សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​អ្វីខ្លះ​នៅក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​?

1276
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រួម​និង​សមាជិក​សមាជិកា​ប្រមាណ ៥​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ រួមគ្នា​ធ្វើ​ពិធី​អបអរសាទរ​ខួប​គម្រប់​៦៦​ឆ្នាំ ថ្ងៃកំណើត​បក្ស​។ ​ពិធី​អបអរសាទរ​នេះ​ធ្វើ​យ៉ាង​មហោឡា​រឹក​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។​
​ ​
​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រួមមាន​៖
​ ​
-​ក្នុង​រយៈពេល​ជាង​៣៨​ឆ្នាំក្រោយ​ការ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​, គណបក្ស​ប្រជាជន​កម្ពុជា (CPP) នៅតែ​បន្ត​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ទៅលើ​មាគ៌ា​មួយ​ដ៏​ល្អប្រសើរ​។ គណបក្ស​ប្រជាជន​កម្ពុជា​គឺ​របង​ការពារ​របប​រាជានិយម​ដ៏​រឹងមាំ មិន​អនុញ្ញាត​​ឲ្យ​ពួក​ប្រតិកិរិយា​ដ៏​អ​សិរ​ពិស​ណាមួយ​មក​ផ្តួលរំលំ​របបរាជានិយម​ដូច​ឆ្នាំ​១៩៧០​នោះឡើយ​។​

-​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្សនយោបាយ​ដែល​បាន​ហែល​ឆ្លង​នូវ​ឧបសគ្គ​គ្រប់បែបយ៉ាង​ហើយ​តែង​ឈរ​នៅជាប់​ជានិច្ច​ជាមួយ​​ប្រជាជន ព្រមទាំង​បាន​ពុះពារ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩ នាំមក​វិញ​នូវ​ពន្លឺ​ជាថ្មី​សម្រាប់​ជាតិ​និង​ប្រ​​ជា​ជន​។​
​ ​
-​ក្នុង​រយៈ​ជាង ៣៨​ឆ្នាំក្រោយ​ការផ្តួលរំលំ​របប ប៉ុល ពត គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​បែបយ៉ាង​ដើម្បី​អភិវឌ្ឍន៍​​ប្រទេសជាតិ ទាំង​ការ​ហ៊ុម​ព័​ទ​សេដ្ឋកិច្ច​ពី​ខាងក្រៅ​។ សម្តេច​បន្តថា ទោះ​មាន​ឧបសគ្គ​ធំៗ​យ៉ាងណា​ក៏​គណបក្ស​ប្រជាជន​ប្រឹងប្រែង​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​វិល​មកវិញ​។​
​ ​
-​បើ​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​កម្លាំង​ស្នូល​ប្រឹងប្រែង​បង្រួម​បង្រួម​ជាតិ​ទេនោះ គ្មាន​ថ្ងៃ​ចរចារ​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​នោះឡើយ ហើយក៏​គ្មាន​រដ្ឋធម្មនុញ្ញ​នោះដែរ ដែល​នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​។​
​ ​
-​ផ្តើមចេញ​កិច្ចចរចា​សន្តិភាព​នេះ គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ស​ម្តេច​ផ្ទាល់​បាន​ដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​ឈានទៅ​បញ្ចប់​​ភ្លើងសង្គ្រាម​ទាំងស្រុង​នៅ​ចុងឆ្នាំ​១៩៩៨ នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ សម្រាប់​ជាតិ​និង​ប្រជាជន​។​

-​កម្ពុជា​កំពុង​ក្លាយ​ពី​ប្រទេស​មាន​ចំណូល​កម្រិត​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ហើយនឹង​វិវឌ្ឍន៍​ទៅជា​ប្រទេស​ចំណូល​​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​
​ ​
-​ប្តេជ្ញា​រក្សាសុខ​សន្តិភាព ដោយ​មិន​ឲ្យ​កម្លាំង​នយោបាយ​អមិត្ត​ទាំងឡាយណា មក​បំផ្លាញ​នោះឡើយ​។​
​ ​
-​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​នាពេល​កន្លងទៅនេះ បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ហើយ​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​បោះឆ្នោត​ដោយ​សេចក្តីថ្លៃថ្នូរ​។​ការបោះឆ្នោត​នេះ ត្រូវបាន​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ វាយតម្លៃថា ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្ត​ធម៌​។ សម្តេច​តេ​ជោ​ថ្លែងថា ការបោះឆ្នោត​នេះ គឺជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា នៃ​ដំណើរការ​តាម​របប​កម្ពុជា​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។​
​ ​
-​តាមរយៈ​ជោគជ័យ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា គណបក្សកាន់អំណាច​មួយ​នេះ​នឹង​នៅតែ​បន្ត​ឈ្នះ​​ឆ្នោត​ដឹកនាំ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ហើយក៏​បានធ្វើ​ឲ្យ​បរាជ័យ​នូវ​បំណង​អាក្រក់​របស់​អ្នក​ចង់​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ ​
-​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ និង​សាសនា ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​។​
​ ​
-​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​រក្សា​ជំហរ​និង​ការប្តេជ្ញា​ដ៏​រឹងមាំ​ក្នុងការ​ថែរក្សា​សុខសន្តិភាព​ដែលជា​ឃឿន​សម្រាប់​សេចក្តីសុខ​និង​ការ​​អភិវឌ្ឍន៍​ប្រទេសជាតិ​។ សម្តេច​តេ​ជោ បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា ប្រឆាំង​ដាច់ខាត​នូវ​ការ​លាប​ពណ៌​ជេរប្រមាថ​មកលើ​​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​នាំ​ឲ្យ​ប្រទេសជាតិ​ឈានទៅរក​ជម្លោះ និង​ការបែកបាក់​។​
​ ​
-​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​សហការ​ជាមួយ​គណបក្សនយោបាយ និង​អង្គការ​ដៃគូ​ជាតិ អន្តរជាតិ ដែលមាន​សុ​ច្ចរិតភាព ដើម្បី​រក្សា​នូវ​បរិយាកាស​នៃ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ និង​បង្កើន​ការជឿទុកចិត្ត​ដល់​អ្នកវិនិយោគ​។​
​ ​
-​សង្ឃឹមថា អង្គការ​អន្តរជាតិ​ដទៃ​នឹងមិន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ដើម្បី​រក្សាបាន​នូវ​មិត្តភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ ដែលជា​បំណងប្រាថ្នា​របស់​ពលរ​ដ្ឋ​កម្ពុជា​។​
​ ​
-​សុំ​សមាជិក សមាជិកា​ទាំងអស់​ត្រូវ​រួបរួមសាមគ្គី និង​ការពារ​នូវ​សមិទ្ធផល​នាពេល​បច្ចុប្បន្ន​ដែល​កើតចេញ ពី​សុខសន្តិភាព​។​សម្តេច​បាន​​រំលឹក​សមាជិក សមាជិកា​ថា ការបែកបាក់​ជាតិ និង​សង្គ្រាមរ៉ាំរ៉ៃ ពី​អតីតកាល គឺ​បណ្តាលមកពី​កំហុស​ធ្ងន់ធ្ងរ​ធំ​បំផុត​ផ្នែក​នយោបាយ ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិតពី​ប្រយោជន៍​ជាតិ ហើយ​ត្រូវ​ចងចាំ​មិន​គន្លង​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​នេះ​វិល​មកវិញ​នោះឡើយ​។​
​ ​
-​ដើម្បី​ឆ្លើយតប​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត សមាជិក សមាជិកា​ទាំងអស់​ត្រូវ​ផ្តល់ជូន​ប្រជាជន​វិញ នូវ​ការទទួលខុសត្រូវ និង​ការលើកកម្ពស់​ជីវភាព​របស់​ពួកគាត់ ហើយ​មន្ត្រី​គណបក្ស​គ្រប់រូប ត្រូវធ្វើ​សកម្មភាព​ព្រមៗ​គ្នា ដើម្បី​ឈានឆ្ពោះ​ទៅមុខ​មិនអាច​​នៅ​រង់ចាំ​ស៊ី​កេរ្តិ៍​ដ៏​មោទនភាព​ពី​អតីតកាល​នោះទេ​។​
​ ​
-​សុខសន្តិភាព និង​វឌ្ឍនភាព​នាពេល​បច្ចុប្បន្ន គឺ​បានកើត​ចេញពី​កិ​ច្ខ​ខិតខំ​ប្រឹងប្រែង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដោយបាន​យក​​ជីវិត​ធ្វើជា​ដើមទុន និង​ពុះពារ​គ្រប់​ឧ​ប​ស័គ្គ​ទាំងអស់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា យុវជន​សម័យនេះ​មានឱកាស​ច្រើនជាង​​យុវជន​ជំនាន់ ដែល​ស្គាល់​តែ​ភ្លើងសង្គ្រាម និង​ស្លាប់បាត់​បង់ជីវិត​ដោយសារ​សង្គ្រាម​។​
​ ​ ​
-​សម័យ​សង្គមរាស្ត្រនិយម​សម្តេច នរោត្តម សីហនុ ជា​អ្នកសរសេរ​ប្រវត្តិសាស្ត្រ តែ​ក្រោយ​របប​សាធារណរដ្ឋ​របស់លោក លន់ នល់​គឺជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ ហើយ​ចោទ​សម្តេច​ព្រះបិតា​ឯករាជ្យ​ជាតិ ជា​ជន​ក្បត់ជាតិ​។​
​ ​
-​តាម​តឹកតាង​ប្រវត្តិសាស្ត្រ​នេះ គឺ​បាន​បង្ហាញថា អ្នកឈ្នះ គឺជា​អ្នកសរសេរ​ប្រវត្តិសាស្ត្រ ដូច្នេះ​មិន​ឲ្យ​អ្នកដទៃ​ឈ្នះឆ្នោត​ដើម្បី​សរសេរ​​ប្រវត្តិសាស្ត្រ​នោះឡើយ​។ សម្តេច​ថា បើ​អ្នកដទៃ​មានឱកាស​សរសេរ​ប្រវត្តិសាស្ត្រ គេ​ឡើង​តម្កើង សម សារី និង​សឹង ងុ​កថា​ញ់​ដែល​​ជា​ជន​ដែល​សម្តេច នរោត្តម សីហនុ ថា ជា​ជន​ក្បត់ជាតិ​នោះ នឹង​ក្លាយជា​វីរបុរស​ជាតិ និង​ស្នេហា​ជាតិ ហើយ​សម្តេច​នរោត្តម សីហនុ នឹង​ក្លាយជា​ជន​ក្បត់ជាតិ​ជាថ្មី​មិន​ខាន​។​
​ ​
-​អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ទៅលើ​អង្គការ​សង្គម​ស៊ីវិល នៃ​បន្ទប់​តាមដាន​ស្ថានការណ៍​នៃ​ការបោះឆ្នោត​ដែល​បាន​​ធ្វើការ​វាយប្រហារ​ទៅលើ​ស្ថានការណ៍​បោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​បោះឆ្នោត​។​
​ ​
-​ស្នើ​ឲ្យ​ពិនិត្យថា តើ​អ្នកមាន​ទោសទណ្ឌ​អាច​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​គណបក្សនយោបាយ​បានដែរ​ឬទេ​?​សម្តេច​ស្នើ​ឲ្យ​សមាជិកសភា​ធ្វើ​វិសោធនកម្ម​ស្តីពី គណបក្សនយោបាយ​ពិនិត្យ​ទៅលើ​បញ្ហា​នេះ​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​នៃ​ការបោះឆ្នោត គឺ​ដើរ​ស្របគ្នា​ជាមួយ​គណបក្សប្រឆាំង​។​
​ ​
-​រិះគន់​ខ្លាំងៗ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ម្ខាង​ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​និង​ម្ខាង​បែរជា​ខោក​ក្បាល​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
​ ​
-​នឹកស្មាន​មិន​ដល់​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនទាន់​ទាំង​បានឈ្នះ​ឆ្នោត​ផង បែរជា​មើលងាយ​ដល់​គណបក្ស នយោបាយ​តូចៗ​។ សម្តេច​អំពាវនាវ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា មិនត្រូវ​មើលងាយ​ទៅដល់​គណបក្ស​តូចៗ​នោះឡើយ​។​
​ ​
– គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់បាន​បំពេញ​គ្រប់គ្រាន់​តាម​បំណងប្រាថ្នា​របស់​ប្រជាជន ហើយ​មន្ត្រី​ក៏​មិនទាន់​ល្អ​ទាំងអស់​នោះដែរ ព្រោះហេតុនេះ​ហើយ​ទប់​បក្ស​ដាក់ចេញ​នូវ​គោលនយោបាយ និង​ការធ្វើកំណែទម្រង់​ជាច្រើន​។ សម្តេច​តេ​ជោ​បាន​រិះគន់​គណបក្សប្រឆាំង​ថា មិន​មើលឃើញ​ពី​ការប្រឹងប្រែង និង​ខិតខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ តែ​ប្រឹង​តែ​ប្រមូលផ្តុំ​នូវ​កំហុសឆ្គង​របស់​បក្ស​។ សម្តេច​តេ​ជោ អំពាវនាវ​ដល់​សមាជិក​ទាំងអស់ មិនត្រូវ​ឲ្យ​គេ​មក​បំផ្លាញ​សន្តិភាព​កម្ពុជា​បាន​នោះឡើយ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា នៅវេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម