ក្រុមហ៊ុន​ល្បីឈ្មោះ​នៃ​អារ៉ាប់​រួម ចង់​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​

1072
ចែករម្លែក
  • 724
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: ស្ថិតក្នុង​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ក្រុម​អ្នកវិនិយោគ នៃ​ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ាត់ បាន​សម្ដែង​ការកោតសរសើរ និង​ភ្ញាក់ផ្អើល​ពី​កម្រិត​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​លើសពី​ការ​ស្មាន ជាពិសេស​ការរីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ ដែលជា​កត្តា​មួយ​សម្រាប់​ពង្រឹង​ភាពជឿជាក់​ដល់​ធុរជន ដូចជា​ក្រុមការងារ​លោក​ផ្ទាល់​ជាដើម​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ការងារ រវាង​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក អាប់​ដូ អា​លី កាយា​លី (Abdo Ali Kayali) នាយក​ចាត់ការ​ទូទៅ​និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រុមហ៊ុន ម៉ូ​ហា​ម៉េ​ត អូ​ម៉ារ​ប៊ី​ន ហៃ​ឌឺរ (Mohammad Omar Bin Haider Holding Group P.S.C) នៃ​ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ាត់ បានបង្ហាញ​ពី​ចំណាប់​អារ​ម្មរណ៍​របស់​ក្រុមហ៊ុន​លោក​លើ​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​មួយចំនួន​រួមមាន​៖ វិស័យ​កាត់ដេរ វិស័យ​កសិកម្ម ជាពិសេស​ស្រូវ​អង្ករ និង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​។ លោក​បន្តថា ចំពោះ​វិស័យ​កាត់ដេរ ក្រុមហ៊ុន​របស់លោក​មា​ន​រោងចក្រ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​រួចហើយ ប៉ុន្តែ​លោក​ចង់​ពង្រីក​ផលិតកម្ម​បន្ថែម​នៅ​ប្រទេស​កម្ពុជា ដោយ​យល់​អំពី​បរិយាកាស​ធុរកិច្ច​ល្អ និង​កត្តា​រួមផ្សំ​ដទៃទៀត​ក្នុង​វិស័យនេះ​។​

​ភាគី​ជំនួប​បានបញ្ជាក់​បន្ថែមថា ដោយឡែក​វិស័យ​កសិកម្ម លោក​មានបំណង​ស្វែងយល់​ពី​បន្ថែម​ពី​ការធ្វើ​អាជីវកម្ម​ស្រូវ​អង្ករ ដោយ​ក្រុមហ៊ុន​លោក​មិន​ត្រឹមតែ​ចង់​ធ្វើការ​នាំចេញ​អង្ករ​ទៅ​ប្រទេស​នៅ​តំបន់​ប​ជ្ឈឹ​ម​បូព៌ា តែ​ក្រុមហ៊ុន ក៏​ចង់​មក​វិនិយោគ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​អង្ករ​ទាំងមូល​ពី​ការធ្វើ​ស្រែ​រហូតដល់​ការនាំចេញ​។ រីឯ វិស័យ​ទេសចរណ៍ ក្រុមហ៊ុន​របស់លោក​ក៏មាន​ចំណាប់អារម្មណ៍​ផងដែរ ដោយ​ក្រុមហ៊ុន​មាន​សណ្ឋាគារ​មួយចំនួន​នៅ​ប្រទេស​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​។​

​ជា​កិច្ច​ឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សង្កត់ធ្ងន់ថា លទ្ធផល​នេះ​គឺ​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​រក្សាបាន​សន្តិភាព និង​ស្ថេរភាព​នយោបាយ ដែលជា​កត្តា​ចម្បង​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ជម្រាបជូន​ទៀតថា ប្រទេស​កម្ពុជា​ស្វាគមន៍​គ្រប់ការ​វិនិយោគ​ទាំងអស់ និង​មាន​បរិយាកាស​ធុរកិច្ច​មួយ​ដែល​បើកទូលាយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​។ ជា​ព័ត៌មាន​បន្ថែម​លើ​វិស័យ​កាត់ដេរ លោក​លើកឡើងថា វិស័យ​កាត់ដេរ​កម្ពុជា ជា​គំរូ​មួយ​ដ៏​ល្អ​របស់​ប្រទេស​ទាំងឡាយ ដោយ​កម្ពុជា​បាន​ប្រកាន់ខ្ជាប់ និង​អនុលោម​តាម​ស្តង់ដារ​របស់​អង្គការ​ពលកម្ម​ពិភពលោក (ILO) តាមរយៈ​ការអនុវត្ត​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (Better Factories Cambodia) ដែល​តាមដាន បណ្ដុះបណ្ដាល និង​ណែនាំ​យ៉ាង​ម៉ត់ចត់​ដល់​រោងចក្រ​ទាំងឡាយ​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ជូន​ភាគី​ជំនួប​ថា ចំពោះ​កសិកម្ម លោក​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន ពិនិត្យ និង​ពិភាក្សា​បន្ត​ជាមួយ​ក្រុមហ៊ុន​ឯកជន ក៏ដូចជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ចាប់​ជា​ដៃគូ​ជាមួយគ្នា​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​វិស័យនេះ តាមរយៈ​ការសាងសង់​រោង​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្ដុក និង​ធ្វើ​ទំនើបកម្ម​ផ្សេងៗ សម្រាប់​ឲ្យ​កម្ពុជា​អាច​នាំចេញ​បាន​រឹតតែ​ច្រើន​នៅ​ថ្ងៃមុខ​។ ចំពោះ​វិស័យ​ទេសចរណ៍​វិញ លោក​បាន​ជម្រាប​ថា តម្រូវការ​សណ្ឋាគារ​ថ្នាក់ខ្ពស់ គឺ​នៅមាន​ច្រើន ទោះបីជា​សណ្ឋាគារ​ធំៗ​មួយចំនួន​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ហើយក៏​ដោយ ដូចនេះ​ឯកឧត្តម បាន​ជម្រាប​ឲ្យ ក្រុមហ៊ុន​បន្ត​ស្វែងយល់​ពី​វិស័យនេះ ក៏ដូចជា​សង្កេតមើល​ដៃគូ​អចលនទ្រព្យ​ដែលមាន​សក្ដានុពល​។​

​សូម​ជម្រាបជូន​ថា ក្រុមហ៊ុន ម៉ូ​ហា​ម៉េ​ត អូ​ម៉ារ​ប៊ី​ន​ហៃ​ឌឺរ​ខាងលើ មាន​អាយុកាល​ប្រមាណ​៩០​ឆ្នាំ​មកហើយ ដោយមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ប្រមាណ​៦០​ក្រុមហ៊ុន និង​ធុរកិច្ច​នានា​នៅក្នុង​ប្រទេស​ចំនួន​០៥ នៅក្នុង​ទ្វីបអាស៊ី និង​អឺរ៉ុប​៕ ល​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម