ណា​សា វិល​ទៅ​កាន់​ព្រះ​ចន្ទ តែ​ពេល​នេះ​ស្នាក់​នៅ​ទីនោះ​តែម្តង​

685
ចែករម្លែក
  • 17
    Shares

​អង្គការ​អាវ​កាស​អាមេរិក​(​ណា​សា​)​កំពុង​ពន្លឿន​ផែនការនាំ​ជនជាតិ​អាមេរិក​ទៅ​កាន់​ព្រះចន្ទ​វិញ និង​ពេល​នេះ ទីភ្នាក់ងារ​អវកាស​នេះ​និយាយថា​នឹង​ស្នាក់នៅ​ទីនោះ​តែម្តង​។​

​ជី​ម ប្រាយ​ដេន​ស្ទី​ន នាយក​រដ្ឋបាល​នៃ​អង្គការ​ណា​សា បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​១៤​កុម្ភៈ​ថា ទីភ្នាក់ងារ​មាន​គំរោង​ពន្លឿន​ផែនការ​គាំទ្រ​ដោយ​ប្រធានា​ធិប​​តី​ត្រាំ ដើម្បី​វិល​ទៅកាន់​ព្រះ​ចន្ទ ដោយ​ប្រើ​បណ្តា​ក្រុមហ៊ុន​ឯកជន​។​

​ជី​ម ប្រាយ​ដេន​ស្ទី​ន ប្រធាន​អង្គការ​ណា​សា និយាយថា​លោក​សង្ឃឹមថា​អ្នក​អវកាស​អាមេរិក​នឹង​វិល​ទៅ​ព្រះ​ចន្ទ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៨

​នៅ​ឯ​កិច្ចប្រជុំ​មួយ​នៅ​ស្នាក់ការ​ណា​សា​នៅ​ក្រុង​វ៉ាស៊ីនតោន លោក​ប្រាយ​ដេន​ស្ទី​ន បាន​និយាយថា​« វា​សំខាន់​ណាស់​ដែល​យើង​វិល​ទៅ​កាន់​ព្រះ​ចន្ទ​អោយ​បាន​លឿន​តាម​ដែល​អាច​​ធ្វើបាន​។​ពេល​នេះ​ពេល​យើង​ទៅ​ដល់​ព្រះ​ចន្ទ យើង​ពិតជា​ស្នាក់​នៅ​ទីនោះ​។​យើង​មិន​គ្រាន់តែ​បន្សល់​ទុក​ទង់ជាតិ​និង​ដានជើង​ដូច​កាលពី​មុន​ទេ​..»​។​

​សូមបញ្ជាក់​ថា មនុស្ស​ចុងក្រោយ​បំផុត​ដែល​ដើរ​លើ​ព្រះ​ចន្ទ គឺ​អ៊ី​ជីន សឺ​ណាន កាលពី​ខែ​ធ្នូ​ឆ្នាំ​១៩៧២ ក្នុងអំឡុង​បេសកកម្ម​អា​ប៉ូ​ឡូ​ទី​១៧​។​

​មុន​ពេល​មនុស្ស​ជាន់​ឋាន​ព្រះ​ចន្ទ​សាជាថ្មី ណា​សា​មាន​បំណង​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅ​ព្រះ​ចន្ទ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៤ និង​បាន​អញ្ជើញ​ក្រុមហ៊ុន​ឯកជន​ចូល​ដេញថ្លៃ​​ដើម្បី​បង្កើត​ការសិក្សា​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​នេះ​រួច​ហើយ​ដែរ​។​

​ណា​សា មាន​ផែនការ​សង់​ស្ថានីយ​អវកាស​តូច​មួយ ឈ្មោះថា​Gateway​នៅក្នុង​គន្លង​វិថី​របស់​ព្រះ​ចន្ទ​នៅ​ត្រឹម​ឆ្នាំ​២០២៦​។​វា​នឹង​បំរើ​ជា​ស្ថានីយ​កណ្តាល​សំរាប់​ទៅកាន់​និង​វិល​មក​ពី​​ព្រះ​ចន្ទ តែ​នាវិក​មិន​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ដូច​ស្ថានីយ​អវកាស​អន្តរជាតិ ដែល​កំពុង​នៅ​ក្នុង​តារាវិថី​ផែនដី​ទេ​។​

​បើ​តាម​លោក​ប្រាយ​ដេន​ស្ទី​ន នៅមុន​កម្មវិធី​បញ្ជូន​មនុស្ស​នេះ អង្គការ​ណា​សា​ក៏​ជំរុញ​បញ្ជូន​ឧបករណ៍​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៅកាន់​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០២០ ឬ​ចុងឆ្នាំ​​នេះ​៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ