ស​កេរ្តិ៍ដំណែល​ធម្មជាតិ​ដ៏​មានតម្លៃ ប្រឆាំងនឹង​ការ​បរបាញ់​សត្វព្រៃ និង​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​។ ពួកគាត់​ដឹង​យ៉ាងច្បាស់​ថា​ការងារ​របស់​ពួកគាត់​ប្រឈម​នឹង​គ្រោះថ្នាក់​បែបណា ប៉ុន្តែ​ពួកគាត់​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បេសកកម្ម​របស់​ពួកគាត់​ក្នុង​កិច្ចការពារ​សត្វព្រៃ និង​ព្រៃឈើ ពី​ជនល្មើស​។​
​ជាមួយគ្នានេះ​អង្គការ WWF-​កម្ពុជា និង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចូលរួម​សម្តែង​សេចក្តី​ទុក្ខសោក​ចំពោះ​លោក ចេង ច​ន្ធី មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន ដែល​ត្រូវបាន​ក្រុម​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់​បាញ់ប្រហារ ខណៈដែល​លោក​កំពុង​ចុះ​ល្បាត​ពេលយប់​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។
​យើងទាំងអស់គ្នា​ពិតជា​មានការ​រន្ធត់​ណាស់ ដោយ​អំពើហិង្សា​នៃ​បទឧក្រិដ្ឋ ដែល​បាន​បង្ក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ដ៏​ក្លាហាន​របស់​យើង ដែល​កំពុង​ចុះ​បំពេញភារកិច្ច និង​បេសកកម្ម​របស់​ពួកគាត់​។ យើងទាំងអស់គ្នា​សូម​ជម្រុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ចាំបាច់ ដើម្បី​នាំ​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ហេតុការណ៍​បែបនេះ កើតមានឡើង​រវាង​ឧ​ទ្យា​នុ​រក្ស និង​អ្នក​កាប់​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់​។ ករណីបែបនេះ ធ្លាប់​កើតមាន​នៅ​ឆ្នាំ​២០១៨ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្តមណ្ឌលគិរី ដែល​បណ្តាលឱ្យ មន្ត្រី​យោធា​ម្នាក់ ឧ​ទ្យា​នុ​រក្ស​ម្នាក់ និង​បុគ្គលិក​ម្នាក់​របស់​អង្គការ​សហគម​អភិរក្ស​សត្វព្រៃ (WCS) ស្លាប់ ក្នុងពេល​ចុះ​ល្បាត​ព្រៃ​។ បន្ថែម​លើ​នេះ​ទៀត ករណី​មួយទៀត​ដែល​បាន​កើតឡើង​ក្នុងព្រៃ​ការពារ​ខេត្តព្រះវិហារ នា​ចុងឆ្នាំ​២០១៥ បាន​បណ្តាលឱ្យ​ឧ​ទ្យា​នុ​រក្ស​ការពារ​សត្វព្រៃ​ចំនួន​ពីរ​នាក់​ស្លាប់បាត់​បង់ជីវិត ពេល​កំពុង​ចុះ​ល្បាត​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ