យន្តហោះ​យោធា​អាមេរិក​ចុះ​នៅ​ជិត​ព្រំដែន​វេ​ណេ​ស៊ុយអេ​ឡា​ជាមួយ​នឹង​ជំនួយ​(វីដេអូ)

946
ចែករម្លែក
  • 479
    Shares

​យោធា​អាមេរិក​បាន​ដឹក​ជំនួយ​មនុស្សធម៌​រាប់​តោន​ទៅកាន់​ទីប្រជុំជន​កូឡុំប៊ី​មួយ​ជាប់​ព្រំដែន​វេ​ណេ​ស៊ុយអេ​ឡា​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​កុម្ភៈ ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​មួយ​ដើម្បី​បំផ្លាញ​​អំណាច​របស់​ប្រធានាធិបតី​សង្គមនិយម នី​កូឡាស ម៉ា​ឌូ​រ៉ូ ហើយ​គាំទ្រ​គូប្រជែង​សំរាប់​ការដឹកនាំ​ប្រជាជាតិ​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​។​

​យន្តហោះ​ដឹកជញ្ជូន​យោធា​បី​C-17 បាន​ចេញដំណើរ​ពី​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​និង​ចុះចត​នៅ​ក្រុង​គូ​គូ​តា​។​ទីប្រជុំជន​ព្រំដែន​ដែល​ជោរជន់​ដោយ​ជន​ចំណាកស្រុក​ទៅ​ពី​វេ​ណេ​ស៊ុយ​​អេ​ឡា ជា​ចំណុច​ប្រមូលផ្តុំ​ជំនួយ សំរាប់​អ្នកគាំទ្រ​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា លោក​ហ្ស័ន ក្វាយ​ដូ ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​និង​មាន​ការគាំទ្រ​​ពី​អាមេរិក​និង​ប្រទេស​ជាច្រើន​។​

​មន្ត្រី​អង្គការ​ជំនួយ​USAID​លោក​ម៉ាក ហ្គ្រី​ន បាន​និយាយថា​«​នេះ​មិនមែន​ជា​លើកដំបូង​និង​ជា​លើក​ចុងក្រោយ​ទេ​។​ជំនួយ​ច្រើន​ទៀត​កំពុង​ធ្វើដំណើរ​មក​»​។​

​យន្តហោះ​ពាណិជ្ជកម្ម​ត្រូវបាន​ប្រើ​សំរាប់​ដឹក​ជំនួយ​កាលពី​លើក​មុនៗ​។​

យន្តហោះ C-17​របស់​យោធា​អាមេរិក​ចុះចត​នៅ​អាកាសយានដ្ឋាន​មួយ​ក្នុង​ក្រុង​គូ​គូ​តា ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃ​១៦​កុម្ភៈ​

​លោក​ម៉ា​ឌូ​រ៉ូ ដែល​នៅ​មាន​ការគាំទ្រ​ពី​ក្រុម​យោធា​របស់​ប្រទេស បាន​ប្រើ​យោធា​ដើម្បី​រារាំង​ជំនួយ​កុំអោយ​ចូល​ក្នុងប្រទេស​វេ​ណេ​ស៊ុយអេ​ឡា ដោយ​បាន​ពណ៌នា​វា​ថា​ជា​សំណល់​ពី​រដ្ឋា​​ភិបាល​អាមេរិក​។​

​ម៉ា​ឌូ​រ៉ូ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​១៥​កុម្ភៈ​ថា​« ពួកគេ​ព្យួរ​កយើង លួច​ប្លន់​យើង​និង​បន្ទាប់​មក​ផ្តល់​សំណល់​ទាំងនេះ​និង​បង្ហាញ​ពិភពលោក​។​ជាមួយនឹង​សេច​​ក្តី​ថ្លៃថ្នូរ យើង​សូម​បដិសេធ​ការ​ស្តែង​បង្ហាញ​ពិភពលោក​នេះ​។​នរណា​ក៏​ដោយ​ដែល​ចង់​ជួយ​វេ​ណេ​ស៊ុយអេ​ឡា យើង​ស្វាគមន៍ តែ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ចំណាយ​គ្រប់​​យ៉ាង​ដែល​យើង​ត្រូវការ​»​។​

​កាលពី​ថ្ងៃ​សៅរ៍​នេះដែរ លោក​ក្វាយ​ដូ​បាន​និយាយ​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​នៅ​ក្រុង​កា​រ៉ា​កាស​និង​បាន​ប្តេជ្ញា​បង្កើត​ក្បួន​សកម្មជន​អោយដល់​ព្រំដែន​និង​នាំចូល​ជំនួយ​ចូល​នៅ​ថ្ងៃ​២៣​កុម្ភៈ​។​លោក​ក៏​អំពាវនាវ​ប្រជាជន​ជួបជុំ​នៅតាម​បណ្តា​ទីក្រុង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទទួល​ជំនួយ និង​ក៏​បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​អោយ​អនុញ្ញាត​នាំ​ជំនួយ​​ចូល​ក្នុងប្រទេស​។​

​សូមបញ្ជាក់​ថា អាមេរិក​ដាក់​ទ្រព្យសម្បត្តិ​របស់វេ​ណេ​ស៊ុយអេ​ឡា រួម​ទាំង​ក្រុមហ៊ុន​ប្រេង​Citgo អោយ​នៅក្រោម​ការត្រួតត្រា​របស់​លោក​ក្វាយ​ដូ និង​ហាម​ការជួញដូរ​ហិរញ្ញវត្ថុ​ជា​មួយ​​បណ្តា​អង្គភាព​ស្ថិត​ក្រោយ​ការគ្រប់គ្រង​របស់​លោក​ម៉ា​ឌូ​រ៉ូ​។​មន្ត្រី​វេ​ណេ​ស៊ុយអេ​ឡា​រាប់សិប​នាក់​ក៏​ប្រឈម​នឹង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​នៅ​អា​មរិក​ផងដែរ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម