ទឹក​បឹង​ស្រក​លឿន​ខុសធម្មតា មន្ត្រី​សហគមន៍​បឹង​ពារាំង​បារម្ភ​ពី​ជម្រក​ត្រី​មេ​ពូជ​និង​សត្វ​ស្លាប​

1081
ចែករម្លែក
  • 169
    Shares

ដោយៈ អង្គរតូច / សៀមរាប​: ក្រុមមន្ត្រី​សហគមន៍​បឹង​ពារាំង​ប្រមាណ​ជិត​២០០​នាក់ បាន​សម្តែង​ពី​ការព្រួយបារម្ភ អំពី​ជម្រក​ត្រី​មេ​ពូជ និង​សត្វ​ស្លាប​ទឹក​រាប់រយ​ប្រភេទ ខណៈ​រដូវប្រាំង​ហួតហែង​ទឹក​បឹង​ស្រក​លឿន​ខុសធម្មតា កំពុង​គំរាមកំហែង​ដល់​ជីវិត​ត្រី​និង​សត្វ​ទាំងនេះ​។​

​នៅ​រសៀល​ថ្ងៃទី​១៦​ខែកុម្ភៈ​នេះ ក្រុមមន្ត្រី​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង បាន​លើកឡើងថា ដោយសា​តែ​រដូវប្រាំង​ឆ្នាំនេះ មាន​សភាព​ក្តៅ​ហួតហែង​ខុសធម្មតា ហើយ​ទឹក​ក្នុង​បឹង​ពារាំង ស្រក​លឿន​យ៉ាងខ្លាំង ពួកគាត់​មានការ​បារម្ភ​អំពី​ជម្រក​ត្រី​មេ​ពូជ​និង​សត្វ​ស្លាប​ទឹក ជាច្រើន​រយ​ប្រភេទ ដែល​កំពុង​ផ្ញើ​ជីវិត​នៅទីនេះ​។ កាលពី​ឆ្នាំ​កន្លងទៅ អំឡុង​ខែកុម្ភៈ​ដូចគ្នា ទឹក​ក្នុង​បឹង​ពារាំង​មិន​ស្រក​លឿន​ខ្លាំង​បែបនេះ​ទេ កន្លែង​ខ្លះ​កំពស់​ទឹក​នៅក្នុង​កំរិត​១​ម៉ែត្រ​ឬ​ក្រោម​តិចតួច​។ ប៉ុន្តែ​ឆ្នាំនេះ កំពស់​ទឹក​នៅសល់​ត្រឹម​កន្លះ​ម៉ែត្រ ហើយ​កន្លែង​ខ្លះ​ក្រោម​នេះ​ក៏មាន​។ ចំណុច​ទាំងនេះហើយ ដែល​ពួកគាត់​ព្រួយបារម្ភ អំពី​កង្វះ​ទឹក​។

​ក្រុមមន្ត្រី​បន្តថា នៅក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង ក្រៅពី​ត្រី​មេ​ពូជ សត្វ​ស្លាប​ទឹក​ច្រើន​រយ​ប្រភេទ ក៏​នៅមាន​ពពួកសត្វ​ល្មូ​ន​ផ្សេងទៀត ដែល​បាន​យក​បឹង​មួយ​នេះ​ធ្វើជា​ជម្រក និង​បន្ត​ពូជ​របស់​ពួកវា​។ ប៉ុន្តែ​ប្រសិនបើ​រដូវក្តៅ​ហួតហែង ស្រូបយក​ទឹក​ក្នុង​បឹង ឲ្យ​រីងស្ងួត​អស់​មែន​នោះ ជីវិត​សត្វ​គ្រប់​ប្រភេទ និង​ត្រី​មេ​ពូជ ដែល​ពួកយើង​ខំប្រឹង​អភិរក្ស​និង​ថែរក្សា​ច្រើន​ឆ្នាំ​មកនេះ វា​នឹង​បាត់បង់​ទៅវិញ​តែត្រឹម​រយៈពេល​ខ្លី​។ អ៊ីចឹង​ទេ ក្នុងនាម​ជាម​ន្ត្រី​អភិរក្ស​ទាំង​១៦៥​នាក់ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរខេត្ត និង​ក្រសួង​ពាក់​ព​ន្ធ័ មេត្តាជួយ​ជ្រោមជ្រែង និង​អន្តរា​គម​ន៏​ឲ្យ​បាន​ជីក​ស្រះ​បន្ថែម​នៅក្នុង​បឹង​ពារាំង ដើម្បី​រក្សា​ត្រី​មេ​ពូជ ក៏ដូចជា​សត្វ​គ្រប់​ប្រភេទ ក្នុង​តំបន់​ទេសចរ​ណ៏ ដ៏​ស្រស់ត្រកាល​មួយ​នេះ​។​

​ជាមួយគ្នា​នោះ ក្រុមមន្ត្រី​សហគមន៍ ក៏បាន​សុំ​ក្តីមេត្តា ពីស​ម្ដេច​តេ​ជោ​ហ៊ុន សែន កសាង​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ប្រហែល​៤​គីឡូម៉ែត្រ ចូលទៅ​បឹង​ពារាំង ដើម្បី​ងាយស្រួល​ការនាំ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ចូលទៅ​ទស្សនា​បឹង​ធម្មជាតិ​ដ៏​ទាក់ទាញ​នេះ​។ ត្បិត​អី​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​កន្លែង នៅក្នុង​ខេត្តសៀមរាប សុទ្ធសឹង​ជា​ផ្លូវ​ដែល​ល្អ​ស្អាត​រួច​អស់​ទៅហើយ​។ ឯ​ចំណែក​ផ្លូវ​ចូលទៅ​តំបន់​ទេសចរ​ណ៏​បឹង​ពារាំង ក្នុង​រដូវវស្សា​ត្រូវ​រង​ដោយ​ទឹក​លិច ពុំ​អាចធ្វើ​ដំណើរ​ទៅបាន ឯ​រដូវប្រាំង​មាន​សភាព​ជង្ហុក​ធំៗ​ស្ទើ​តែ​ពុំ​អាច​ចូល​ទៅបាន​ដូចគ្នា​។ ក្រុម​សហគម បង្ហាញ​ពី​ភាព​ជឿជាក់ថា អាជ្ញាធរ ក្រសួង​ពាក់​ព​ន្ធ័ ពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ប្រា​ដក​ជា​ជួយ​ជ្រោមជ្រែង ដល់​សហគម​ន៏​ទេសចរ​ណ៏​វប្ប​ធ​ម៏​ធម្មជាតិ​បឹង​ពារាំង ឲ្យ​បាន​ដំណើរការ​ដោយ​ជោគជ័យ​ជាក់​ជាមិនខាន​។​

​សូម​ជម្រាបជូន​ថា ប្រសិនបើ​លោកអ្នក​នៅ​មិនទាន់បាន​ស្គាល់ ឬ​មិនទាន់បាន​ទស្សនា​ទេសភាព​ធម្មជាតិ​បឹង​ពារាំង​នា​រដូវប្រាំង​ទេនោះ លោកអ្នក​អាច​ទស្សនា​រូបភាព​ដ៏​ស្រស់ត្រកាល​ជាច្រើន​សន្លឹក​នេះ​បាន​។ ទេសភាព​ទាំងនេះ​ប្រសិនបើ​បាន​ទស្សនា​ហើយ ប្រា​ដក​ជា​ពិបាក​ក្នុងការ​បំភ្លេច​ទៅវិញ​បាន​ណាស់ ព្រោះថា​ក្រៅពី​ផ្ទៃ​ទឹក​ល្វឹងល្វើយ ព្រៃ​លិច​ទឹក​ដ៏​ស្រស់ត្រកាល លាយឡំ​ដោយ​ខ្យល់​ធម្មជាតិ​បរិសុទ្ធ​ផង​នោះ ក៏​នៅមាន​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ រង់ចាំ​ស្វាគមន៍​លោកអ្នក តាមរយៈ​ហោះហើរ​បង្អួតរាង ប្រឡែង​ជាមួយនឹង​កែវភ្នែក​ទាំង​គូរ​របស់លោក​អ្នក​ទៀត​ផង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម