ឥណ្ឌា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ជើងឯក​ពិភពលោក “​យូ​ហ្គា​លើ​បង្គោល​” ដែល​មិន​ធ្លាប់មាន​

565
ចែករម្លែក

​ស្លៀក​តែ​ខោខ្លី​កំ​ប៉ឹ​ត ហើយ​ដោះអាវ លោក ប៉ា​វែ​ល កាលី​ណា (Pavel Kalina) បាន​ពត់ពេន​ខ្លួន យ៉ាង​ល្វត​ល្វន់​លើ​បង្គោល​ឈើ​កម្ពស់ ២,៦ ម៉ែត្រ មុនពេល​បញ្ចេញ​ក្បាច់​ច្រត់​ដៃ​លើ​បង្គោល ទប់​ទម្ងន់​ខ្លួន នៅក្នុង​ការប្រកួត​ជើងឯក​ពិភពលោក​មិន​ធ្លាប់មាន​នៃ​កីឡា​បុរាណ​របស់​ឥណ្ឌា មួយ​នេះ​។
​ ​
បុរស​វ័យ ៥៥ ឆ្នាំ​មកពី​សាធារណរដ្ឋ​ឆែក រូបនេះ​បាន​ហាត់​កីឡា​ម្យ៉ាង​ឱ្យ​ឈ្មោះថា ម៉ា​ល​ឡា​ខាម (Mallakhamb) ដែលមាន​ប្រភពដើម​ចេញពី​ប្រទេស​ឥណ្ឌា ក្នុង​សតវត្សរ៍​ទី​១២ ហើយ​កីឡា​នេះ​ច្រើនតែ​ត្រូវគេ​ហៅថា “​យូ​ហ្គា​លើ​បង្គោល​” (yoga on a pole)​។​
​ ​
អតីត​កីឡាករ​កាយសម្ព័ន្ធ ដែល​បានចាប់ផ្តើម​ហាត់​កីឡា​ម៉ា​ល​ឡា​ខាម កាលពី ១០​ឆ្នាំ​មុននេះ​បាន ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ខ្ញុំ​ធ្វើ​វា​ដោយសារ​ខ្ញុំ​ជាម​នុស្ស​ឆ្កួតៗ​។ និយាយ​តាម​ត្រង់​ទៅ វា​ដូចជា​ការធ្វើ​ទារុណកម្ម​ខ្លួនឯង​អញ្ចឹង ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ធ្វើ​វា ព្រោះ​ខ្ញុំ​ចាំបាច់​ត្រូវតែ​បញ្ចេញ ថាមពល​”​។
​ ​
លោក ប៉ា​វែ​ល កាលី​ណា ស្ថិតក្នុង​ចំណោម​បេក្ខជន​ប្រកួតប្រជែង​ប្រមាណ ១០០ នាក់​មកពី ១៥ ប្រទេស​ខុសគ្នា​រួមទាំង​ប្រទេស​បារាំង អាល្លឺម៉ង់ ម៉ាឡេស៊ី និង​វៀតណាម ដែល​ចូលរួម​ក្នុង “​ការប្រកួត​ជើងឯក​ពិភពលោក ម៉ា​ឡា​ខាម​” (Mallakhamb World Championships) នៅ​ទីក្រុង​ម៉ាំ​បៃ ប្រទេស​ឥណ្ឌា កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។
​ ​
លោក យូ​ដាយ ដេ​ស្ប៉ា​ន​ដេ (Uday Deshpande) ដែលជា​អ្នករៀបចំ​ការប្រកួត​នេះ បាន​គូសបញ្ជាក់ថា “Mella មានន័យថា ‘​អ្នក​ឱប​ចំបាប់​’ ហើយ Khamb មានន័យថា ‘​បង្គោល​’ ”​។​

​លោក​មាន​ក្ដី​ស្រមៃ​ថា នៅ​ថ្ងៃ​ណាមួយ​កីឡា​នេះ​នឹងត្រូវ​បានដាក់​បញ្ចូល​ជា​វិញ្ញាសា​ប្រកួត ក្នុង​កីឡា​ស៊ី​ហ្គេម និង​សូម្បី​កីឡា​អូ​ឡាំ​ពិ​ច​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម