អាមេរិក​និង​រុស្ស៊ី​ចេញ​សេចក្តីសម្រេច​អ​.​ស​.​ប​ប្រជែង​គ្នា​អំពី​វេ​ណេ​ស៊ុយ​អេ​ឡា​

686
ចែករម្លែក
  • 213
    Shares

​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​បាន​ព្រាង​សេចក្តីសម្រេច​អ​.​ស​.​ប​ប្រជែង​គ្នា​អំពី​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​ឆ្លុះបញ្ចាំង​ពី​ការគាំទ្រ​របស់​រដ្ឋបាល​ត្រាំ​ចំពោះ​មេដឹកនាំ​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ និង​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចំពោះ​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​សេចក្តីសម្រេច​ដែល​ព្រាង​ឡើង​របស់​អាមេរិក ដែល​មើលឃើញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AP កាលពី​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ បាន​សម្តែង “​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ ថា ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី ២០ ឧសភា ឆ្នាំ​២០១៨ ពុំមាន​សេរីភាព​និង​យុត្តិធម៌​ទេ​” និង “​អំពាវនាវ​ឱ្យមាន​ការចាប់ផ្តើម​ជាបន្ទាន់​នូវ​ដំណើរការ​នយោបាយ​ដែល​នាំទៅរក​ការបោះឆ្នោត​ប្រធានាធិបតី​ដោយ​សេរី យុត្តិធម៌ និង​គួរឱ្យ​ទុកចិត្ត ជាមួយនឹង​ការឃ្លាំមើល​ការបោះឆ្នោត​ជា​អន្ដរជាតិ​”​។​

​សេចក្តីព្រាង​របស់​រុស្ស៊ី​បាន​រិះគន់ “​ការប៉ុនប៉ង​ធ្វើ​អន្តរាគមន៍​” នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​វេ​ណេ​ស៊ុយ​អេ​ឡា សម្តែង “​ការព្រួយបារម្ភ​អំពី​ការ​គំរាម​ប្រើប្រាស់​កម្លាំង​” ប្រឆាំងនឹង​ប្រទេស​នេះ និង​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ភាពទាល់ច្រក​នេះ​។​

​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​ទាំងពីរ​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ឡើយ​។ ប្រសិនបើ​សេចក្តីព្រាង​ទាំងពីរ​ពិតជា​បញ្ជូនទៅ​មែន នោះ​វា​នឹងត្រូវ​ទាត់ចោល​ទាំងពីរ ព្រោះ​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​នឹង​ប្រើ​សិទ្ធិ​វេតូ​របស់ខ្លួន ប្រសិនបើ​ចាំបាច់​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ​.​ស​.​បលោក​វ៉ាស​ស៊ី​លី ណេ​បេន​ហ្សា បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា សេចក្តីព្រាង​របស់​អាមេរិក​គឺ “​គ្មាន​តុល្យភាព​ទាំងស្រុង​” ហើយ “​យើង​គិតថា​វា​ជា​ពេលវេលា​សមស្រប​ដើម្បី​គាំទ្រ​បូរណភាព​ទឹកដី ឯកភាព អធិបតេយ្យភាព​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​”​។​

​លោក​បាន​និយាយថា ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​គួរតែ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី “​ដោយ​ពុំមាន​សញ្ញាណ​នៃ​អន្តរាគមន៍​យោធា​ណាមួយ​ឡើយ​”​។​

​រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​ច​ច អា​រី​ហ្សា និយាយថា គាត់​បាន​ប្រាប់​អគ្គលេខាធិការ​អ​.​ស​.​បលោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស ថា រដ្ឋាភិបាល​របស់លោក​ម៉ា​ឌូ​រ៉ូ​ចង់បាន “​កិច្ច​សហ​ប្រ​ត្តិ​ការ​ស៊ីជម្រៅ​” ជាមួយ​បណ្តា​ទីភ្នាក់ងារ​នានា​របស់​អ​.​ស​.​ប​ក្នុង​វិស័យ​ជាច្រើន “​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​បំពារបំពាន​ជា​អន្តរជាតិ​ដោយ​សហរដ្ឋអាមេរិក​”​។ ប៉ុន្តែ​គាត់​បាន​ទទូចថា “​ពុំមាន​វិបត្តិ​មនុស្សជាតិ​នោះទេ​” និង​មិនបាន​និយាយថា​តើ​គាត់​នឹង​សុំ​ជំនួយ​ស្បៀង​ឬ​ថ្នាំសង្កូវ​របស់​អ​.​ស​.​ប​ឬ​យ៉ាងណា​នោះឡើយ​។

​លោក​អា​រី​ហ្សា​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​ធំ​របស់​អ​.​ស​.​ប​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​អង្គា​រថា លោក​ស្នើឱ្យ​អ​.​ស​.​ប និង ពិភពលោក​ជំរុញ​ឱ្យ​ដកចេញ​ទណ្ឌកម្ម​របស់​អាមេរិក ដែល​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​។

​លោក​បាន​ព្រមាន​ថា ទណ្ឌ​កម្មនេះ “​បាន​នាំឱ្យ​មានការ​រងទុក្ខវេទនា​ភ្លាមៗ​រួចទៅហើយ ហើយ​ប្រសិនបើ​វា​បន្ត​ទៅមុខ​កាន់តែ​យូរ​ទៀត​នោះ លោក​ដូ​ណា​ល់ ត្រាំ​…​នឹង​ប្រឡាក់​ឈាម​លើ​ដៃ​របស់គាត់​”​។​

​លោក​អា​រី​ហ្សា​និយាយថា លោក​ម៉ា​ឌូ​រ៉ូ​ចង់​បញ្ចៀស​រដ្ឋប្រហារ​ឬ​អន្តរាគមន៍​របស់​អាមេរិក “​ព្រោះ​វា​នឹង​បាន​ត្រឹម​នាំទៅរក​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន ហើយ​វា​នឹង​អាច​ក្លាយជា​ស្ថានភាព​ស្រដៀង​ទៅនឹង​អ្វីដែល​បានកើត​ឡើង​នៅ​វៀតណាម​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ