បក្សប្រឆាំង​របស់​ឥណ្ឌា​សន្យា​លុប​ច្បាប់​ដាក់ទណ្ឌកម្ម​បុរស​មូស្លីម​ពីបទ​លែងលះ​លឿនៗ​ដូច​ផ្លេកបន្ទោរ ប្រសិនបើ​ជាប់ឆ្នោត​ឡើងកាន់​អំណាច​

557
ចែករម្លែក

​គណបក្ស​សមាជ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​របស់​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កុម្ភៈ​ថា ខ្លួន​នឹង​លុបចោល​នូវ​ក្រឹត្យ​មួយ​ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី ដែល​ដាក់គុក​សម្រាប់​បុរស​មូស្លីម​ដែល​ស្វែងរក​ការលែង​លះ​លឿនៗ ប្រសិនបើ​គណបក្ស​ខ្លួន​ឈ្នះ​ការបោះឆ្នោត​នៅ​ខែឧសភា​ខាងមុខ​។​

​គណបក្ស​បា​រ៉ា​ទី​យ៉ា​ចា​ណា​តា (Bharatiya Janata Party ហៅ​កាត់ BJP) ដែលជា​បក្ស​ជាតិនិយម​ហិណ្ឌូ​របស់លោក​ម៉ូ​ឌី​កាលពី​ខែមករា​បានចេញ​ក្រឹត្យ​មួយ ដោយ​ធ្វើការ​អនុវត្ត​ជា​ទម្លាប់​មួយ ដែល​ក្នុងនោះ​បុរស​មូស្លីម​អាច​លែងលះ​ប្រពន្ធ​របស់​ពួកគេ​បាន​ដោយ​គ្រាន់តែ​និយាយ​ពាក្យ​អារ៉ាប់ “Talaq” ឬ “​លែងលះ​” បី​ដង ក្លាយទៅជា​បទល្មើស​មាន​ស្ថាន​ទម្ងន់ទោស​ជាប់គុក​ដល់​ទៅ​បី​ឆ្នាំ​។​

​ក្រឹត្យ​នេះ​ត្រូវបាន​ចេញផ្សាយ​បន្ទាប់ពី​សេចក្តីព្រាងច្បាប់​មួយ ដែល​ស្វះស្វែង​ធ្វើឱ្យ​ប្រពៃណី​នេះ​ក្លាយជា​បទល្មើស​ជាក់ស្តែង បាន​ប្រឈម​នឹង​ការជំទាស់​ពី​គណបក្ស​សមាជ​និង​គណបក្ស​ដទៃទៀត​នៅក្នុង​សភា​ជាន់ខ្ពស់ ថ្វីបើ​វា​ត្រូវបាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​កាលពី​ចុង​ឆ្នាំមុន​ក៏ដោយ​។​

​លោក​ម៉ូ​ឌី​បាន​និយាយថា ចំណាត់ការ​នេះ​គឺ​ចាំបាច់​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី ប៉ុន្តែ​គណបក្ស​សមាជ​បាន​និយាយថា វា​បានដាក់​ទណ្ឌកម្ម​លើ​បុរស​មូស្លីម​យ៉ាង​អយុត្តិធម៌​។​

​លោកស្រី ស៊ូ​សមី​តា ដេ​វ (Sushmita Dev) ប្រធាន​គណបក្ស​សមាជ​បាន​និយាយថា “​យើង​ប្រឆាំងនឹង​វា​ពីព្រោះ​វា​ជា​អាវុធ​មួយ​ផ្សេងទៀត​ដែល​លោក​ណារិន​ដ្រា​ម៉ូ​ឌី​បង្កើតឡើង​ដើម្បី​ឃុំឃាំង​បុរស​មូស្លីម​ឬ​អូស​ពួកគេ​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​”​។​

​លោកស្រី​និយាយថា “​ខ្ញុំ​សន្យា​ចំពោះ​អ្នក​រាល់គ្នា​ថា រដ្ឋាភិបាល​របស់​បក្ស​សមាជ​នឹង​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ ២០១៩ ហើយ​យើង​នឹង​លុបចោល​ច្បាប់​និយាយ​ពាក្យ Talaq បី​ម៉ាត់​នេះ​ចោល​តែម្តង​”៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​មូស្លីម​អបអរសាទរ​លោក​ម៉ូ​ឌី​កាលពី​ខែធ្នូ​២០១៨ ដែល​បង្កើត​ច្បាប់​ដាក់ទោស​បុរស​មូស្លីម ដែល​លែងលះ​ប្រពន្ធ​ងាយៗ​ដោយ​គ្រាន់តែ​និយាយ​ពាក្យ Talaq បី​ម៉ាត់