រុស្ស៊ី​ព្រមាន​អាមេរិក​កុំអោយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​វេ​ណេ​ស៊ុយអេ​ឡា​

680
ចែករម្លែក
  • 459
    Shares

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​សឺ​ហ្គេ ឡាវ​រ៉ូវ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អាមេរិក​លោក ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​ដើម្បី​ពិភាក្សា​អំពី​ដំណើ​រវិ​វ​វត្ត​ន៍​សភាពការណ៍​​ពិភពលោក​ចុងក្រោយ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​រុស្ស៊ី លោក​ឡាវ​រ៉ូវ បាន​ព្រមាន​លោក​ផ​មផេវ​កុំអោយ​ព្យាយាម​ចូល​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​ក្រុង​​កា​រ៉ា​កាស រួម​ទាំង​ជំរើស​យោធា​ផង​ដែរ​ដែល​វា​រំលោភ​ច្បាប់​អន្តរជាតិ​។​

​ក្នុងពេល​ជាមួយគ្នា មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​បាន​ការទទួល​​ស្គាល់​ពី​ប្រទេស​ដល់​ទៅ​៦០​នៅ​ទូទាំង​ពិភពលោក​។​

​លោក​ហ្ស័ន ក្វាយ​ដូ ក៏​បាន​និយាយថា​លោក​នឹង​តែងតាំង​ឯកអគ្គរដ្ឋទូត​ទៅកាន់​ប្រទេស​ផ្សេងៗ​ដើម្បី​«​សង្គ្រោះ​ទ្រព្យ​របស់​ប្រទេស​»​នៅ​បរទេស​។​

​មុន​នេះ​ក្នុង​ថ្ងៃ​អង្គារ​ដដែល ពួក​អ្នកគាំទ្រ​លោក​ក្វាយ​ដូ បាននាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី នី​កូឡាស​​ម៉ា​ឌូ​រ៉ូ អនុញ្ញាត​អោយ​ជំនួយ​សង្គ្រោះ​ចូល​ប្រទេស​។​លោក​ក្វាយ​ដូ បាន​ប្រាប់​អ្នកគាំទ្រ​រាប់ពាន់​នាក់​របស់​លោក​ថា ជំនួយ​មនុស្សធម៌​នឹងត្រូវ​នាំចូល ទោះជា​មាន​ការជំទាស់​ពី​លោក​​ម៉ា​ឌូ​រ៉ូ​។​

​តែ​មុននេះ​លោក​ម៉ា​ឌូ​រ៉ូ បាន​ប្រាប់​សារព័ត៌មាន​BBC​ថា លោក​នឹង​មិន​អនុញ្ញាត​អោយ​ជំនួយ​នេះ​ចូល​ប្រទេស​របស់​លោក​ទេ ពីព្រោះ​វា​ជា​វិធី​មួយ​សំរាប់​អាមេរិក​យក​ជា​លេស​ចូល​​អន្តរាគមន៍​។​តែ លោកក្វា​ដូ បាន​ប្រាប់​អ្នកគាំទ្រ​នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស​ថា ជំនួយ​មនុស្សធម៌​នេះ​នឹង​ត្រូវ​នាំ​ចូល​វេ​ណេ​ស៊ុយអេ​ឡានៅ​ថ្ងៃ​២៣​កុម្ភៈ បើ​មិន​អនុញ្ញាត​អោយ​ចូល​​ទេ​លោក​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ធំ​មួយ​។​

​សូមបញ្ជាក់​ថា ជំនួយ​ជា​ស្បៀង​និង​ថ្នាំពេទ្យ​អាមេរិក​ជាច្រើន​រថយន្ត​បាន​ទៅដល់​ទី​ប្រជុំ​ព្រំដែន​កូឡុំប៊ី ជាប់​វេ​ណេ​ស៊ុយ​ឡា​។​រថយន្ត​ដឹក​ជំនួយ​ទាំងនេះ​ចត​នៅ​ជិត​ស្ពាន​មួយ​ដែល​​អាជ្ញាធ​រវេ​ណេ​ស៊ុយអេ​ឡា បាន​យក​កុងតេ​ណឺ​និង​រថយន្ត​ដឹក​ប្រេង​ទៅ​បាំង​មិនអោយ​មាន​ការចេញចូល​បាន​។​

​និយាយ​ក្នុង​កម្មវិធី​របស់​សារព័ត៌មាន​BBC លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ បាន​ហៅ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​ថា​ជា​«​ក្រុមបងធំ​និយម​ជ្រុល​» និង​បន្ទោស​អាមេរិក​​ចំពោះ​វិបត្តិ​នៃ​ប្រទេស​លោក​៕​ដោយ​៖​វាសនា​