ខ្លាំង​មែន​កាំជ្រួច​នុយក្លេអ៊ែរ​រុស្ស៊ី ហោះ​ជាប់​រហូត​និង​សត្រូវ​មិន​អាច​បាញ់​ទម្លាក់​ (វីដេអូ)

947
ចែករម្លែក
  • 587
    Shares

​រុស្សី បាន​អះអាង​ថា ខ្លួន​បាន​សាកល្បង​ដោយ​ជោគជ័យ​កាំជ្រួច​បណ្តែត​ថាមពល​នុយក្លេអ៊ែរ ដែល​អាច​ហោះ​បាន​រាប់​ថ្ងៃ​និង​អាច​ទម្លាយ​ប្រព័ន្ធ​ការពារ​ដ៏​ខ្សោយ​របស់​លោក​ខាង​​លិច​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​បញ្ចេញ​វីដេអូ​មួយ​ដោយ​អះអាង​ថា​ជា​ការសាកល្បង​កាំជ្រួច​Burevestnik​ដែល​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​និយាយ​​ថា​ត្រូវ​បាន​រចនា​ឡើង​សំរាប់​វាយប្រហារ​លើ​គោលដៅ​ក្នុង​ចម្ងាយ​មិន​កំណត់​និង​មិន​អាច​ស្ទាក់​កំទេច​បាន​។​

​តាម​ទ្រឹស្តី កាំ​ជ្រួច Burevestnik​អាច​ហោះ​រហូត ដោយសារ​វា​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដោយ​អាច​ហោះ​ក្រ​ឡឹ​ក​ពិភពលោក​រហូត​ទាល់តែ​ត្រូវ​បញ្ជា​ពី​ចម្ងាយ​អោយ​វាយ​​ប្រហារ​គោលដៅ​ណាមួយ​និង​វាយប្រហារ​ជាមួយនឹង​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​អះអាងថា​បាន​បង្កើត​យាន​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​មួយ តូច​ល្មម​ដើម្បី​ដាក់ចូល​ក្នុង​កាំជ្រួច និង​ដំណើរការ​ដោយ​ម៉ាស៊ីនទួប៊ី​ន​ដូច​ម៉ាស៊ីន​យន្តហោះ​ តែ​ការអះអាង​នេះ​ជួប​ការមិនជឿ​ទាំងស្រុង​ពី​លោក​ខាងលិច​។​

​កាំជ្រួច​នេះ ត្រូវបាន​រចនា​ឡើង​សំរាប់​ប្រើ​ជាមួយ​ម៉ាស៊ីន​ធម្មតា​មួយ​សំរាប់​ចេញដំណើរ តែ​ប្តូរ​ទៅ​ជា​ថាមពលនុយក្លេអ៊ែរ​ពេល​ហោះ ដូច្នេះ​តាម​ទ្រឹស្តី​វា​អាច​ហោះ​បាន​រាប់​ថ្ងៃ​។​

​កាលពី​ខែ​មីនា​ឆ្នាំ​មុន ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អួតអាង​អំពី​សព្វាវុធ​នេះ​។​លោក​បាន​និយាយថា​«​មួយ​ក្នុងចំណោម​ពួកវា តូច​ទេ ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​​ដែល​អាច​ដាក់​ក្នុង​កាំជ្រួច​ដូច​កាំ​ជ្រួច​X-101 ស៊េរី​ចុងក្រោយ​របស់​យើង ឬ​កាំជ្រួច​Tomahawk របស់​អាមេរិក ជា​ប្រភេទ​ស្រដៀង​គ្នា​តែ​អាច​ហោះ​បាន​ឆ្ងាយ​ជាច្រើន​ដង គឺ​​ចម្ងាយ​មិន​កំណត់​»​។​

​លោក​បាន​បន្តថា​« វា​ជា​កាំជ្រួច​បំបាំងកាយ​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ចម្ងាយ​ហោះ​មិន​កំណត់ និង​លទ្ធភាព​ទម្លុះ​ព្រំដែន​សត្រូវ​មិនដែល​ធ្លាប់មាន​។​វា​មិន​អាច​ស្ទាក់​​កំទេច​បាន​ទេ​ក្នុងចំណោម​ប្រព័ន្ធ​ការពារ​ដែន​កាស​ដែល​មាន​សព្វថ្ងៃ​»​។​

​ឥឡូវ ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS អះអាងថា វា​ត្រូវ​បាន​សាកល្បង​ដោយ​ជោគជ័យ​។​សព្វាវុធ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ការធ្វើ​បច្ចុប្បន្ន​ភាពឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​៕​ដោយ​៖​វាសនា​