Google រង​ការផាកពិន័យ​មិន​ធ្លាប់មាន​ពី​សហភាព​អឺរ៉ុប ជុំវិញ​សេវាកម្ម​លក់ទំនិញ​តាម​អន​ឡាញ​របស់ខ្លួន​

1617
ចែករម្លែក

ក្រុមហ៊ុន Google បាន​រង​ការផាកពិន័យ ២,៧ ពាន់​លាន​ដុល្លារ ដោយ​គណៈកម្មការ​អឺរ៉ុប បន្ទាប់ពី​គណៈកម្មការ​នេះ​សម្រេច​ថា ក្រុមហ៊ុន​អាមេរិក​នេះ​បាន​រំលោភ​អំណាច​ខ្លួន ដោយ​ផ្សព្វផ្សាយ​សេវាកម្ម​ប្រៀបធៀប​ទំនិញ​ផ្ទាល់ខ្លួន នៅ​ក្បាល​ទំព័រ​នៃ​លទ្ធផល​ស្វែងរក​ក្នុង​វេ​ប​សាយ​ខ្លួន​។​

ទឹកប្រាក់​នេះ​គឺជា​ការផាកពិន័យ​ធំ​បំផុត​របស់​និយតករ​មកទល់​សព្វថ្ងៃ ប្រឆាំងនឹង​ក្រុមហ៊ុន ដែល​រង​ការចោទប្រកាន់​ពីបទ​ធ្វើឱ្យ​ខូច​ទីផ្សារ​។​

​ការសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ក៏​បង្គាប់​ឱ្យ​ក្រុមហ៊ុន Google បញ្ចប់​ការអនុវត្ត​ប្រឆាំង​ការប្រកួតប្រជែង​លើ​ទីផ្សារ​ផងដែរ ក្នុង​រយៈពេល ៩០ ថ្ងៃ បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈម​ការផាកពិន័យ​បន្ថែមទៀត​។ ក្រុមហ៊ុន​អាមេរិក​នេះ​និយាយថា ខ្លួន​អាចនឹងប្តឹង​ឧទ្ធរណ៍​។

ទោះយ៉ាងណា ប្រសិនបើ​ក្រុមហ៊ុន​ខន​ខាន​ក្នុងការ​ផ្លាស់ប្តូរ​វិធី​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​លក់ទំនិញ​តាម​អន​ឡាញ​ក្នុង​រយៈពេល​ផុតកំណត់ ៣ ខែ​ទេនោះ ក្រុមហ៊ុន​នេះ​អាច​នឹងត្រូវ​បង្ខំ​ឱ្យ​បង់ ៥ ភាគរយ​នៃ​ចំណូល​រកបាន​ទូទាំង​ពិភពលោក​ប្រចាំថ្ងៃ​គិត​ជា​មធ្យម​របស់​ក្រុមហ៊ុនមេ Alphabet របស់ខ្លួន​។

​ផ្អែក​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ថ្មីៗ​បំផុត​នេះ​របស់​ក្រុមហ៊ុនមេ ទឹកប្រាក់ ៥ ភាគរយ​នៃ​ចំណូល​នោះ​គឺ​ប្រហែល ១៤ លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​។​

​គណៈកម្មការ​អឺរ៉ុប​និយាយថា ខ្លួន​ទុក​រឿងនេះ​ឱ្យ Google ដើម្បី​កំណត់​រក​ជម្រើស​ផ្សេង​ណាមួយ​ដែល​គួរ​ធ្វើ​ចំពោះ​សេវាកម្ម​លក់ទំនិញ​អន​ឡាញ​របស់ខ្លួន ជាជាង​កំណត់​រក​វិធី​ដោះស្រាយ​ជាក់លាក់​។

​លោកស្រី ម៉ា​ហ្គា​រ៉េត វេ​ស្តា​ហ្គ័​រ ស្នងការ​ផ្នែក​ប្រកួតប្រជែង​របស់​សហភាព​អឺរ៉ុប និយាយថា “​អ្វីដែល Google បានធ្វើ​គឺ​ខុសច្បាប់ ក្រោម​ច្បាប់​ប្រឆាំង​ការជឿទុកចិត្ត​របស់ EU​។ ក្រុមហ៊ុន​បាន​បដិសេធ​រាល់​ក្រុមហ៊ុន​ផ្សេងទៀត​នូវ​ឱកាស​ដើម្បី​ប្រកួតប្រជែង​នៅលើ​ប្រព័ន្ធ​របស់​ពួកគេ និង ដើម្បី​កែច្នៃ​គំនិត​ថ្មីៗ និង សំខាន់បំផុត​នោះ គឺ​ក្រុមហ៊ុន​បាន​បដិសេធ​អតិថិជន​អឺរ៉ុប​នូវ​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង ជម្រើស​ពិតប្រាកដ និង គំនិត​ច្នៃប្រឌិត​ថ្មីៗ​”៕ ​ដោយ ៖កញ្ញាដាលីស

ពាណិជ្ជកម្ម​សេវាកម្ម​លក់ទំនិញ​តាម​អន​ឡាញ​របស់ Google លោត​ចេញ​នៅ​ក្បាល​ទំព័រ​ដំបូង​នៃ​ការស្វែងរក​លើ​វេ​ប​សាយ​ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម