ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ករណី​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត​

522
ចែករម្លែក

ដោយ:ចាន់តូ​/ភ្នំពេញ​ ៖ ជនជាតិ​ចិន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​​ឃាត់ខ្លួន ​ក្រោយពី​រូបគេ​យក​ដុំថ្ម​ទៅ​គប់​កញ្ចក់​រថយន្ត​បណ្តាលឲ្យបែក​។​ហេតុការ​ណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី​ថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​មុខ​ចហាង​អង្គរធំ ផ្លូវ​១០១៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា​ជនសង្ស័យ​មាន ឈ្មោះ XUB0 ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅក្នុង​រោងចក្រ គា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​គ្មាន​សារធាតុ​ញៀន​)​។​ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ព្រហ្ម សុធា​រ័ត្ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ខោអាវ ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​សម្ភារៈ​ខូចខាត រួមមាន បែ​កញ្ចក់​ឡាន​ចំហៀង​មុខ​ខាងស្តាំ ចំនួន​១​ផ្ទាំង ។​ ចំណែកសម្ភារៈដែលជនបង្កបាន​បន្សល់ទុក រួមមានដុំថ្ម​ចំនួន​១​ដុំ, និង​ទូរ​សព្ទ័​ដៃ​១​គ្រឿង ម៉ាក​ហូ​វ៉ៃ របស់​ជនសង្ស័យ ។​

តាម​ការ​ឲ្យដឹងពី​ជនរងគ្រោះ​បានបញ្ជាក់ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដឹក​ជនសង្ស័យ​ពី​រោងចក្រ​កាណាឌីយ៉ា នៅ​ម្តុំ​ផ្លូវ​វេ​ស្រេង ក្នុង​គោលបំណង​ដើរ​លង។ បន្ទាប់មក​ជនសង្ស័យ និង​ជនរងគ្រោះ​ក៏មានទំនាស់​ពាក្យសម្តី និង​ប្រកែក​គ្នា​តាមផ្លូវ។ ដោយមាន​ស្ថានភាព​ស្រវឹងស្រាផងនោះ ជនរងគ្រោះ​បាន​បើ​ឡាន​ដឹក​ជនសង្ស័យ​ទៅ​រោងចក្រ​វិញ​កន្លែង​ស្នាក់នៅ។ ​

លុះពេលធ្វើ​ដំណើរ​ដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​បាន​យកដៃ​ទាញ​ប្រាំង​ឡាន​ឲ្យ​ឈប់ ​រួច​ចុះ​ពីលើ​ឡាន​យក​ដុំថ្ម​គប់​កញ្ចក់​ឡាន​ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​បែក ក៏មានការ​ឆោឡោ ភ្លាមនោះ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បានធ្វើការ​ល្បាត​ដល់​ចំណុច​ខាងលើ ឃើញ​ក៏បាន​នាំខ្លួន​ជនសង្ស័យ​យកមក​​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​។​

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​៕​B/