អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ចប់​ការបង្ក្រាប​លើ​អំពើពុករលួយ ដោយ​ប្រមូល​លុយ​ចូល​រដ្ឋ​វិញ​បាន​ចំនួន ១០៦,៦ ពាន់​លាន​ដុល្លារ​

546
ចែករម្លែក

​ព្រះបរមរាជវាំង​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ទី​៣០​មករា​ថា ការ​បោសសម្អាត​អំពើពុករលួយ​មិន​ធ្លាប់មាន​ពីមុនមក​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ឃើញ​ព្រះអង្គម្ចាស់​កំពូលៗ ពួកពាណិជ្ជករ ក្រុមមន្ដ្រី​យោធា និង​មន្ត្រី​នានា​ត្រូវបាន​ឃុំខ្លួន​នៅ​សណ្ឋាគារ Ritz-Carlton បានធ្វើ​រួច​សព្វគ្រប់ បន្ទាប់ពី​ប្រមូល​លុយ​ចូល​រដ្ឋាភិបាល​វិញ​បាន​ចំនួន ១០៦,៦ ពាន់​លាន​ដុល្លារ​។​

​ព្រះបរមរាជវាំង​បានឱ្យដឹង​ទៀតថា ការងារ​របស់​គណៈកម្មាធិកា​រ​ប្រឆាំង​អំពើពុករលួយ​ដែល​បង្កើតឡើង​ដើម្បី​ត្រួតពិនិត្យ​មើល​ការ​បោសសម្អាត​អំពើពុករលួយ​ដឹកនាំ​ដោយ​រជ្ជទាយាទ ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ បានបញ្ចប់​ការងារ​របស់ខ្លួន​រួចរាល់ បន្ទាប់ពី​បាន​កោះហៅ​ឬ​សាកសួរ​មនុស្ស ៣៨១ នាក់​។​

​ទ្រព្យសម្បតិ្ត​ដែល​បាន​ប្រមូលបាន​មកវិញ​ពី​ការដោះស្រាយ​គ្នា​ជាមួយ​មនុស្ស ៨៧ នាក់​រួមមាន​សាច់ប្រាក់​សុទ្ធ អចលនទ្រព្យ អាជីវកម្ម និង​មូល​ប​ត្រ​។ នេះ​បើ​យោងទៅតាម​ការប្រកាសរ​បស់​រាជវាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​សេចក្តីប្រកាស​នោះបាន​និយាយថា មនុស្ស ៥៦ នាក់​កំពុង​ត្រូវបាន​ស៊ើបអង្កេត​នៅឡើយ ហើយ​ថា​អគ្គ​រដ្ឋអាជ្ញា​បាន​បដិសេធ​មិន​ធ្វើការ​ដោះស្រាយ​ជាមួយ​ពួកគេ​នោះទេ ដោយសារតែ​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ដទៃទៀត​ដែល​ពួកគេ​កំពុង​ប្រឈម​។ មនុស្ស​៨​នាក់​ទៀត​បាន​បដិសេធ​មិន​ព្រម​ដោះស្រាយ​និង​មានះ​ប្រឆាំងនឹង​ការចោទប្រកាន់​ពី​អំពើពុករលួយ​។​

​យុទ្ធនាការ​បង្ក្រាប ដែល​បានចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី ៤ ខែវិច្ឆិកា​ឆ្នាំ​២០១៧ បាន​ជួយ​ពង្រឹង​នូវ​ឋានៈ​ដ៏​មានអំណាច​របស់​ព្រះអង្គម្ចាស់​ស្នងរាជ្យ​អង្គ​នេះ​។ ក្រុមអ្នកវិភាគ​និង​អ្នក​រិះគន់​បាន​និយាយថា​វា​ក៏​ជា​មធ្យោបាយ​មួយ​សម្រាប់​រជ្ជទាយាទ​អង្គ​នេះ​រារាំង​គូប្រជែង​ដ៏​មាន​សក្តានុពល​និង​ពង្រឹង​អំណាច នៅពេល​ទ្រង់​ត្រៀម​រៀបចំឡើង​គ្រងរាជ្យ​បល្ល័ង្ក​ពី​បិតា​របស់​ទ្រង់ គឺ​ស្ដេច​សាល់​ម៉ាន់​៕ ដោយ៖ កញ្ញាដាលីស

រជ្ជទាយាទ ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់