គ​.​ជ​.​ប​ប្រតិកម្ម​នឹង​វាយតម្លៃ​ខុស​លើ​ដំណើរការ​និង​លទ្ធផល​បោះឆ្នោត

1106
ចែករម្លែក

(​ភ្នំពេញ​) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការវាយតម្លៃ​ខុសពី​ការពិត ដែល​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ លើ​ដំណើរការ និង​លទ្ធផល​នៃ​ការបោះឆ្នោត​។
​ ​
​សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់ថា “​គ​.​ជ​.​ប មានការ​សោកស្ដាយ​ជាខ្លាំង​ចំពោះ​ការវាយតម្លៃ ដែល​គ្មាន​ប្រព្រឹត្តិការណ៍​ជាក់ស្ដែង​មក​ឆ្លុះ​​ប​ញ្ជាំ​ង​ការពិត ទៅលើ​ទិដ្ឋភាព​បច្ចេកទេស ដែល​បាន​បញ្ញា​តិ​នៅក្នុង​ច្បាប់បោះឆ្នោត និង​បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ​.​ប​ដែល​អាច​​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ លើ​ដំណើរការ និង​លទ្ធផល​នៃ​ការបោះឆ្នោត​”​។​
​ ​
​សេចក្ដីថ្លែងការណ៍​ដដែល​នេះ បានបញ្ជាក់​ទៀតថា គ​.​ជ​.​ប ក៏ដូចជា​មតិ​ជាតិ និង​អន្ដរជាតិ​បាន​យល់ឃើញថា​គ្មាន​ការបោះឆ្នោត​ណា​​មួយ​ដែល​រៀបចំឡើង បានល្អ​ឥតខ្ចោះ​១០០%​នោះទេ ទោះបី​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ឬ​អារ្យ​ប្រទេស​ក៏ដោយ​។​ចំណុច​ខ្វះខាត​តិចតួច​​ដែល​នៅ​សេសសល់ តាមរយៈ​បទពិសោធន៍​នៃ​ការបោះឆ្នោត​នេះ គ​.​ជ​.​ប រួមជាមួយ​ជំនាញការ​អន្ដរជាតិ កំពុង​បំពេញការងារ នៅ​ទីស្ដីការ​គ​.​ជ​.​ប នឹង​រួមគ្នា​ធ្វើការ​ដោះស្រាយ និង​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត សម្រាប់​ការបោះឆ្នោត​លើក​ក្រោយ​។​
​ ​
​បើតាម គ​.​ជ​.​ប ចំនួន​៩០,៣៧​ភាគរយ បាន​ចេញទៅ​បោះឆ្នោត​ប្រកបដោយ​ទឹកមុខ​រីករាយ​គ្មាន​ការបំភិតបំភ័យ​និង​គ្មាន​ការ​ភ័យ​​ខ្លាច​៕ ​ដោយ ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម