ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខេត្តសៀមរាប​ចូលរួម​ពិធីបុណ្យ​មាឃបូជា និង​ដង្ហែ​ប្រទក្សិណ​ទៅតាម ដងផ្លូវ​នានា​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​

701
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នៅ​គ្រប់​ទី​វត្ត​អារាម​ក្នុង​ក្រុង ពិសេស​នៅ​វត្ត​ដំណាក់ មាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​មាឃបូជា ដោយ​មានការ​និមន្ត​ព្រះសង្ឃ សូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ និងសម្តែង​ព្រះធម៌​ទេសនា លើកឡើង​ពីជីវប្រវត្តិ​របស់ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​បានដាក់​នូវ​ព្រះជន្ម​សង្ខា កំណត់​ការយាង​ចូល​ព្រះ​និ​ពា​ន្ត និង ដោយមាន​ការនិមន្ត​ព្រះសង្ឃ​មកពី​គ្រប់​បណ្តា​វត្ត​នានា ចំនួន​១​ពាន់​២៥០​អង្គ ដើម្បី​ធ្វើ​ពិធីរាប់បាត្រ​ឆ្លងបុណ្យ​មហា​មាឃបូជា ដោយមាន​វត្តមាន​អញ្ជើញ​ចូលរួម​ដោយ​លោក លោកស្រី ជា​ថ្នាក់​ដឹក នាំ​មន្ទីរ ស្ថាប័ន អង្គភាព និង មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត បងប្អូន ពុទ្ធបរិស័ទ និង សីល​វ​ន្ត័​សីលវតី ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ ។​

ការគោរព​ពិធីបុណ្យ​មាឃបូជា​នេះ​ឡើង ក្នុងការ​រំលឹក​នូវ​ខួប​នៃ​ការ​ត្រាស់ដឹង​របស់ ព្រះសម្មាសម្ពុទ្ធ ដែលជា​ព្រះ​បរមគ្រូ​នៃយើង បានដាក់​ព្រះ​សង្ខា​របស់​ព្រះអង្គ ដែលមាន​រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃ​១៥ កើត ខែមាឃ ដល់​ថ្ងៃ​១៥​កើត ខែ​ពិសាខ ដែលជា ថ្ងៃ​ព្រះអង្គ​យាង​ចូល​ព្រះ​និ​ពា​ន្ត ដោយ​កត្តា​នេះហើយ ទើប​នៅ​រៀងរាល់ឆ្នាំ ដល់​ថ្ងៃ​១៥​កើត​ខែមាឃ ទាំង​ព្រះសង្ឃ បងប្អូន​ពុទ្ធបរិស័ទ នៅ​គ្រប់​បណ្តា​ប្រទេស កាន់​ព្រះពុទ្ធសាសនា បាន​គោរព​បដិបត្តិ​តរៀងមក ។

ក្នុងការ​និមន្ត​ទេសនា​នាឱកាស​នោះ ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ ឧ​ត្ត​ម​ទីប្រឹក្សា គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​សង្ឃ​ដិ​កា​បញ្ជាក់ ពី​ជីវប្រវត្តិ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​បានដាក់​នូវ ព្រះជន្ម​​សង្ខារ កំណត់​ការយាង​ចូល​ព្រះ​និ​ពា​ន្ត និង ពី​គោលបំណង នៃ​ការរៀបចំ​ប្រារព្វ​ពិធី​នេះ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ងដែល​ព្រះសម្មាសម្ពុទ្ធទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់ ។

ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន ១​ពាន់​២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់ វណ្ណៈ​ទាំងអស់។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍​មួយចំនួន​១១ សម្រាប់​ឲ្យ​សមាជិក មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី​ពុទ្ធសាសនា។ គោលការណ៍​ទាំងនេះ មានឈ្មោះ​ជា​ភាសាបាលី​ថា «​ឱវាទ​បាដិមោក្ខ​»​។ បាដិមោក្ខ ជា​ឈ្មោះ​បាលី​ពុទ្ធ​ប្បញ្ញត្តិ ដែលជា​សិក្ខាបទ មួយៗ សម្រាប់​ឲ្យ​ភិក្ខុ​សូត្រ ក្នុង​ទីប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ ៖ ឧទាហរណ៍​រៀន​បាដិមោក្ខ​, សម្ដែង​បាតិមោក្ខ​ជាដើម ដែល​ពុទ្ធសាសនិកជន​ម្មាក់ៗ ត្រូវ​យកមក​សិក្សា ឲ្យ​យល់ដឹង និង​អនុវត្ត។ នៅ​ថ្ងៃ​មាឃបូជា​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ នៃ​យើង​ទ្រង់​ប្រទាន​ឱវាទ​បាដិមោក្ខ ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន ដែលជា​វត្ត​ដំបូងបង្អស់ ក្នុង​ព្រះពុទ្ធសាសនា​ក្នុង​ថ្ងៃនោះ មាន​ហេតុការណ៍​សំខាន់​៤​យ៉ាង​កើតឡើង​គឺ (​ស​ព្វេ ខី​ណា​សវា​) , (​ស​ព្វេ ឯ​ហិ​ភិក្ខុ​កា​) , (​ស​ព្វេ អ​និ​ម​ន្តិ​តា​) និង (​មាឃ​ន​ក្ខ​ត្តេ បុ​ណ្ណ​ច​ន្ទោ​) ។

ថ្ងៃ​មាឃបូជា​ចាត់ជា​គ្រឿង​ពិសោធ និង​វាស់វែង​គុណភាព​នៃ​ពុទ្ធសាសនិកជន ឲ្យ​ឃើញថា​បុគ្គល​ណា​ជា​ពុទ្ធសាសនិកជន​សកម្ម ឬអសកម្ម​នៅថ្ងៃនេះ​ឯង ប្រៀបដូចជា​កញ្ចក់​ឆ្លុះ​បំភ្លឺ​មុខ​ដូច្នោះ​។ ហេតុនោះ បើ​បាន​ឋានៈ​ជា​ពុទ្ធសាសនិកជន ហើយ​មិនត្រូវ​វ្ហោះវ្ហើយ​កន្តើយ​នឹង​កាតព្វកិច្ច​របស់ខ្លួន​នោះទេ ត្រូវ​ព្យាយាម​លើកស្ទួយ​ឋានៈ​ពុទ្ធសាសនិកជន​របស់​ខ្លួន​ឲ្យ សកម្ម​ឡើង​ការធ្វើដំណើរ​ទៅកាន់​វត្ត ឬ មណ្ឌល​ពុទ្ធ សាសនា​មិនមែនជា​ការងារ​ធ្ងន់ធ្ងរ​ឡើយ​។ ផ្ទុយទៅវិញ ជាការ​ជួយ​លើកស្ទួយ​គុណភាព​ជីវិត​ផ្នែក​ចិត្ត វិញ្ញាណ​របស់ខ្លួន​ឲ្យ​ប្រសើរឡើង តាម​គោលការណ៍​ចំណុច​ទី​២​ថា ធ្វើអំពើ​ល្អ​ឲ្យ​ដល់​ព្រម ពោលគឺ​បណ្តុះ​ចិត្ត​ឲ្យ​ស្ថិតក្នុង​បុណ្យ​កុសល​នោះឯង ។

ក្នុង​ពិធីបុណ្យ​មហា​មាឃបូជា​នេះដែរ ក៏មាន​ការរៀបចំ​ធ្វើការ​ដង្ហែ​ក្បួន តាម​រថយន្ត និង ថ្មើរជើង ធ្វើការ​ប្រទក្សិណ​ទៅតាម ដងផ្លូវ​នានា​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប ដែល​មាន​ព្រះ​រូ​បបដិមា ព្រះ​ពុទ្ធរូប និង សិរី​ឬ​ទ្ធ​ធាតុ ព្រមទាំង​រូបសំណាក​ដំរី និង​រូប​ហង្ស ដែល​ធ្វើឡើង​ពី​ភួងផ្កា​ដ៏​ស្រស់ស្អាត​ផងដែរ។​

ពិធី​នេះ​សង្ឃឹមថា យើង​ម្នាក់ៗ​អាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ ពី​ថៃ្ង​មាឃបូជា​នេះ​នឹង​អញ្ជើញ​នាំគ្នា​ធ្វើ​បុណ្យទាន រក្សាសីល និង សមាធិ​សម្អាតចិត្ត​របស់ខ្លួន​ក្នុង​ថៃ្ង​នេះ ដើម្បី​​បូជា និង រំលឹក​ចំពោះ​គុណ ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត​ព្រះពុទ្ធ​សាសនា សម្រាប់​ជា​មា​គ៌‌ា​ជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ