អ៊ែន​ជេ​លី​ណា ចូ​លី មកដល់​បង់​ក្លា​ដែ​ស​ដើម្បី​ជួប​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​

530
ចែករម្លែក

​អ៊ែន​ជេ​លី​ណា ចូ​លី បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ត្រូវបាន​បញ្ជូន​ដើម្បី​វាយតម្លៃ​ពី​តម្រូវការ​មនុស្សធម៌រ​បស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​។ តារា​សម្តែង​ក្នុង​រឿង Tomb Raider និង​ខ្សែភាពយន្ត​ល្បី​ផ្សេងទៀត​រូបនេះ បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ ថ្ងៃ​ទៅកាន់​ប្រទេស​នេះ​។​

​តារា​ហូលីវូដ​រូបនេះ​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​តំបន់​ថេ​កណា​ហ្វ (Teknaf) នៅក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ខុ​ក​ស្បា​ហ្សា​។​

​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការ UNHCR កាលពី​ថ្ងៃ​អង្គារ​ទី​៥​កុម្ភៈ​បានសរសេរថា “​អ៊ែន​ជេ​លី​ណា ចូ​លី​កំពុង​បំពេញបេសកកម្ម​រយៈពេល ៣ ថ្ងៃ​នៅ​ទីក្រុង​ខុ​ក​ស្បា​ហ្សា​ដើម្បី​វាយតម្លៃ​តម្រូវការ​មនុស្សធម៌រ​បស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​និង​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន ដែល​បង់​ក្លា​ដែ​ស​ជា​ប្រទេស​ម្ចាស់ផ្ទះ​កំពុង​ជួបប្រទះ​”​។​

​អ៊ែន​ជេ​លី​ណា ចូ​លី​បានធ្វើ​ដំណើរ​ដោយផ្ទាល់​ទៅ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា បន្ទាប់ពី​បានមក​ដល់​ព្រលានយន្តហោះ​ក្រុង​ខុ​ក​ស្បា​ហ្សា​។​

​ដំបូង​លោកស្រី​ចូ​លី​បាន​ទៅ​ជួប​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ជំរំ​ចាក់​ម៉ា​គុល និង​ក្រោយមក​ទៅ​ជំរំ​ណា​យ៉ា​ប៉ា​រ៉ា និង​ជំរំ​ឡេ​ដា​ក្នុង​តំបន់​ថេ​កណា​ហ្វ​។​

​ក្នុងចំណោម​ជនភៀសខ្លួន​ទាំងនោះ លោកស្រី​ចូ​លី​បាន​ជួប​ជនរងគ្រោះ​នៃ​អំពើហិង្សា​ផ្លូវភេទ ដែល​បាន​កើតឡើង​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​រប​ស់មី​យ៉ាន់​ម៉ា​អំឡុង​ប្រតិបត្តិការ​យោធា​ដ៏​ឃោរឃៅ​កាលពី​ខែសីហា​ឆ្នាំ​២០១៧​។

​ចូ​លី​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស សេក ហា​ស៊ីណា និង​រដ្ឋមន្ត្រី​កាបរទេស អាប់​ឌុល ម៉ូ​មិន ដើម្បី​ពិភាក្សា​ពី​របៀប​ដែល​អង្គការ UNHCR អាចជួយ​ដល់​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ដើម្បី​ធ្វើ​ការងារ​ឆ្ពោះទៅរក​ដំណោះស្រាយ​ប្រកបដោយ​សុវត្ថិភាព​និង​ចីរភាព​ចំពោះ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។​

​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​មាន​ដើមកំណើត​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា កន្លែង​ដែល​ពួកគេ​បាន​ភៀសខ្លួន​ចំពេល​មាន​ជម្លោះសាសនា​ក្នុងចំណោម​ក្រុម​ជនជាតិភាគតិច​កាលពី​ឆ្នាំ ២០១៧​។ បច្ចុប្បន្ន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង ១,១ លាន​នាក់​កំពុង​រស់នៅ​ជំរំ​ជនភៀសខ្លួន​នានា​នៅក្នុង​ទីក្រុង​ខុ​ក​ស្បា​ហ្សា​។ មុនពេល​មាន​វិបត្តិ ចំនួន​ប្រជាជន​ក្នុង​តំបន់​នេះ​ក្នុង​ឆ្នាំ​២០១១​មាន​តិចជាង ២,៣ លាន​នាក់​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ចូ​លី​ជួប​ជាមួយ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ