អភិបាលខេត្ត​មណ្ឌលគិរី​ថ្លែង​មិន​គាំទ្រ លើ​ការទិញ​ដូរ​លក់ ដីចម្ការ​ស្រល់​ក្នុង​ខេត្ត​

1335
ចែករម្លែក
  • 689
    Shares

ដោយ​:​សាត​ចាន់​បុត្រ​/មណ្ឌលគិរី ​៖ អភិបាលខេត្ត​មណ្ឌលគិរី លោក​ស្វាយ​សំ​អ៊ាង បាន​ថ្លែង​មិន​គាំទ្រ​ចំពោះ​ទង្វើ នៃ​ការទិញ​ដូរ​លក់ ដី​នៅ តំបន់​ចម្ការ​ស្រល់ ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ លោក​អភិបាលខេត្ត​ថ្លែង​ដូ​ច្នេះ ក្រោយ​ពេលដែល មហាជន​បាន​អះអាងថា ដីចំការ​ស្រល់ ជាច្រើន​ហិក​តា​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់​ព័ន្ធ ធ្វើការ​ឃុបឃិត​គ្នាត្រៀម​និង​ចេញ​ប្លង់​កម្មសិទ្ធិជូន​ឯកជន ខណៈ​ដីចម្ការ​នេះ ជា​កម្ម​សិទ្ធ​របស់​រដ្ឋ ក្រោម​ការគ្រប់គ្រង​រប​ស់ រដ្ឋបាល​ព្រៃឈើ​។​

​ក្នុង​បទ​សម្ភាស​ន៍ពិសេស ជាមួយ​រស្មី​កម្ពុជា លោក​អភិបាលខេត្ត​ស្វាយ សំ​អ៊ាង មាន ប្រសាសន៍​ដូច្នេះ​ថា​ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក​ទើបនឹង​ទទួលបាន​ព័ត៌មាន​។​ក្រោយពី​ទទួលបាន​ព័ត៌មាន លោក​បាន​បញ្ជា ទៅ​មន្ទីរ​កសិកម្ម ហើយ​និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដែលមាន​មុខងារមើល​លើ​ការងារ​ទាំងនោះ។​

លោក​ថា ចម្ការ​ស្រល់​នេះ យើង​ដឹង​ទាំងអស់គ្នា​ហើយ​ថា គឺជា​ការដាំ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ដោយ​ខាង​ទាហាន​ខេត្តមណ្ឌលគិរី​ជា​អ្នកទទួល​ថវិកា ពី​ក្រសួង យកមក​ធ្វើ​ការដាំ​ដើម​ស្រល់ ទាំងអស់នេះ។ ​ក្រោយមក មាន​​ការ​ប្រគល់ឲ្យ រដ្ឋបាល​ព្រៃឈើ​និង​កសិកម្ម​មណ្ឌលគិរី ជា​អ្នក​មើលថែ។​ ដូច្នេះ បញ្ហា​​នេះ មាន​ខាង​កសិកម្ម មាន​ខាង​រដ្ឋបាល​ព្រៃឈើ ជា​អ្នកទទួលខុសត្រូវ រាល់​ការ​លក់​រាល់​ការបញ្ជាក់​នៃ​ការទិញ យ៉ាងម៉េច​ទាល់តែ​មានការ​ឯកភាព​ពី​ក្រសួង​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ ។ បើ​មិន​អញ្ចឹងទេ វា​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ការចុះបញ្ជី​របស់ រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល ដូច្នេះហើយ​បានជា លោក​បញ្ជា​ឲ្យ ឲ្យ​ក្រុមការងារ​ខាងលើ ធ្វើការ​ស្រាវជ្រាវ​ពិនិត្យមើល​ទំហំ​ផ្ទៃដី ដែល​ពាក់ព័ន្ធ​ទាំងអស់​វិញ​។ ហើយ​ឥឡូវ ឯកសារ​យ៉ាងណា​យ៉ាងណា គឺ​ខាង​កសិកម្ម គេ​កំពុងតែធ្វើការ​នេះហើយ លោក​អភិបាលខេត្ត​ស្វាយ​សំ​អ៊ាង បានបញ្ជាក់​ចុងក្រោយ​ថា លោក​មិន​គាំទ្រ អ្នក​ដែល ទៅ​ទិញ​ទៅ​ផ្ទេរ​ទិញ​លក់​ដី​នេះ វា​នាំអោយ​យូរៗ​ទៅ លែងមាន​ដី បម្រុង​របស់​រដ្ឋ​ហើយ វា​ទៅជា​ដី កម្មសិទ្ធិឯកជន ហើយ​នាំឱ្យ​ខូច​ដល់​ដើម​ស្រល់ ដែល​ខំ​ដាំ​តាំងពី​យូរណាស់​មកហើយ​។

​ប្រភព​ដែល​រស្មី​កម្ពុជា​ទទួលបាន​យ៉ាងច្បាស់​នោះ​ ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​២២៥​ហិកតា ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ កំពុង​ប្រឈម​បាត់បង់​ក្លាយទៅជា​កម្ម​សិ​ទ្ឋ​បុគ្គល ក្រោយ​តម្លៃ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី​មាន​ហាងឆេង​ខ្ពស់ ហើយ​ត្រូវ​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្រុក​អូររាំង លក់​ទៅ​ឲ្យ​អ្នកមានអំនាច​បុណ្យ​សក្តិ​ធំៗ នឹង​ថៅកែ​ឧកញ៉ា​ជាច្រើន​នាក់ ថែមទាំង​ត្រៀម​ចេញ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​(​ប្លង់រឹង​)​ដល់​អ្នក​ដែល​ទិញ​ដី​រដ្ឋ​ទាំងនោះ​ទៀត​។​ ​រឿង​ទិញ​លក់​ដី​នេះ​គឺ​ក្រោយ​មាន​ដំណឹង​ថា​ ជនជាតិ​ចិន​និង​ទៅ​វិនិយោគ​ក្នុង​ខេត្តមណ្ឌលគិរី ដូ​ច្នេះ​គេ​សង្កេតឃើញថា មាន​ក្រុម​ឈ្មួញ​រកស៊ី​ដី​រាប់សិប​នាក់ ខ្លះ​ស្កា​ត់​ពី​ភ្នំពេញ ខ្លះ​មកពី​ខេត្ត​ឆ្ងាយ ដើរ​បំផុសបំផុល​រក​ទិញ​ដី​ក្នុង​ទំហំ​ផ្ទៃដី​ធំៗ ដើម្បី​ទុក​លក់​ឲ្យ​ថៅកែ​ចិន​ឬ​ឧកញ៉ា​ផ្សេងៗ​ ​ដែល​សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី​ឡើងថ្លៃ​ស្រឺ​តៗ​នឹកស្មាន​មិន​ដល់​…​ហើយ​ដី​ដែល​ត្រូវប៉ាន់​ជាងគេ​នោះ​គឺ ដី​ដែលមាន​ទឹកអូរ មាន​ភ្នំ មាន​ព្រៃឈើ គឺ​លក់បាន​ថ្លៃ​កប់​ពពក​…​។ដូច្នេះហើយ​ទើប​ដីចម្ការ​ស្រល់​របស់​រដ្ឋ ដែលមាន​ព្រៃឈើ មាន​ទឹកអូរ នឹងមាន​ភ្នំ​ស្រាប់​នោះ បាន​ក្លាយទៅជា​សាច់ជ្រូក​បី​ជាន់​របស់​មន្ត្រី​ខិលខូច​នឹង​ក្រុម​ឈ្មួញ​គក់​ជេរ​ដី​សង្វាត បោះ​ព្រំ​បង្គោលរបង​ធ្វើជា​កម្ម​សិ​ទ្ឋ​ផ្ទាល់ខ្លួន ដោយ​ឲ្យ​បងប្អូន​ជនជាតិដើម​ភាគ​តិច អ្នក​ឈរឈ្មោះ​ជា​ម្ចាស់​ដី ដើម្បី​លក់​ទៅ​ឲ្យ​អ្នកផ្សេង ជៀសវាង​បង្ករ​បញ្ហា​ដល់​ខ្លួន​ឯង​។​

​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ដែល​ទើប​និង​បែកធ្លាយ លោក​អភិបាលស្រុក​អូររាំង រួម​ជាមួយ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ នឹង​សូ​រិ​យោ​ដី បាន​ត្រូវរ៉ូវ​គ្នា​លួច​ធ្វើ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដីធ្លី​(​ប្លង់រឹង​)​ដល់​អ្នកទិញ​ដីចម្ការ​ស្រល់ លោក​នង ទុ​ណ្ណា​រី អភិបាលស្រុក​អូររាំង​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កុ​ម្ភៈ ថា ​«​វា​មិន​ពិត​នោះទេ​…​ហើយ​ដី​ដែល​គេ​លក់​នោះ គឺជា​ដី​របស់​ប្រជាពលរដ្ឋ​គាត់​ចង់​លក់​គឺជា​សិ​ទ្ធិឋ​របស់គាត់ ក្នុងនាម​ជា​អាជ្ញាធរ​លោក​បាន​ត្រឹម​សម្របសម្រួល​ជូន​ពួកគាត់​ប៉ុណ្ណោះ មិនអាច​ហាម​ឃាត់​ឡើយ​…​ចំណែក​រឿង​លក់​ដី​ដើម​ស្រល់​នោះ គឺ​កាលពី​មុនគេ​ដាំ​ដើម​ស្រល់ ប្រជា​ពលរដ្ឋ​បាន​តវ៉ា​មិន​ឲ្យ​ដាំ​លើដី​គាត់ តែ​អ្នក​ដាំ​នៅតែ​ដាំ​លើដី​នោះ ទើប​បង្កទៅជា​ការ​យល់ច្រលំ​ថា មាន​អ្នក​លួច​លក់​ដីចម្ការ​ស្រល់​ទៅវិញ​…»​។​

​ដោយឡែក​លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ នឹង​សូ​រិ​យោ​ដី មិន​លើក​ទូរ​ស័ព្ទ​ផ្តល់​ផ្តល់​បទ​សម្ភាស​នោះទេ ខណៈ​លោក​ស្គាល់​ថា​ជា​លេខ​របស់​អ្នកកាសែត នោះ​។​

​មន្ត្រីជាន់ខ្ពស់​នៅ​សាលាខេត្ត​មណ្ឌលគិរី ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា លោក​ពុំបាន​ជ្រាប​រឿងនេះ​ទេ​។​ លោក​ថា កន្លងមក​ប្រជាពលរដ្ឋ​ជាង​១​០០​គ្រួសារ​បានធ្វើ​សំណើរ​មក សុំ​ឲ្យ​ខេត្ត​ជួយ​រៀបចំ​ដី​ដែលជា​កម្ម​សិទ្ធ​ពលរដ្ឋ​ប៉ះពាល់​ជាមួយ​ចម្ការ​ស្រល់​ ​ហើយ​ខេត្ត​ក៏​កំពុង​សិក្សា និង​ដាក់សំណើរ​បន្តទៅ​រាជរដ្ឋាភិបាល ដោះស្រាយ​ផលប៉ះពាល់​លក្ខ​ណៈ​ខ្វៀ​ល​ស្បែក​ខ្លា​៕​B/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម