មេធាវី​បដិសេធថា កាសែត National Enquirer មិនបាន​គំរាម​លោក​ជេ​ហ្វ បេ​ហ្សូ​ស ទេ​

547
ចែករម្លែក

​មេធាវី​ម្នាក់​បាន​បដិសេធ​ការចោទប្រកាន់​កាលពី​ថ្ងៃ​អាទិត្យ​ទី​១០​កុម្ភៈ​ពី​សំណាក់​លោក​ជេ​ហ្វ បេ​ហ្សូ​ស ថា កាសែត National Enquirer បាន​ព្យាយាម​ជំរិត​និង​គំរាម​គាត់ ដោយ​ទទូចថា រូបថត​ដ៏​អាម៉ាស់​ទាំងនោះ​គឺ​ទទួលបាន​ពី​ប្រភព “​គួរឱ្យ​ទុកចិត្ត​” មួយ​។​

​លោក អែល​កាន់ អា​ប្រា​ម៉ូ​វីត (Elkan Abramowitz) ដែល​តំណាងឱ្យ​នាយក​ប្រតិបត្តិ​លោក ដេវីត ផេ​ក​ឃើ (David Pecker) របស់​ក្រុមហ៊ុនមេ American Media Inc (AMI) នៃ​កាសែត National Enquirer បាន​ប្រាប់​កម្មវិធី “This Week” របស់​ទូរទស្សន៍ ABC ថា “​វា​ពិតណាស់​មិនមែន​ជាការ​ជំរិត​និង​មិនមែន​ជាការ​គំរាម​ឡើយ​។ អ្វីដែល​បានកើត​ឡើង​នោះ​គឺថា រឿងរ៉ាវ​នោះ​ត្រូវបាន​ផ្តល់ឱ្យ​កាសែត National Enquirer ដោយ​ប្រភព​គួរឱ្យ​ជឿទុកចិត្ត​បាន​ដែល​បានផ្តល់​ព័ត៌មាន​ដល់​កាសែត National Enquirer អស់​រយៈពេល ៧ ឆ្នាំ មុន​រឿងនេះ​កើតឡើង​ទៅទៀត​។ វា​ជា​ប្រភព ដែល​ស្គាល់​ច្បាស់​ទាំង​លោក​បេ​ហ្សូ​ស និង​កញ្ញា (​ឡូ​រ៉ង់​) សាន់​ឆេស​”​។​

​កាលពី​ខែ​មុន សារព័ត៌មាន​អំពី​ផ្សារ​ទំនើប​នេះ​បាន​រាយការណ៍​ថា លោក​បេ​ហ្សូ​ស​អាយុ ៥៥ ឆ្នាំ​លួច​មាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍​ជាមួយនឹង​អតីត​អ្នកអាន​ព័ត៌មាន​ទូរទស្សន៍​ម្នាក់ ដោយបាន​ចេញផ្សាយ​នូវ​សារ​ឯកជន​ជាច្រើន​។ របាយការណ៍​នេះ​បាន​លេចឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​លោក​បេ​ហ្សូ​ស​និង​ប្រពន្ធ​របស់គាត់ ម៉ាក​ខេន​ហ្ស៊ី (MacKenzie) បានប្រកាស​ការលែង​លះ​របស់​ពួកគេ​។​

​នៅពេល​សួរថា​តើ​ប្រភព​របស់​កាសែត Enquirer គឺជា​បងប្រុស​របស់​នា​ង​សាន់​ឆេស​ឈ្មោះ​ម៉ៃ​ឃើ​ល ដូចដែល​បាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​មែនឬ​អត់ លោក​អា​ប្រា​ម៉ូ​វីត​បដិសេធ​មិន​បញ្ជាក់​ទេ​។​

​គាត់​បាន​និយាយថា “​ម្នាក់​នោះ​គឺជា​មនុស្ស​ម្នាក់​ដែល​ស្គាល់​ទាំង​ចំពោះ​លោក​បេ​ហ្សូ​ស​និង​នាង​សាន់​ឆេស​។ ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា​វា​មិនមែនជា​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ វា​មិនមែនជា​ប្រធានាធិបតី​ត្រាំ​ទេ វា​មិនមែនជា​លោក​រ៉ូ​ជើ ស្តូ​ន​ទេ​។ ប៉ុន្តែ​ខ្ញុំ​មិនអាច​ប្រាប់ថា​នរណា​ជា​ប្រភព​នោះទេ​”​។​

​មេធាវី​រូបនេះ​បាន​ឆ្លើយតប​ទៅនឹង​ការអះអាង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់លោក​បេ​ហ្សូ​ស ដែល​ចេញផ្សាយ​លើ​វេ​ប​សាយ​អន​ឡាញ Medium កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​។​

​លោក​បេ​ហ្សូ​សបាន​ព្រលយ​ថា លោក​ប្រហែលជា​ត្រូវបាន​កំណត់​គោលដៅ​ដោយ​កម្លាំង​ដែល​គាំទ្រ​លោក​ត្រាំ ដោយសារតែ​របាយការណ៍​ព័ត៌មាន​ដោយ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​របស់​ត្រាំ​អំពី​ឃាតករ​សម្លាប់​អ្នកសរសេរ​ព័ត៌មាន​របស់​កាសែត​នេះ​ឈ្មោះ​ចា​ម៉ា​ល់ ខា​សូក​ជី ដែល​ត្រូវបាន​សម្លាប់​រួច​កាត់​ជា​កង់ៗ​ដោយ​ភ្នាក់ងារ​ចារកម្ម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​នេះ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ខែតុលា​។​

​ប៉ុន្តែ​លោក​អា​ប្រា​ម៉ូ​វីត​បាន​ទទូចថា ការដោះដូរ​របស់​កាសែត Enquirer ជាមួយ​លោក​បេ​ហ្សូ​ស ដែល​មហាសេដ្ឋី​រូបនេះ​បានចេញ​ផ្សាយ​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​គឺ​គ្រាន់តែ​ជាការ​អនុវត្ត​ការចរចា​ផ្នែក​សារព័ត៌មាន​ជាជាង​ការ​ជំរិត​។​

​មេធាវី​រូបនេះ​បាន​និយាយថា “​រឿងនេះ​ត្រូវបាន​បោះពុម្ពផ្សាយ​រួចហើយ​…​វា​គឺជា​ផ្នែក​មួយ​នៃ​ការចរចា​ស្របច្បាប់​។ ខ្ញុំ​គិតថា​ទាំង​លោក​បេ​ហ្សូ​ស និង ក្រុមហ៊ុន AMI មាន​ចំណាប់អារម្មណ៍​ក្នុងការ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​របស់​ពួកគេ​។ លោក​បេ​ហ្សូ​ស​មិន​ចង់ឱ្យ​រឿងរ៉ាវ​ផ្សេងទៀត​ដែល​សរសេរ​អំពី​គាត់​ឬ​រូបភាព​ទាំងនោះ​ត្រូវបាន​បោះពុម្ពផ្សាយ​នោះទេ​។ AMI មិន​ចង់​គេ​យល់ឃើញថា ការសរសេរ​ប្រឆាំងនឹង​ពួកគេ​នេះ​គឺ​ត្រូវបាន​បំផុសគំនិត​ដោយ​សេត​វិមាន បំផុសគំនិត​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ឬ​បំផុសគំនិត​ដោយ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុនមេ​របស់​កាសែត National Enquirer បដិសេធថា​ខ្លួន​មិនបាន​ព្យាយាម​ជំរិត​និង​គំរាម​លោក​ជេ​ហ្វ បេ​ហ្សូ​ស​ទេ