ស្ថាបនិក​ក្រុមហ៊ុន Huawei បដិសេធ​វត្តមាន​ក្រុមមនុស្ស​នៅក្នុង​ក្រុមហ៊ុន លួច​ធ្វើ​ចារកម្ម​ឱ្យ​ប៉េកាំង​

732
ចែករម្លែក
  • 18
    Shares

​ស្ថាបនិក​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន Huawei បាន​វាយបក​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាមេរិក​ក្នុងការ​ចុះឈ្មោះ​ក្រុមហ៊ុន​នេះ​ទៅក្នុង​បញ្ជីខ្មៅ និង​បដិសេធថា​ពុំមាន “​ទ្វារក្រោយ​” ណាមួយ​នៅក្នុង​បច្ចេកវិជ្ជា​របស់ខ្លួន​ដើម្បី​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះទេ​។​

​ដោយ​និយាយថា​ពិភពលោក​មិន​អាចធ្វើ​អ្វីមួយ​បាន​ដោយ​គ្មាន Huawei និង​បច្ចេកវិជ្ជា​ទំនើប​របស់ខ្លួន លោក​រ៉េ​ន ចេង​ហ្វៃ (Ren Zhengfei) ជាថ្មី​ម្តងទៀត​បាន​ច្រានចោល​លទ្ធភាព​ដែលថា​អាច​នឹងមាន​វិធី​ដើម្បី​ប្រើប្រាស់​បច្ចេកវិជ្ជា​ក្រុមហ៊ុន​នេះ​ដោយ​មិនឱ្យ​លោក​ដឹង​។​

​លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កុម្ភៈ​ថា “​វា​មិនអាច​ទៅរួច​នោះទេ​។ ពីព្រោះ​នៅ​ទូទាំង​អង្គភាព​របស់​យើង យើង​បាន​សង្កត់ធ្ងន់​ម្តង​ហើយ​ម្តង​ទៀតថា យើង​នឹងមិន​ធ្វើបែបនេះ​ទេ​។ ប្រសិនបើ​យើង​ធ្វើ​ចារកម្ម​ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើប​របស់​អាមេរិក នោះ​ពួកគេ​នឹង​រកឃើញ​វា​រួចទៅហើយ​។ ដូច្នេះ​នោះ​បង្ហាញថា​យើង​ពុំ​បានធ្វើ​ចារកម្ម​នោះទេ​”​។​

​គាត់​បាន​សន្យាថា គាត់​សុខចិត្ត​បិទ​ក្រុមហ៊ុន​ចោល​ជាជាង​ធ្វើ​ចារកម្ម​ឱ្យ​ប៉េកាំង​។​

​លោក​បាន​ប្រាប់ BBC ក្នុង​កិច្ចសម្ភាសន៍​ដាច់ដោយឡែក​មួយ​ថា “​ក្រុមហ៊ុន​របស់​យើង​នឹងមិន​ធ្វើ​សកម្មភាព​ចារកម្ម​ណាមួយ​ទេ​។ ប្រសិនបើ​យើង​មាន​សកម្មភាព​បែបនេះ​មែន ខ្ញុំ​នឹង​បិទ​ក្រុមហ៊ុន​នេះ​តែម្តង​”​។​

​ប៉ុន្តែ​លោក​រ៉េ​ន​អាយុ ៧៤ ឆ្នាំ​ក៏​ចាត់ទុកថា​ជា “​ចេតនា​នយោបាយ​” ផងដែរ​ក្នុងការ​ចាប់ខ្លួន​កូនស្រី​របស់គាត់​កាលពី​ខែធ្នូ​ឆ្នាំមុន គឺប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ Huawei លោកស្រី ម៉េង វ៉ាន់​ជូ ដែល​រង​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំងនឹង​អ៊ីរ៉ង់ និង​ប្រឈមមុខ​នឹង​សវនាការ​បត្យាប័ន​នៅក្នុង​ប្រទេស​កាណាដា​នៅ​ខែក្រោយ​។​

​លោក​បាន​និយាយថា “​យើង​ជំទាស់​នឹង​រឿងនេះ​។ ប៉ុន្តែ​ឥឡូវនេះ​ដោយហេតុថា យើង​បាន​ឈាន​មកដល់​ផ្លូវ​នេះហើយ យើង​មានតែ​ទុកឱ្យ​តុលាការ​ជា​អ្នកដោះស្រាយ​ទៅ​ចុះ​”​។​

​ទោះយ៉ាងណា លោក​នៅតែ​មិន​ចុះ​ញ៉ម​នឹង​សម្ពាធ​របស់​អាមេរិក​។​

​លោក​បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ BBC ថា “​គ្មាន​ផ្លូវ​ណាមួយ ដែល​អាមេរិក​អាច​កម្ទេច​ពួកយើង​បានឡើយ​។ ពិភពលោក​មិនអាច​ចាក​ចេញពី​យើង​បានទេ ព្រោះ​យើង​មាន​ភាពទំនើប​ជាងគេ​”​។​

​ស្ថាបនិក​ក្រុមហ៊ុន Huawei ដែល​មិន​ចូលចិត្ត​បញ្ចេញ​មុខ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​រូបនេះ​បាន​បង្ខំចិត្ត​ចេញមុខ​ចេញ​មាត់​ក្នុងពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ខណៈ​ក្រុមហ៊ុន​កំពុង​រង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ជុំវិញ​ក្តីបារម្ភ​អំពី​ចារកម្ម​និង​យុទ្ធនា​ការដឹកនាំ​ដោយ​អាមេរិក​ដើម្បី​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេងៗ​ឱ្យ​ហាមឃាត់​បច្ចេកវិជ្ជា​រប​ស់ Huawei​។​

​កាលពី​ឆ្នាំមុន​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​បាន​ជំរុញ​ឱ្យ​អូស្ត្រាលី​ហាមឃាត់​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ពី​បណ្តាញ 5G នាពេល​អនាគត​របស់​ខ្លួន​។​

​នូ​វែ​ល​សេ​ឡង់​ក៏បាន​រារាំង​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​របស់ខ្លួន​ពី​ការប្រើប្រាស់​បច្ចេកវិជ្ជារ​បស់​ក្រុមហ៊ុន Huawei សម្រាប់​បណ្តាញ​ជំនាន់​ក្រោយ​ផងដែរ ខណៈ​សាធារណរដ្ឋ​ឆែក​បាន​ដក Huawei ចេញពី​ការដេញថ្លៃ​គម្រោង​តម្លៃ ២២ លាន​ដុល្លារ​ដើម្បី​បង្កើត​ប្រព័ន្ធ​បង់ពន្ធ​។​

​អាមេរិក​ក៏បាន​ចោទប្រកាន់​ក្រុមហ៊ុន Huawei ពីបទ​លួច​ព័ត៌មាន​សម្ងាត់​ពាណិជ្ជក​ម្ម​ផងដែរ ដោយ​និយាយថា ក្រុមហ៊ុន​បានផ្តល់​រង្វាន់​ដល់​បុគ្គលិក​ណា​ដែល​លួចបាន​បច្ចេកវិជ្ជា​ពី​គូប្រជែង​។​

​លោក​រ៉េ​ន​បាន​និយាយ​សម្រាល​សម្ពាធ​កាន់តែខ្លាំង​ឡើង​នេះ ដោយ​លើកឡើងថា “​ប្រសិនបើ​ពន្លឺ​រលត់​បាត់​នៅ​លោកខាងលិច លោក​ខាងកើត​នឹង​នៅតែ​ភ្លឺ​ដដែល​។ អាមេរិក​មិន​តំណាងឱ្យ​ពិភពលោក​ទេ​”៕ ដោយ៖ កញ្ញាដាលីស

ស្ថាបនិក​ក្រុមហ៊ុន Huawei លោក​រ៉េ​ន ចេង​ហ្វៃ