ហេតុអ្វី មហាអំណាច នៅពីក្រោយ ពួកប្រឆាំង?

801
ចែករម្លែក

ដោយៈ​ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​

ហេតុអ្វី មហាអំណាច នៅ​ពីក្រោយ ពួក​ប្រឆាំង​?​តើ​គេ​ស្រឡាញ់​ពួក​ប្រឆាំង​? មិនមែន​ទេ ប៉ុន្តែ​គឺ​ដើម្បី​គេ​បាន​ឱកាស​ប្រើ​ពួក​ប្រឆាំង ជា​កូនអុក​នយោបាយ តថ្លៃ​ជាមួយ​ម្ចាស់​ប្រទេស ដើម្បី​តុល្យភាព​ប៉ូល​នយោបាយ​ផង និង​ដើម្បី​ពង្រីក​ឥទ្ធិពល​អន្តរជាតិ​ផង​។
​មហាអំណាច​មាន​វិធី​ច្រើន​ក្នុង​ការពង្រីក​ឥទ្ធិពល​និង​ដណ្តើម​ផលប្រយោជន៍​តាមរយៈ​ប្រើប្រាស់​ភ្នាក់ងារ​ដូចខាងក្រោម​៖
១- ផ្តល់​លុយ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​ជះឥទ្ធិពល ទាំង​លើ​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​។​
២- ផ្តល់​លុយ​ឲ្យ​ស្ថាប័ន​ផ្សព្វផ្សាយ ហើយ​គេ​ប្រាប់ថា «​អ្នកឯង​ឯករាជ្យ​» ដូច្នេះ អ្នក​ត្រូវ​ហ៊ាន​ជេរ​រដ្ឋាភិបាល​អ្នកឯង​។ អត់​ជេរ អត់​ឲ្យ​លុយ​។​
៣- ផ្តល់​លុយ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​( NGO) និង សកម្មជន ហើយ​គេ​ប្រាប់ថា «​អ្នកឯង​ឯករាជ្យ​» ដូច្នេះ ត្រូវ​ហ៊ាន​រិះគន់​រដ្ឋាភិបាល​អ្នកឯង​។ អត់​ជេរ អត់​ឲ្យ​ជំនួយ​។ អ្នកឯង​ហ៊ាន​ជេរ​អជ្ញាធរ​អ្នកឯង​កាន់តែខ្លាំង យើង​ឲ្យ​ពានរង្វាន់​ប្រចាំឆ្នាំ​។​
៤- ជួយ​ស្មារតី​និង​ជួយ​លុយ​ឲ្យ បក្សប្រឆាំង ហើយ​ប្រាប់ថា អ្នកឯង​ត្រូវ​ប្រឆាំង​រដ្ឋាភិបាល​អ្នក​ឯង ទើប​ប្រជាធិបតេយ្យ​។ ប្រឆាំង​មិន​ខ្លាំង នឹង​ដោះដៃ​លែង​ខ្វល់​។​
៥- ឲ្យ​លុយ​ទៅ​ក្រុម​ជនជាតិភាគតិច ឲ្យ​ហ៊ាន​បាតុកម្ម​តស៊ូ​មតិ​លើ​បញ្ហាដីធ្លី ទំនៀមទម្លាប់ គេ​ថា ហ្នឹងហើយ សិទ្ធិមនុស្ស​។​
៦- ឲ្យ​លុយ​លើកទឹកចិត្ត​អ្នករត់​ចោលស្រុក ឲ្យ​ហ៊ាន​ជេរ​ម្ចាស់​ស្រុក គេ​ប្រាប់ថា​នេះ​គឺ​អ្នកក្លាហាន អ្នកស្នេហាជាតិ​។ ពុទ្ធោ​!​ចុះ​ទាហាន​ឈរ​ការពារ​ប្រទេស​ទាំងយប់​ទាំង​ថ្ងៃ​និង​ម្ចាស់​ស្រុក​បែរ​ទៅជា​អ្នក​មិន​ស្រឡាញ់​ស្រុក​ទៅវិញ​ឆ្កុយ​។​
៧- ផ្តល់​កាំភ្លើង​ទៅ​ពួក​ឧទ្ទាម ឬ​បក្សប្រឆាំង បាញ់​រដ្ឋាភិបាល​វិញ ហើយ​គេ​ឲ្យ​ឈ្មោះថា អ្នក​ទាមទារ​សេរីភាព និង​លើកកម្ពស់​ប្រជាធិបតេយ្យ​ដ៏​ក្លាហាន​។ នៅមាន​ទៀត​…​។​

​ចប់​បេសកម្ម បរទេស​ដកថយ នៅក្នុង​ប្រទេស​នីមួយៗ​នោះ នឹងមាន​សង្គ្រាមស៊ីវិល​១០​ឆ្នាំ​យ៉ាងតិច​៕​សរន​