​ច្រកទ្វារព្រំដែន​អានសេះ​ត្រៀម​បើក​ជា​អន្ដរជាតិ​នាពេល​ឆាប់ៗ​ខាងមុខ​

869
ចែករម្លែក
  • 804
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​នានា ត្រូវ​រៀបចំ​សម្អាត​បរិវេណ​មាត់ច្រក​អានសេះ​ឱ្យបាន​ស្អាត ដើម្បី​ត្រៀមលក្ខណៈ​បើក​ច្រក​នេះ ជា​ច្រក​អន្តរជាតិ​ក្នុងពេល​ឆាប់​នេះ​។​

លោក​អភិបាលខេត្ត​ព្រះវិហារ​បា​ន​លើកឡើងថា​រាជរដ្ឋាភិបាល​បាន​ព្រមព្រាងគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួចរាល់​ហើយ ក្នុង​ការបើក​ច្រក​អន្តរជាតិ​ចំនួន​៤ ក្នុង​ឆ្នាំ​២០១៩​នេះ ។​ដែល​ធ្វើ​ការបើក​ព្រម​គ្នា​តែម្តង គឺ​មិន​បើក​ម្តង​មួយៗ​ទេ ហើយ​ក្នុង​ច្រក​អន្តរជាតិ​ទាំង​៤​នេះ គឺមាន​ច្រក​អានសេះ​មួយ​ដែរ​។​

​លោក អភិបាលខេត្ត​បាន​បន្តថា នីតិវិធី​នៃ​ការដាក់ឱ្យ​ដំណើរ​ច្រក​អន្តរជាតិ​នេះ គឺ​ធ្វើ​ព្រម​គ្នា​ត្រូវ​ប្រារព្ធ​អាច​នៅ​ខេត្តពោធិ៍សាត់ ឬ​ខេត្តបាត់ដំបង ខណៈ​ខេត្ត​ទាំងពីរ​នេះ​ក៏មាន​ច្រក​អន្ដរជាតិ ។​ចំណែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ច្រក​ជប់​គរ​គី ដូច្នេះ​ខេត្តព្រះវិហារ គឺ​ច្រក​អានសេះ​នេះ​តែម្ដង​។ ដូច្នេះ​កម្មវិធី​នៃ​ការបើក​ដំណើរការ​នៃ​ច្រក​នេះ​គឺ​ប្រព្រឹត្ត​ទៅក្នុង​ម៉ោង​ពេល​តែមួយ​។​ប៉ុន្តែ​ថ្នាក់ដឹកនាំ​យក​ច្រក​មួយ​ធ្វើជា​គោល ហើយ​សម្តេច​ក្រឡាហោម ស ខេង នឹង​អញ្ជើញ​ទៅ​បើក​។​

​ចំពោះ​កិច្ចប្រជុំ​នៅថ្ងៃនេះ លោក អ៊ុន ចាន់​ដា បានស្នើ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវធ្វើ​ការដោះស្រាយ​ឲ្យ​បាន​ស្អាត ចំពោះ​ទីតាំង ដែលជា​បញ្ហា​ប្រឈម ដែល​លើកឡើង​ដោយ​ភាគី​ថៃ ទៅលើ​តូប​ខាងស្តាំ​ដៃ ។​ត្រូវធ្វើ​ការសម្អាត​ឲ្យ​ស្អាត​អត់​មាន​ទុក​ទេ ព្រោះ​នៅក្នុង​MoU ឆ្នាំ​២០០០ ឲ្យ​រក្សា​ស្ថានភាព​ដើម​ទាំងអស់ ។​

​តូប​ផ្សារ​ពីមុន​មាន​ប៉ុន្មាន សំណង់​ពីមុន​មាន​ប៉ុន្មាន គឺ​ត្រូវ​រក្សា​ទាំងអស់​អ្វីដែល​សាងសង់​ថ្មី ត្រូវ​សម្អាត​ឲ្យ​អស់ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​តូប​ត្រូវ​ដកខ្លួន​ថយ​ជាបន្ទាន់​។​ចំពោះ​កិច្ចប្រជុំ​ដែល​កម្ពុជា ត្រូវ​ប្រជុំ​ជាមួយ​ភាគី​ថៃ ខេត្ត អ៊ូ​ប៊ុន នៅពេល​ខាងមុខនេះ គឺ​បាន​លើក​បញ្ហា​ត្រៀមលក្ខណៈ​ដី​៣​ហិកតា សម្រាប់​រៀបចំ​រដ្ឋបាល​របស់​ច្រក​។ ទន្ទឹមនឹងនេះ លោក​បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​ក្នុងការ​រៀបចំ​ច្រក ដោយ​មិន​ធ្វើ​សំណង់​រឹង​បានទេ គឺ​ដាក់​អូ​ស្កូ​ដូច​នៅ​ច្រក​ជាំ​សា​ង៉ាំ​៕S/​