ក្រសួង​វប្បធម៌​ប្រកាស​បើក​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​

835
ចែករម្លែក
  • 4
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានប្រកាស​បើក​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៥(២០១៥-២០១៩)​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២១​ឆ្នាំ​២០១៩ ។​ដើម្បី​រំលឹក​ដល់​គុណ​និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​បុព្វបុរស​ខ្មែរ​ក៏ដូចជា​ការ​ក្រើនរំលឹក​ដល់​យុវជន និង​ពលរដ្ឋ​ទូទៅ​ឱ្យមាន​ស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ​និង​ថែរក្សា​ការពារ​ស្នាដៃ​បុព្វបុរស​ជាតិ​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​។​

ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​នា​ទីស្តីការក្រសួង​វប្បធម៌ លោក​សំរាំង​កំសាន្ត​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យដឹងថា​ទិវា​វប្បធម៌​៣​មីនា​នេះ​ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ​។​ដែលជា​និច្ច​ជា​កាល​រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់​រៀបចំ​ពិធី​នេះ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​រំលឹក​គុណូបការៈ​និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​បុព្វបុរស​នៃ​ខ្មែរ​យើង​។​ដែល​បាន​បន្សល់ទុក​នូវ​កេរ្តិ៍មរតក​វប្បធម៌​ដ៏​សំបូរបែប​និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

លោក​បានបញ្ជាក់​បន្ថែម​ថា​ការរៀបចំ​កម្មវិធី​នេះ​ឡើង​ក៏​ដើម្បី​គោរព​តាម​មតិ​ណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងការ​ពង្រឹងគុណភាព​និង​ពង្រីក​បរិមាណ​នៃ​ក្រុម​សិល្បៈ​យុវជន​ដើម្បី​ចូលរួម​ក្នុង​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស និង​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

លោក​បាន​មានប្រសាសន៍ថា​សម្រាប់​ការរៀបចំ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៥​នេះ​មាន​គោលបំណង​សំខាន់ៗ​ដូចជា​៖​បន្ត​ការប្រើប្រាស់​សក្តានុពល​និង​តួនាទី​បន្តវេន​របស់​យុវជន​ខ្មែរ​ទូទាំងប្រទេស​,​បន្ត​ការបណ្តុះ​ស្មារតី​ស្នេហា​វប្បធម៌​ជាតិ​ក្នុង​ស្រទាប់​យុវជន​,​បន្ត​ការហ្វឹកហ្វឺន​យុវជន ឱ្យ​ប្រកួតប្រជែង​ផលិត​ស្នាដៃ​សិល្ប៍​និមិត្ត​កម្ម​ថ្មី​ដើម្បី​បំរើ​សេចក្តី​សប្បាយរីករាយ ថ្លៃថ្នូរ ,​ចូលរួម​ប្រែក្លាយ​ប្រទេសជាតិ​ឱ្យទៅជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​,​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣ មីនា​លើក​ទី​២១​ឆ្នាំ​២០១៩​។​

ដោយឡែក​លោក​ឡុង​ប៉ុណ្ណា​ស៊ី​រី​វត្ត​អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យដឹង​ដែរ​ថា​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​នេះ​ជាការ​ជំរុញ​ផ្សព្វផ្សាយ​ការផ្ទេរ​ចំណេះដឹង​ដល់​បណ្តា​យុវជន​ឱ្យមាន​ចំណេះធ្វើ​ជំនាញ​បច្ចេក​ទេ​និង​ទេពកោសល្យ​វប្បធម៌​ក៏ដូចជា​បំផុសស្មារតី​ឱ្យ​ស្រឡាញ់​វប្បធម៌​ជាតិ​និង​មនសិការ​ស្នេហា​ជាតិ​។​

លោក​បាន​បន្ត​ឱ្យដឹងថា​សម្រាប់​ខ្លឹមសារ​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ស្នាដៃ​ទាំងអស់​គឺ​យក​ការអប់រំ​ជា​មូលដ្ឋាន​ពិសេស​ឱ្យ​យុវជន​សម័យថ្មី​ដើរ​លើផ្លូវ​ល្អ​និង​បាន​ស្គាល់​នូវ​តម្លៃ​វប្បធម៌​ជាតិ​។​ក្នុងឆ្នាំនេះ​ដែរ មាន​ក្រុម​សិល្បៈ​យុវជន​ចំនួន​៤៦​ក្រុម​ចូលរួម​ប្រកួត ហើយ​បើ​សរុប​អ្នក​សិល្បៈក​១១២៥​នាក់​។​

គួរបញ្ជាក់​ថាបើ​តាម​មន្ត្រីជាន់ខ្ពស់​នេះ​ក្រសួង​វប្បធម៌​បានឱ្យដឹងថា​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៩​នឹងមាន​ការបើក​ទិវា​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​តេ​ជោ​ហ៊ុនសែន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម