មេ​បក្ស​ដែល​ចង់​ដូរ​រដ្ឋធម្មនុញ្ញ​និង​កែ​ទំរង់​កងទ័ព រង​បណ្តឹង​ទៅ​តុលាការ​

700
ចែករម្លែក
  • 147
    Shares

ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ បាន​និយាយថា​ខ្លួន​កំពុង​ស្វះស្វែង​រក​ការផ្តន្ទាទោស​មេដឹកនាំ​គណបក្ស​នយោបាយ​ថ្មី​មួយ ដោយសារ​តែ​សុន្ទរកថា​ដែល​គាត់​បាន​បង្ហោះ​ក្នុង​​ហ្វេ​សប៊ុក ដែល​រិះគន់​របប​សឹក​។​

​បណ្តឹង​ដែល​ធ្វើឡើង​នៅពេល​តែ​ជាង​១​ខែ​ទៀត​មុន​ការបោះឆ្នោត​ជាតិ​ប្រឆាំងនឹង​លោក​ថា​ណា​ថន លឿង​លឿង​លឿង​គីត (Thanathorn Juangroongruangkit)​អាយុ​៤០​ឆ្នាំ​​និង​សហសេវិក​២​នាក់​ទៀត​នៃ​គណបក្ស​អនាគត​ទៅមុខ​(Future Forward )​របស់​លោក​បន្ថែម​ការ​ព្រួយបារម្ភ​ថា ក្រុម​យោធា​តាំងចិត្ត​រក្សា​អំណាច ទោះ​ជា​បាន​សុខចិត្ត​​អោយមាន​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ខែ​ក្រោយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មួយ​ក្តី​។​

​វរសេនីយ៍ទោ​ប៉ូលិស​លោក គ្រី​ត ណា អាយុ​ទ្យា ដែលជា​អ្នក​ស៊ើបអង្កេត​បទឧក្រិដ្ឋ​អ៊ីនធឺណិត បាន​និយាយថា​« យើង​នឹង​បញ្ជូន​ករណី​នេះ​ទៅ​អយ្យការ​»​។​

​លោក​ថា​ណា​ថន ដែល​ជា​មហាសេដ្ឋី​គ្រឿងបន្លាស់​រថយន្ត​និង​ជា​អ្នកនយោបាយ​ជើង​ថ្មី រួម​ទាំង​សហការី​២​នាក់​របស់​លោក​អាច​ជាប់គុក​៥​ឆ្នាំ​នៅ​ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត ក្នុង​សម្តី​ដែល​លោក​បាន​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​កាលពី​ខែ​មិថុនា​ឆ្នាំមុន​។​

ថា​ណា​ថន និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងអំឡុង​ការជួបជុំ​ឃោសនា​មួយ​នៅ​បាងកក​កាលពី​ថ្ងៃ​២០​កុម្ភៈ​

​មនុស្ស​វ័យក្មេង​រាប់រយ​នាក់ ភាគច្រើន​ជា​និស្សិត​បាន​ចេញ​មក​គាំទ្រ​សេដ្ឋី​វ័យក្មេង ហ៊ាន​សម្តី​រូបនេះ ក្នុង​ការជួបជុំ​ឃោសនា​ម្តងៗ​។​

​ថា​ណា​ថន​បាន​បង្កើត​គណបក្ស​កាលពី​ឆ្នាំទៅ ដោយ​សន្យា​ធ្វើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧​ដែល​តាក់តែងឡើង​ដោយ​យោធា ជាពិសេស​ផ្តោតលើ​ព្រឹទ្ធសភា​ដែល​មាន​សិទ្ធិ​ចូល​​រួម​ជ្រើស​នាយករដ្ឋមន្ត្រី​និង​ស្តារ​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​សភា​ឡើងវិញ​។​

​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​តំរូវ​អោយ​ព្រឹទ្ធសភា ចូលរួម​ជ្រើសរើស​នាយករដ្ឋមន្ត្រី តែ​លោក​ថា​ណា​ថន​និយាយថា​វា​មិន​ត្រឹមត្រូវ​និង​មិន​ប្រជាធិបតេយ្យ​ឡើយ​។​

​គណបក្ស​អនាគត​ទៅ​មុខ​របស់​ថា​ណា​ថន ក៏​មាន​បំណង​ធ្វើ​ការកែ​ទំរង់​កងកម្លាំងប្រដាប់អាវុធ​ថៃ អោយ​វា​ក្លាយ​ជា​កងកម្លាំង​អាជីព និង​មិន​ជ្រៀតជ្រែក​ក្នុង​នយោបាយ ឬ​​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំ​ណា​ច​ដើម្បី​គ្រប់គ្រង​ប្រទេស​។​

​សេដ្ឋី​វ័យក្មេង​រូប​នេះ​ក៏​ធ្លាប់បាន​និយាយ​ថា បើ​ឈ្នះឆ្នោត​រដ្ឋាភិបាល​របស់​លោក​នឹង​ជំរុញ​ការកាត់ទោស​អ្នក​ធ្វើ​រដ្ឋប្រហារ​ផងដែរ​៕​ដោយ​៖​វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម