រថយន្ដ​គៀរ​ម៉ូតូ​មួយគ្រឿង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ធ្លាក់ចូល​ក្រោម​កង់​រថយន្ដ​កិន​ស្លាប់​ភ្លាមៗ និង​ម្នាក់ រងរបួស​ស្រាល​

599
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​គៀរ​យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា បណ្ដាល​ឲ្យ​ដួល​ធ្លាក់​អ្នក​អង្គុយ​ពីក្រោយ​ចូល​ក្រោម​កង់​រថយន្ដ​កិន​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​ស្រាល ចំណែក​រថយន្ដ​បង្ក​ក្រោយពី​បង្កហេតុ​បន្ថែម​ល្បឿន​បើក​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​២០ នាទី​យប់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ត្រង់ចំនុច​ស្ដុ​ប​លូ​ប្រាំ ក្នុងភូមិ​ដំណាក់ ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។

​សព​ជនរងគ្រោះ​មានឈ្មោះ ឡាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​ម្ដុំ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត ភូមិ​គ្រាំង​ដៃ ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ ជា​អ្នក​ជិៈ​ពីក្រោយ​។​

​ចំណែក​អ្នករងរបួស​ស្រាល​មានឈ្មោះ ឡឹ​ក ស៊ីខាវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ជាងដែក​ម្តុំ​កា​ណា​ឌី​យា ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​វត្ត​អង្គ​តា​មិញ ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ដូច​ជនរងគ្រោះ​ខាងលើ​។ ជា​អ្នក​ឌុប​និង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពាក់​ស្លាក​លេខ ភ្នំពេញ 1M 0483​។​

​បើតាម​ជនរងគ្រោះ​ម្នាក់​ជា​អ្នក​ឌុប​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​ទាំង​២​នាក់ បាន​ចេញពី​ផឹកស៊ី​នៅ​ម្ដុំ​ទួល​ពង្រ គិតថា ទៅ​ដើរលេង​នៅ​កោះ​ពេជ្រ តែ​ពេល​ជិះ​ម៉ូតូឌុប​គ្នា​ទិសដៅ​ពី​លិចទៅ​កើតមក​ដល់​ស្តុ​ប​លូ​ប្រាំ ក៏​នាំគ្នា​បត់​ត្រឡប់ក្រោយ​វិញ ព្រោះ​គិតថា​ខ្លាច​យប់​ជ្រៅ​ពេក​។

​ប្រភព​ដដែល​បាន​បន្តថា ពេលដែល​បត់​ត្រឡប់ក្រោយ​បាន​ប្រហែល​២០ ទៅ​៣០​ម៉ែត្រ ក៏ត្រូវ​រថយន្ដ​ធន់​ធំ​មិន​ចាំ​ម៉ាក​មួយគ្រឿង បើក​ទិសដៅ​ពី​កើ​តទៅ​លិច យ៉ាង​លឿន​មក​គៀរ​បណ្ដាល​ដួល និង​ធ្វើ​ឲ្យ​អ្នក​អង្គុយ​ខាងក្រោយ​ធ្លាក់ចូល​ក្រោម​កង់​រថយន្ដ​កិន​ស្លាប់​តែម្ដង​។​

​ក្រោយពី​ត​ហេតុ​ជនរងគ្រោះ ដែល​រងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​សព​ជនរងគ្រោះ​ម្នាក់ទៀត សមត្ថកិច្ច​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ រង់ចាំ​យក​ឯកសារ​គ្រប់គ្រាន់​មក​ផ្ទៀង​ផ្ទាល់​ទើប​ប្រគល់​ឲ្យ​វិញ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ