​ពលរដ្ឋ​ឃុំ​អូរអណ្តូង​ស្រុក​សាលា​ក្រៅ​សាទរ​ទទួលបាន​ស្ពានបេតុង​ប្រវែង​៦០​ម៉ែត្រ​

824
ចែករម្លែក
  • 12
    Shares

​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​ពលរដ្ឋ​ឃុំ​អូរអណ្តូង​ស្រុ​សាលា​ក្រៅ​បាន​អបអរសាទរ​ដោយ​ទទួលបាន​ស្ពានបេតុង​១​ខ្សែ​ប្រវែង​៦០​ម៉ែត្រ​ឆ្លងកាត់​ស្ទឹង​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង​ឃុំ​អូរអណ្តូង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​ដែល​កំពុង​សាងសង់​ជា​បណ្តើរៗ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​ស្ថាបនា​ដោយ​កងវិស្វកម្ម​អគ្គបញ្ជាការ​នៃ​កង​យុ​ទ្ធិ​ពល​ខេ​មរ​ភូមិ​ដែល​ជួយ​សម្រួល​ឱ្យ​ពួកគាត់​ងាយស្រួល​ក្នុងការ​ឆ្លងកាត់​ទាំង​នៅ​រដូវប្រាំង​និង​រដូវវស្សា​ហើយ​អាចឱ្យ​កូនចៅ​ទៅ​សាលារៀន​បាន​ទាន់ពេលវេលា​។​

​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​កាលពី​ដើមឡើយ នៅ​ចំណុច​ស្ទឹង​មួយ​នេះ មិនមាន​ស្ពានថ្ម ឬ​ស្ពានឈើ​អ្វី​ឆ្លង​នោះទេ មានការ​លំបាក​យ៉ាងខ្លាំង​។​ទើបតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មាន​គេ​ធ្វើ​ស្ពានឈើ​សម្រាប់​ឆ្លង​ទៅមក​។​ប៉ុន្តែ​ត្រូវ​បង់លុយ​ជាប្រចាំ​ថ្ងៃ​ក្នុង​ម្នាក់​អស់​៥០០​រៀល ប្រសិន​ឆ្លងទៅ​ឆ្លង​មក​អស់​១.០០០​រៀល ។

​ប្រភព​ដដែល​បាន​បន្តថា​ស្ពានឈើ ដែល​គេ​ធ្វើ​ឲ្យ​ឆ្លង​ហើយ​យកលុយ​នោះ​គឺ​បាន​ឆ្លង​តែ​​រដូវប្រាំង​ដែល​ទឹកស្ទឹង​មិន​ឡើង​ប៉ុណ្ណោះ​។ ប្រសិនបើ​មាន​ទឹកជំនន់​ម្តងៗ​គឺ​មិនអាច​ឆ្លង​ទៅមក​បានឡើយ​។​ដោយសារ​មានការ​លំបាក​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ជាពិសេស​គឺ​សិស្សសាលា​តែម្តង​ដែល​ឆ្លងទៅ​រៀន​នៅ​វិទ្យាល័យ​ម្តងៗ​វេទនា​ខ្លាំង ហើយ​ចំពោះ​បញ្ហា​ពិបាក​ធ្វើដំណើរ​នេះ​អាជ្ញាធរ​ភូមិ​-​ឃុំ​បានដាក់​ពាក្យ​ស្នើរ​សុំ​ទៅ​ស្រុក​រហូតដល់​ថ្នាក់​ខេត្ត​ផងដែរ​តែ​មិនទាន់មាន​ការឆ្លើយតប​ឡើយ ។​

ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅពេលនេះ​ឆាប់ៗ​ខាងមុខនេះ​ប្រជាពលរដ្ឋ​ទាំងអស់​លែងមាន​ការព្រួយបារម្ភ​អ្វី​ទៀតហើយ​ព្រោះ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ចំណុច​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​អ្នកភូមិ​និង​កូនចៅ​ទៅ​រៀន​ឬ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើនេះ​បានលើកឡើង​ថា​ពេល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មិនអាច​ធ្វើដំណើរ​កើត​នោះទេ សិស្ស​ទៅ​រៀន​ក៍​មិនបាន​ពិបាក​ឆ្លង​ទឹកស្ទឹង​ព្រោះ​ទឹក​ហូរ​បុក​ខ្លាំង​គឺ​ពិតជា​លំបាក​ខ្លាំងណាស់​ទើបតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គេ​ធ្វើ​ផ្លូវ​ស្ពានឈើ​តែ​ត្រូវ​បង់លុយ​ពេល​ដើរ​ឆ្លងកាត់​ទៅមក​។

ពួកគាត់​បញ្ជាក់ថា​ក្នុងនាម​ប្រជាពលរដ្ឋ​រស់​​នៅក្នុង​ភូមិ​ហើយ​ដើរ​ឆ្លងកាត់​ស្ទឹង​មួយ​នេះ​ពិតជា​សប្បាយរីករាយ​ក្រៃលែង​និង​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត មន្ទីរជំនាញ​អភិវឌ្ឍន៍ជនបទ ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ​បាន​យកចិត្តទុកដាក់ ក្នុង​ការកសាង​ស្ពាន​មួយកន្លែង​នេះ​សម្រាប់​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ពលរដ្ឋ​ដែល​ទៅមក​ជា​រៀងរាល់ថ្ងៃ​ជាពិសេស​គឺ​សិស្សសាលា​ទៅ​រៀន​តែម្តង ៕S/