ជនជាតិភាគតិច​ជង​នៅ​តំបន់​អា​រ៉ែ​ង​ស្រុក​ថ្មបាំង ប្រារព្ធ​ពិធីបុណ្យ​ចាប់​ត្រី​ក្នុង​ទឹកស្ទឹង​

771
ចែករម្លែក
  • 291
    Shares

​ដោយ​: សាលី / កោះកុង​: ជនជាតិភាគតិច​ជង​នៅ​តំបន់​អា​រ៉ែ​ង ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ បានមក​ជួបជុំគ្នា ដើម្បី​ប្រារព្វ​ពិធីបុណ្យ​ចាប់​ត្រី​ក្នុង​ទឹកស្ទឹង ដែលជា​បុណ្យប្រពៃណី​បន្សល់ទុក​មកពី​ដូនតា​សម័យបុរាណ​។​

​លោក អ៊ុក នឿន អតីត​ប្រធាន​មន្ទីរ​វប្ប​ធ​ក៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង បាន​រៀបរាប់​ឲ្យ​ដឹងថា ពិធីបុណ្យ​ចាប់​ត្រី​ក្នុង​ទឹកស្ទឹង​របស់​ជនជាតិភាគតិច​ជង នៅ​តំបន់​អា​រ៉ែ​ង​នេះ បាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ដើមរដូវ​ប្រាំង ថ្វីត្បិតតែ​ធី​បុណ្យ​ខាងលើ ពុំ​សូវ​មាន​គេ​ចាប់អារម្មណ៍ និង​ស្គាល់​ច្រើន​ក៏ដោយ​។​

​លោក​បាន​រៀបរាប់ថា ពិធីបុណ្យ​ចាប់​ត្រី​នៅក្នុង​ទឹកស្ទឹង​នេះ គឺជា​បុណ្យប្រពៃណី​ដ៏​យូរលង់​របស់​ដូនតា​ជនជាតិភាគតិច​ជង នៅ​តំបន់​អា​រ៉ែ​ង ព្រោះ​កាលសម័យ​ដើម ទឹកស្ទឹង​នៅ​តំបន់​នោះ សម្បូរ​ទៅដោយ​សត្វ​ក្រពើ​កាច​សហាវ ហើយ​នៅ​រដូវប្រាំង​ពលរដ្ឋ​មិនអាច​ចុះ​ទឹក​ទៅ​នេសាទ​ត្រី​មក​ធ្វើជា​ម្ហូបអាហារ​បានទេ ត្បិត​អី​សត្វ​ក្រពើ​តែង​មក​ប្រមូលផ្តុំ​នៅ​កន្លែង​មានទឹក រួច​ជា​ញឹកញាប់​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកភូមិ​ដែល​ហ៊ាន​ចុះ​ទឹក​ទៅរក​ត្រី​ផងដែរ​។​

​លោក​បាន​បន្ត ដើម្បី​ដោះស្រាយ​បញ្ហា​ភ័យខ្លាច​ជាមួយ​ហ្វូង​សត្វ​ក្រពើ ចាស់ៗ​សម័យ​នោះ បាននាំគ្នា​ប្រារព្វ​ពិធីសែនព្រេន ពេល​រដូវប្រាំង​រាំ​ស្ងួត​ចូលមក​ដល់ ដើម្បី​បួងសួង​ឲ្យ​ហ្វូង​សត្វ​ក្រពើ​ចូលទៅ​រូង​ថ្ម​និង​កុំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកភូមិ​។​

​បើតាម​ប្រភព​ដដែល​ឲ្យ​ដឹងថា ចាប់តាំងពី​មាន​ពិធីសែនព្រេន​នេះ​មក អ្នកភូមិ​រស់នៅ​បាន​សុខសាន្ត រួច​ពេល​ចេញទៅ​នេសាទ​រកត្រី​តាម​ស្ទឹង​ក៏ ពុំ​សូវ​ជួបប្រទះ​នូវ​ហ្វូង​សត្វ​ក្រពើ​ដូច​សព្វដង​ដែរ ដែលជា​ប្រការ​មួយ​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​មាន​ជំនឿ​ជឿជាក់​និង​នាំគ្នា​គោរព​ធ្វើ​ពិធី​នេះ​តៗ​គ្នា​រហូតមកដល់​សព្វ​ថ្ងៃ រួច ក្លាយជា​បុណ្យប្រពៃណី​របស់​អ្នកភូមិ រួច​កន្លងមក​ថ្មីៗ​នេះ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ក៏បាន​ចងក្រង​របាំ​មួយ​ដោយ​រៀបរាប់​ពី​ជីវភាព​ការរស់នៅ​និង​ប្រពៃណី​របស់​អ្នកភូមិ​ខាងលើនេះ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម