ហ្វីលីពីន​ចាប់ខ្លួន​ប្រធាន​វេប​សាយព័ត៌មាន​រិះគន់​រដ្ឋាភិបាល​

834
ចែករម្លែក
  • 13
    Shares

​លោកស្រី ម៉ា​រៀ រ៉េ​ស្សា​(Maria Ressa) នាយក​ប្រតិបត្តិ​នៃ​វេប​សាយព័ត៌មាន​Rappler​ដែល​និយាយ​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហ្វីលីពីន ត្រូវបាន​ចាប់ខ្លួន​នៅ​ការិយាល័យ​ធំ​​របស់​ខ្លួន​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កុម្ភៈ​។​

​លោកស្រី ម៉ា​រៀ រ៉េ​ស្សា ត្រូវបាន​ចោទប្រកាន់​ថា​បាន​ផ្សព្វផ្សាយ​អត្ថបទ​ព័ត៌មាន​មិន​ពិត​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ពាក់ព័ន្ធ​សេចក្តីរាយការណ៍​មួយ​អំពី​ទំនាក់ទំនង​រវាង​ពាណិជ្ជករ​​ម្នាក់​ទៅ​នឹង​អតីត​ចៅក្រម​ម្នាក់​។​

​ក្រុម​អ្នកតស៊ូ​មតិ​ដើម្បី​សេរីភាព​សារព័ត៌មាន សង្កេតឃើញ​ថា​នេះ​ជា​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​នេះ​ដើម្បី​បំបិ​ទមាត់​ស្ថាប័ន​ព័ត៌មាន​នេះ​។​

​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ កាលពី​ពេលមុន បាន​បដិសេធ​ការចោទប្រកាន់​ប្រឆាំង​លោក​ស្រី ថា​ជា​ហេតុផល​នយោបាយ​នោះ ។​

​នេះ​ជា​ករណី​ចុងក្រោយ​បំផុត​នៅក្នុង​ការចោទប្រកាន់​ខុសៗ​គ្នា​ជា​ច្រើន និង​ជា​បន្តបន្ទាប់​ប្រឆាំង​លោក​ស្រី ម៉ា​រៀ រ៉េ​ស្សា ដែល​វេបសាយ​របស់​លោកស្រី ត្រូវ​បាន​និយាយថា​​ជា​ប្រភព ” ព័ត៌មាន​មិន​ពិត ” ដោយ លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ។​

​ការចោទប្រកាន់​ចុងក្រោយ​បំផុត​ប្រឆាំង​លោកស្រី ម៉ា​រៀ រ៉េ​ស្សា គឺ​កើត​ចេញ​មក​ពី​របាយការណ៍​មួយ​ដែល​មាន​រយៈពេល​៧​ឆ្នាំ​មកហើយ​អំពី​ចំណង​ទាក់ទង​របស់​ពាណិជ្ជករ​​ម្នាក់ ទៅ​នឹង​អតីត​ចៅក្រម នៅ​តុលាការ​កំពូល​របស់​ហ្វីលីពីន​។​

​ករណី​នេះ​កើតឡើង​ក្រោម​”​ច្បាប់​ប្រឆាំង​ព័ត៌មាន​មិន​ពិត​” ដ៏​ចម្រូងចម្រាស​មួយ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ខែកញ្ញា​ឆ្នាំ​២០១២ ពោលគឺ​៤​ខែ​បន្ទាប់​ពី​ច្បាប់​នេះ​​ត្រូវបាន​ផ្សព្វផ្សាយ​។​

​ក្រុមមន្ត្រី​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​លោក​ស្រី​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៧​ប៉ុន្តែ​វា​ត្រូវ​បាន​ច្រានចោល​ដោយ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​ពីព្រោះ​ការកំណត់​រយៈពេល​​មួយ​ឆ្នាំ​សម្រាប់​ចំណាត់​ករណី​និយាយ​បង្ខូចឈ្មោះ​នេះ បាន​ផុតកំណត់​តាម​ផ្លូវច្បាប់​។ ទោះ​យ៉ាងនេះក្តី កាលពី​ខែ​មីនា​ឆ្នាំ​២០១៨ ការិយាល័យ​ស៊ើបអង្កេត​ជាតិ​នេះ បាន​បើក​ដំណើរ​​ការ​ករណី​នេះ​វិញ​។​

​ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​លោកស្រី ម៉ា​រៀ រ៉េ​ស្សា បាន​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​ទៅ​លើ​ការចោទប្រកាន់​អំពី​ការ​ក្លែងបន្លំ​ពន្ធ ដែល​លោក​​ស្រី​បាន​និយាយថា ជាការ​ប្រឌិត​ឡើង​។​

​បើសិន លោកស្រី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​ពី​ករណី​ការ​ក្លែងបន្លំ​ពន្ធ​នេះ លោកស្រី​អាច​ប្រឈម​ការជាប់គុក​១០​ឆ្នាំ ហើយ ករណី​ផ្សព្វផ្សាយ​អត្ថបទ​ព័ត៌មាន​មិន​ពិត​នេះ អាច​ឱ្យ​លោកស្រី​ជាប់គុក​១២​ឆ្នាំ​។​

​ដោយ​បាន​និយាយ​ទៅកាន់​ក្រុម​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​ការចាប់ខ្លួន​លោក​ស្រី​មក​នោះ​លោកស្រី ម៉ា​រៀ រ៉េ​ស្សា បាន​និយាយថា លោកស្រី​មាន​ការ​ស្លុតចិត្ត​ខ្លាំង​ដោយសារតែ​ នីតិរដ្ឋ ត្រូវ​បាន​រំលោភ​បំពាន​៕​ដោយ​៖​សុខា​/sn

លោកស្រី ម៉ា​រៀ រ៉េ​ស្សា និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ការិយាល័យ​ស៊ើបអង្កេត បន្ទាប់​ពី​ការចាប់ខ្លួន​លោកស្រី​នៅ​ទីក្រុង​ម៉ានីល​

ទីតាំងផ្សាយពាណិជ្ជកម្ម