​កាសែត​រស្មី​កម្ពុជា​និង​កាសែត​អ៊ូ​ស៊ី ដេលី​ប្រទេស​ចិន​ចុះហត្ថលេខា​ផ្លាស់ប្តូរ​ព័ត៌មាន​និង​សហប្រតិបត្តិការ​

8314
ចែករម្លែក
  • 265
    Shares

ដោយៈ ពិស្តារ / ភ្នំពេញៈ​ កាសែត​រស្មី​កម្ពុជា​ដែលជា​សារព័ត៌មាន​បោះពុម្ព​ប្រចាំថ្ងៃ​ឈានមុខ​មួយ​នៅ​កម្ពុជា​បាន​ឈានដល់​ការចុះហត្ថលេខា​លើ​ការផ្លាស់ប្តូរ​ព័ត៌មាន​និង​សហប្រតិបត្តិការ​រវាង​កាសែត រស្មី​កម្ពុជា​និង​កា​សែ​លត​អ៊ូ​ស៊ី ដេលី នៃ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​។

​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​រវាង​លោក ទាវ សារៈ​មុនី និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា និង តំណាង​កាសែត អ៊ូ​ស៊ី ដេលី ក្រោម​វត្តមាន​របស់លោក យ៉ាង លី​ឈូ​ន អនុប្រធាន​សមាគម​ទំនាក់ទំនង​វប្បធម៌​បរទេស​ខេត្ត​ជាំ​ង​ស៊ូ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ទីស្នាក់ការ​កាសែត​ខ្មែរ​ដេលី រាជធានី​ភ្នំពេញ​។

​ថ្លែង​នៅមុន​ពិធី​ចុះហត្ថលេខា​លោក យ៉ាង លី​ឈូ​ន អនុប្រធាន សមាគម​ទំនាក់ទំនង​វប្បធម៌​បរទេស​ខេត្ត​ជាំ​ង​ស៊ូ បានបញ្ជាក់​អំពី​សក្តានុពល​នៃ​ខេត្ត​ជាំ​ង​ស៊ូ និង​ប្រវត្តិ​ទំនាក់ទំនង​ដ៏​យូរ​រវាង​កម្ពុជា ចិន និង​និយាយ​ដោយឡែក​គឺ​ខេត្ត​ជាំ​ង​ស៊ូ​និង​កម្ពុជា​។
​លោក​រំលឹកថា​នៅ​ឆ្នាំ​១៩៧១ ព្រះមហាវរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ បាន​យាង​ទៅ​ទីនោះ​និង​បាន​ឆ្លងស្ពាន​នៅ​ទន្លេ​ដ៏​វែង​ជាងគេ នៃ​ប្រទេស​ចិន​។ ខេត្ត​នេះ​ក៏​ជា​ខេត្ត​មួយ​ដែល​អនុវត្ត​នូវ​គំនិត “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” និង​មានការ​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៃ​ខេត្ត​ព្រះសីហនុ​ប្រទេស​កម្ពុជា​។​

​លោក​អនុប្រធាន​បាន​អះអាងថា​លោក​យល់​សហប្រតិបត្តិកា​រ​ទំនាក់ទំនង​ផ្នែក​វប្បធម៌​ព័ត៌មាន​ជា​រឿង​សំខាន់​។ ដោយសារ​ចំណុច​នេះ​ទើប​ខាង​លោក​កំពុងធ្វើការ​បកប្រែ​ប្រលោមលោក​ដ៏​ចំណាស់ និង​មាន​ប្រជាប្រិយ​របស់​ខ្មែរ​ចំនួន​ពីរ​ជើង​។ គឺ​រឿង “​ផ្កា​ស្រពោន​”(​អ្នកនិពន្ធ​លោក​នូហាច​)​និង​រឿង “​កូ​លាប​ប៉ៃលិន​”(​អ្នកនិពន្ធ​លោក ញ៉ុ​ក ថែម​) ពី​ភាសា​ខ្មែរ​ទៅជា​ភាសា​ចិន ដើម្បី​ផ្សព្វផ្សាយ​នៅ​ប្រទេស​ចិន​។ ដោយឡែក​នៅ​កម្ពុជា​វិញ​នៅ​រាត្រី​ថ្ងៃទី​១៨​ខែកុម្ភៈ​ខេត្ត​ជាំ​ង​ស៊ូ​នឹង​សម្តែង​ល្ខោន​ដ៏​ល្បីឈ្មោះ​ផងដែរ​។​លោក​បាន​ទទួលស្គាល់ថា​កាសែត​បោះពុម្ព​នៅ​ជាំ​ង​ស៊ូ ក៏​ដូចគ្នា​នឹង​អ្វីដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​ដែរ ហើយ​កាសែត​នៅ​ទីនោះ​ក៏​កំពុង​វិ​វត្ត​ខ្លួន​ទៅក្នុង​កាសែត​បែប​ថ្មី​។​នៅ​ជាំ​ង​ស៊ូ មាន​កាសែត​និង​ទស្សនា​វ​ត្តី​ជាង​៦០០​និង​ស្ថានីយទូរទស្សន៍​ចំនួន​១៤​។​

​លោក ទាវ សារៈ​មុនី បាន​ជម្រាប​គណៈប្រតិភូ​សមាគម​ទំនាក់ទំនង​វប្បធម៌​បរទេស​ខេត្ត​ជាំ​ង​ស៊ូ និង​ភាគី​កាសែត​អ៊ូ​ស៊ី ដេលី អំពី​ស្ថានភាព​នៃ​កាសែត​បោះពុម្ព​នៅ​កម្ពុជា និង​ដោយឡែក​សម្រាប់​កាសែត​រស្មី​កម្ពុជា​។ ចាប់តាំងពី​ចេញផ្សាយ​ដំបូង​កាលពី​ថ្ងៃទី ៩ ខែ មេសា ឆ្នាំ​១៩៩៣ មកដល់ពេលនេះ​កាសែត​រស្មី​កម្ពុជា មាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​ទូទាំងប្រទេស ហើយ បាន​បន្ត​អភិវឌ្ឍន៍​កាសែត​ជា​បន្តបន្ទាប់​។ ក្រៅពី​កាសែត​បោះពុម្ព រស្មី​កម្ពុជា ក៏​សារព័ត៌មាន​ជា​ទម្រង់​ភី​ឌី​អេ​ហ្វ មាន​គេហទំព័រ​ផ្ទាល់ខ្លួន , មាន​អេប​(App)​និង មាន​ទំព័រ​បណ្តាញ​សង្គម​ជាពិសេស ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​ជាដើម​។​

​លោក​បន្តថា​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​រវាង​កាសែត​រស្មី​កម្ពុជា​និង​កាសែត​អ៊ូ​ស៊ី​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​កាសែត​រស្មី​កម្ពុជា ។​កន្លងទៅ​កាសែត​រស្មី​កម្ពុជា​ធ្លាប់មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង បាន​កសាង​ភាពជា​ដៃគូ​ជាមួយនឹង​កាសែត យុន​ណាន​ដេលី នៃ​ខេត្ត យុន​ណាន​ចាប់តាំងពី​ឆ្នាំ​២០១៥ ។
​លោក​បាន​បញ្ជាក់ថា​យោងទៅតាម​កិច្ចសហប្រតិបត្តិការ​រ​វាង​កាសែត​ប្រចាំថ្ងៃ​ទាំងពីរ​នាពេលនេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងពីរ​កម្ពុជា ចិន ទទួលបាន​ទៅវិញទៅមក​ពីគ្នា​នូវ​ការ​ស្គាល់​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ប្រវត្តិសាស្ត្រ ជីវភាព​រស់នៅ សកម្មភាព​សេដ្ឋកិច្ច អប់រំ សុខាភិបាល ទេសចរណ៍ ។​ល​។​និង​។​ល​។​ការ​ស្គាល់​ទាំងនេះ​នឹង​បង្កើត​បង្កើន​មនោសញ្ចេតនា​ថ្មីៗ​ថែមទៀត រវាង​ប្រជាជាតិ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​គួរ​បញ្ជាក់ថា កាសែត អ៊ូ​ស៊ី គឺជា​កាសែត​ដ៏​ចំណាស់​មួយ​និង​ស្ថិតនៅក្នុង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៃ​ប្រទេស​ចិន​ផងដែរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ