គណបក្ស​គាំទ្រ​យោធា ប្រតិកម្ម​នឹង​ការតែងតាំង​បងស្រី​ស្តេច​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​

655
ចែករម្លែក

​មេដឹកនាំ​គណបក្ស​គាំទ្រ​យោធា​មួយ​នៅ​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​កុម្ភៈ​ថា ការតែងតាំង​បងស្រី​ស្តេច​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី អាច​រំលោភ​ច្បាប់​បោះឆ្នោត​។​

ប៉ៃ​ប៊ូ​ន និត​ទី​តាវ៉ាន មេដឹកនាំ​គណបក្ស «​កែ​ទំរង់​របស់​ប្រជាជន​»​បាន​ប្រគល់​លិខិត​មួយ​ទៅ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត ដោយ​សុំ​អោយ​គណៈកម្មាធិការ​នេះ​សំរេច​​ថា​តើ​គួរ​ទុកជាមោឃៈ​ការតែងតាំ​ង​ព្រះអង្គម្ចាស់ក្សត្រី​អ៊ូ​បុន​ហ្កា កា​ឆា​កាន់​យ៉ា ដែរ​ឬ​យ៉ាងណា​។​

​លោក​បាន​អះអាង​ថា ការតែងតាំង​នេះ​វា​រំលោភច្បាប់​ដែល​ហាម​មិន​អោយ​គណបក្ស​នយោបាយ​ប្រើ​របបរាជានិយម​សំរាប់​ការឃោសនា​រក​សម្លេងឆ្នោត​។​

​អ៊ូ​បុន​ហ្កា កា​ឆា​កាន់​យ៉ា បាន​បោះបង់​ឋានៈ​រាជវង្ស​នៅ​ឆ្នាំ​១៩៧២​ដើម្បី​រៀបការ​ជាមួយ​និស្សិត​អាមេរិក​ម្នាក់ តែ​បាន​វិល​មក​ថៃ​ក្រោយ​លែងលះ​ប្តី​ហើយ​ត្រូវបាន​មន្ត្រី​ក៏ដូចជា​​សាធារណជន​ថៃ​ចាត់ទុក​ជា​សមាជិក​រាជ​វង្ស​ថៃ​។​

​សូមបញ្ជាក់​ថា​ថ្ងៃ​សុក្រ​ទី​៨​កុម្ភៈ​ជា​ថ្ងៃ​ចុងក្រោយ​ដែល​បណ្តា​បក្សនយោបាយ​អាច​តែងតាំង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន ។​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​មាន​​ពេល​ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​សំរាប់​អនុម័ត​យល់ព្រម ឬ​ជំទាស់​បេក្ខជន​ណា​ម្នាក់​។​

​ជុំវិញ​ការបោះឆ្នោត​នៅ​ថៃ​នេះដែរ គណបក្ស​ផា​ឡាង ប្រា​ចា​រ៉ា​ត (PPRP)​ដែល​បង្កើតឡើង​ដោយ​សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន ក៏​បាន​ប្រកាសថា លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​​ចាន​អូ​ចា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​គត់​សំរាប់​គណបក្ស​របស់​ខ្លួន ក្រោយ​ពី​បេក្ខជន​២​រូប​ទៀត​ដកខ្លួន​ចេញ​។​

​គណបក្ស​ភាគច្រើនបំផុត​ដាក់​បេក្ខជន​៣​រូប តែ​គណបក្ស​PPRP​និង​គណបក្ស​ថៃ​រក្សា​ជាតិ ដាក់​បេក្ខជន​តែ​ម្នាក់​។​

​ឧត្តមសេនីយ៍ ប្រា​យុទ្ធ និង​ពួក​មេដឹកនាំ​PPRP​តាំងពី​មុន​មក​មិន​បាន​បង្ហើប​អោយដឹងថា​តើ​នរណា​នឹង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​បក្ស​សំរាប់​ការបោះឆ្នោត​នា​ថ្ងៃ​២៤​មីនា​​ទេ តែ​វា​ជា​ការសម្ងាត់​កណ្តាលវាល​មួយ ដោយ​គណបក្ស​ត្រូវ​បង្កើត​និង​រៀបចំ​ជាពិសេស​ដើម្បី​រក្សា​ទុក​លោក​ប្រា​យុទ្ធ​និង​គោលនយោបាយ​នៃ​របប​យោធា​បច្ចុប្បន្ន​។​

​លោក​ប្រា​យុទ្ធ វ័យ​៦៤​ឆ្នាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​«​ខ្ញុំ​យល់ព្រម​ទទួលយក​ការអញ្ជើញ​ដោយ​គណបក្ស​ផា​ឡាង ប្រចា​រ៉ា​ត អោយ​ដាក់​ឈ្មោះ​ខ្ញុំ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​»​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​ប្រា​យុទ្ធ​បាន​និយាយថា​លោក​បាន​ពិចារណា​ដោយ​យកចិត្តទុកដាក់ អំពី​កម្មវិធី​នយោបាយ​របស់​បក្ស​សំរាប់​ការធ្វើ​យុទ្ធនាការ​រក​សម្លេង​​និង​មើលឃើញ​ថា​វា​ស្រប​នឹង​របប​ដែល​លោក​កំពុង​ដឹកនាំ​។​លោក​បាន​បញ្ជាក់ថា​លោក​មិន​ព្យាយាម​ក្រាញ​អំណាច​ទេ តែ​មានបំណង​បំរើ​ផលប្រយោជន៍​ជាតិ​។​លោក​បាននិ​​យាយ​ដូច្នេះ​ថា​«​ទទួលយក​ការអញ្ជើញ​នេះ​មិន​ជា​ការសំរេចចិត្ត​ស្រួលៗ​ទេ តែ​ក្នុងនាម​ជា​អតីត​ទាហាន​មួយរូប ខ្ញុំ​ត្រៀម​លះបង់​ដើម្បី​ផលប្រយោជន៍​សង្គម​»៕ដោយ៖វាសនា

នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចំណាយ​ពេល​ចុះ​តាម​ខេត្ត ដោយ​ទំនងជា​ព្យាយាម​ទាក់ទាញ​ចិត្ត​ប្រជាជន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ