ថៃ​ចាប់បញ្ជូន​ខ្មែរ​ឥស្លាម​៣៤​នាក់ ដោយ​សង្ស័យ​ថា​លួច​ធ្វើដំណើរ​ទៅ​ធ្វើការ​នៅ​ភាគខាងត្បូង​និង​ម៉ាឡេស៊ី​ដោយ​ខុសច្បាប់​

529
ចែករម្លែក
  • 51
    Shares

​ប៉ូលិស​ថៃ​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នូវ​ជន​ឥស្លាម​កម្ពុជា​៣៤​នាក់ ដោយ​បដិសេធ​សំណើ​ធ្វើ​ដំណើរ​របស់​ពួកគេ​ទៅ​ធ្វើការ​នៅ​ចុង​ខាងត្បូង​ថៃ ដោយសារ​មិន​បំពេញ​​លក្ខខណ្ឌ​អន្តោប្រវេសន៍​គ្រប់គ្រាន់​។​នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្ត៍​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កុម្ភៈ​។​

​ក្រុម​ដែល​រួមមាន បុរស​៣២​នាក់​និង​ស្ត្រី​២​នាក់ ត្រូវ​បាន​ប្រាប់​អោយ​វិល​មក​កាន់​ក្រុង​ប៉ោយប៉ែ​ត​របស់​កម្ពុជា​វិញ កាលពី​ថ្ងៃ​ព្រហស្បត៍​បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ព្រំដែន​ថៃ​-​កម្ពុជា​​ចូល​ខេត្ត​សា​កែវ​។​

​ពួក​មន្ត្រី​ថៃ​បាន​និយាយថា ជន​ចំណាកស្រុក​ទាំងនេះ​ត្រូវបាន​ឃុំខ្លួន​ទុក​បណ្តោះអាសន្ន​មួយ​រយៈពេល​ខ្លី ក្រោយពី​បាន​ដឹង​អំពី​គោលបំណង​ពិត​របស់​ពួកគេ​ដើម្បី​បញ្ចៀស​ការ​​យល់​ខុស​ណាមួយ​។​បន្ទាប់​មក​មេ​ប៉ូលិស​ខេត្ត​សា​កែវ បាន​ស្នើសុំ​អាជ្ញាធរ​កម្ពុជា ចូលរួម​ស៊ើបអង្កេត​អំពី​ឋានៈ​របស់​អ្នកដំណើរ​ទាំងនេះ​។​

​សារព័ត៌មាន​ខាង​លើ​អះអាងថា ពួកគេ​ទាំងអស់​បាន​ធ្វើដំណើរ​តាម​ទិដ្ឋាកា​ទេសចរណ៍​តែ​ភាគច្រើន​ក្នុងចំណោម​ពួកគេ​បាន​និយាយថា​ពួកគេ​មាន​បំណង​ទៅ​ធ្វើការ​នៅ​បណ្តា​​ខេត្ត​ភាគ​ខាងត្បូង​ថៃ​។​ខ្លះ​ទៀត​អះអាង​ថា ថៃ​គ្រាន់តែ​ជា​ចំណុច​ឆ្លងកាត់​សំរាប់​ពួកគេ​បន្ត​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី ដោយ​ត្រូវ​ឆ្លងកាត់​ច្រកព្រំដែន​នៅ​ខេត្ត​ណារ៉ាត​ធី​វ៉ាត​។​

​តាម​ច្បាប់​ថៃ ជនបរទេស​មក​ពី​បណ្តា​ប្រទេសជិតខាង​អាច​ធ្វើការ​នៅ​ថៃ​បាន តែ​តាមរយៈ​MoU​រវាង​រដ្ឋាភិបាល​រៀងៗ​ខ្លួន​។​មន្ត្រី​ថៃ​កាលពី​ថ្ងៃ​២១​កុម្ភៈ​បាន​ពិនិត្យឃើញថា ជន​អ៊ីស្លាម​កម្ពុជា​៣៤​នាក់​នេះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​នេះ​ទេ​។​

​សារព័ត៌មាន​ដដែល​បាន​និយា​ថា កាលពី​ថ្ងៃ​ព្រហស្បត៍​នេះដែរ ប៉ូលិស​អយស្ម័យយាន​នៅ​ស្រុក​ហាត​យ៉ៃ​នៃ​ខេត្ត​សុង​ក្លា​ភាគខាងត្បូង​ក៏​បាន​រកឃើញ​អ្នកដំណើរ​កម្ពុជា​ស្រី​៣​នាក់​​មិន​មាន​ឯកសារ​ធ្វើ់ដំណើរ​ត្រឹមត្រូវ​។​ពួកគេ​បាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​ធ្វើដំណើរ​ទៅ​ពី​ប៉ោយប៉ែត​និង​តំរង់​ទៅ​កាន់​ម៉ាឡេស៊ី។

នៅខែនេះដែរ យុវជនកម្ពុជា៣នាក់ដែលរៀននៅសាលាឥស្លាមមួយនៅក្នុងខេត្តភាគខាងត្បូងប៉ាតតានីត្រូវប៉ូលិសថៃចាប់ខ្លួនក្នុងចំណោមសិស្សបរទេស១១នាក់ ដោយសារមិនមានទិដ្ឋាការត្រឹមត្រូវ៕​ដោយ​៖​វាសនា​


ប៉ូលិសថៃចាប់សិស្សកម្ពុជានៅសាលាឥស្លាមមួយក្នុងខេត្តប៉ាតតានី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ