ព្រះសង្ឃ​ដែល​គង់នៅ​បរិវេណ​ខាងលើ​នៃ​វត្ត​លលៃ ស្ម័គ្រ​ព្រះទ័យ​ចុះទៅ​គង់នៅ​បរិវេណ​ខាងក្រោម ដើម្បីឲ្យ​មានការ​អភិរក្ស​ប្រាសាទ​

603
ចែករម្លែក
  • 29
    Shares

ដោយ​:បាយ័ន​/​ខេត្តសៀមរាប ៖ ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​កិច្ចការ​វត្ត​អារាម ដែលមាន​ព្រះ​មេគុណ​ខេត្ត​ជា​ប្រធាន បានរៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​ព្រះសង្ឃ​គង់នៅ​វត្ត​លលៃ និង​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​អប្សរា​ផង​នោះ ដើម្បី​ពិភាក្សា​អំពី​ការសម្រេច​ព្រះទ័យ​របស់​ព្រះសង្ឃ ក្នុងការ​ចុះមក​គង់នៅ​បរិវេណ​ខាង​ក្រោម​វិញ ដើម្បីឲ្យ​ដំណើរការ​អភិរក្ស​ទួល​ខឿន​ប្រាសាទលលៃ​ប្រព្រឹត្តទៅបាន​ល្អប្រសើរ​។​

នៅក្នុង​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​កិច្ចការ​វត្ត​អារាម ព្រះ​អនុគុណ​ខេត្ត ព្រះសង្ឃ អាចារ្យ និង​គណៈកម្មការ​វត្ត​គោលដៅ​ទាំង​៣៥​វត្ត លោក ហង់ ពៅ អគ្គនាយក​ស្ដីទី​អាជ្ញាធរ​ជាតិ​អប្សរា​, តំណាង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​, មន្ត្រី​, បុគ្គលិក​នៃ​អជ្ញាធរ​ជាតិ​អប្សរា​, ពុទ្ធបរិស័ទ សរុប​ចំនួន​ប្រមាណ​៥០​អង្គ​/​នាក់ និង​សម្របសម្រួល​ដោយ លោក ហេង មណី​ចិន្តា​។​

ព្រះ​វិន័យ​ធម៌​ខេត្ត​គណ​:​កម្ម​ការគ្រប់គ្រង បណ្តោះអាសន្ន​វត្ត​លលៃ មាន​សង្ឃដីកា​ថា ទីតាំង​វត្ត​លលៃ​បច្ចុប្បន្ន​មាន​ព្រះសង្ឃ ដូនជី តាជី និង​ក្មេង​វត្ត គង់​និង​ស្នាក់នៅ​ច្រើន ដែល​ការណ៍​នេះ​អាចធ្វើឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​កិច្ចការ ពារ​អភិរក្ស​ប្រាសាទ​ដោយ​ចៀស​មិន ខាន​។​ ដើម្បី​រក​ដំណោះស្រាយ​សមស្រប ក៏ដូចជា​ក្នុង​បំណង​ដើម្បី​បេតិកភណ្ឌ​ផង​នោះ គណៈកម្មការ​វត្ត​ក៏​សម្រេច​ចុះ​ពី​ទួលប្រាសាទ ដើម្បីឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​មានលទ្ធភាព​អភិរក្ស​ទី​រមណី​យ​ដ្ឋា​ន​នេះ ឲ្យ​សក្ដិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​។

លោក ហង់ ពៅ អគ្គនាយក​ស្ដីទី មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការងារ​នេះ​ច្រើន​ឆ្នាំ​មកហើយ ដើម្បីឲ្យ​មានការ​ព្រមព្រៀង​មួយ រៀបចំ​សំណង់​ព្រះវិហារ​ចុះ​ពី​ទួលប្រាសាទ បុរាណ​។

ជាក់ស្ដែង​នៅ​បរិវេណ​ទួល​ប្រាសាទលលៃ​នេះ គណៈកម្មការ​វត្ត​បាន​ស្ម័គ្រចិត្ត​ព្រះទ័យ ចុះមក​ក្រោម​ដោយ ឯកឯង ដោយ​គ្មាន​ការបង្ខិតបង្ខំ​អ្វី​ឡើយ​។ ​លោក បន្ដថា បញ្ហា​ដែល​កំពុង​កើត​មាននៅ​ប្រាសាទលលៃ​នេះ មាន​២​ចំណុច​ដែល​អាជ្ញាធរ​ជាតិ​អប្សរា ខិតខំ​ពន្យល់​ព្រះសង្ឃ​ឲ្យ​យល់​ពី​ការងារ​អភិរក្ស ទី​១.គឺ​កំណើន​សំណង់​ច្រើន​ដែល​វា​អាចឱ្យ​តួ​ប្រាសាទ​មាន​សំពាធ​កាន់តែខ្លាំង អាចឲ្យ​ស្រុត​ប្រាសាទ និង​ទី​២.ទាក់ទង​នឹង​បរិស្ថាន នៅពេល​មនុស្ស​ចូលមក​រស់នៅ​កាន់តែច្រើន នោះ​វា​នឹង​បង្ក​ជា​កង្វះ​អនាម័យ​ក៏​កាន់តែច្រើន​ផងដែរ​។​

ទាក់ទង​នឹង​ការសម្រេច​ព្រះទ័យ​របស់​គណៈកម្មកា​រ​វត្ត​លលៃ​នេះ លោក ហង់ ពៅ បន្តទៀតថា បានបង្ហាញ​ពី​ការចូលរួម​របស់​ព្រះសង្ឃ​ក្នុង​វិស័យ​បេតិកភណ្ឌ ក៏ដូចជា​ការចូលរួម​លើ​ការងារ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​របស់​ព្រះសង្ឃ​។ លោក បន្ថែមថា ដើម្បី​សម្រួល​ដល់​ការផ្លាស់​ចុះមក​ក្រោម​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ជួយ​សម្រួល​រៀបចំ​កន្លែង​ព្រះសង្ឃ​គង់ ក៏ដូចជា​បន្ទប់ទឹក​ឲ្យបាន​សមរម្យ​ផងដែរ​។​

ព្រះមហា​វិមលធម្ម ពិន សែម រាជាគណៈ​ថ្នាក់​ទោ និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌ មាន​សង្ឃដីកា​រថា វត្តមាន​វត្ត​អារាម​ព្រះពុទ្ធសាសនា​នៅលើ​ខឿន​ប្រាសាទ គឺមាន​យូរយារ​មកហើយ បន្ទាប់ពី​សាសនាព្រាហ្មណ៍​អស់​ឥទ្ធិពល​។

ព្រះអង្គ​បន្តថា ទាំង​សំណង់​វត្ត និង​សំណង់​ភូមិករ​ដទៃទៀត ដែល​សង់​នៅ​ជុំវិញ​ប្រាសាទ សុទ្ធសឹង​មិន​សមរម្យ តែដោយសារ​សម័យកាល​ណោះ​មិនមាន​អ្នកពន្យ​ល់ពី​តម្លៃ​បេតិកភណ្ឌ ទើបតែ​សម័យ​បារាំង​ប៉ុណ្ណោះ ដែល​ខ្មែរ​យល់​ពី​តម្លៃ​មួយ​នេះ​។ព្រះមហា​វិមលធម្ម ពិន សែន បានចាត់ទុក​ការសម្រេចចិត្ត​នេះ ថា​មាន​សារសំខាន់​ណាស់​ដែល​ព្រះសង្ឃ​បាន​ចូលរួម​ក្នុង​ការងារ​ថែរក្សា​បេតិកភណ្ឌ​។

ព្រះអង្គ​ក៏​មិន​ភ្លេច​រម្លឹក​ពី​ការចូលរួម​របស់​គណៈ​សង្ឃ ដែលនាំឱ្យ​មាន​លទ្ធផល​ដ៏​ប្រសើរ​នេះ​កើតឡើង គឺជា​រឿយៗ​ព្រះអង្គ​តែង​ចុះ​អប់រំ​ពី​បញ្ហា​នេះ ហើយ​ចុងក្រោយ​គណៈ​សង្ឃ ដែលមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​តំបន់​ប្រវត្តិសាស្ដ្រ​នៅ​ខេត្ត អយុធ្យា ប្រទេស​ថៃ ដើម្បីឲ្យ​ព្រះសង្ឃ​ស្វែង​យល់​ពី​ការរៀបចំ​តំបន់​ទាំងនោះ​ដោយ​អាជ្ញាធរ​ថៃ គឺ​ស្ថានភាព​ទីនោះ ដូច​ទៅនឹង​ករណី​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​យ៉ាង​ដូច្នោះ​ដែរ​។ ថៃ​បានរៀបចំ​តំបន់​នោះ ដោយ​មិន​អនុញ្ញាតឲ្យមាន​សំណង់​ផ្សេងៗ​សង់​នៅលើ​ប្រាសាទ​ឡើយ​។​

លោក ហេង មណី​ចិន្តា ជា​អ្នក​សម្រប សម្រួល​សិក្ខា​សិលា​នេះ​បានឲ្យដឹងថា ការងារ​នេះ​ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​ប្រវត្តិសាស្ត្រ ដែល​គណៈកម្មការ​សង្ឃ​នៃ​វត្ត​លលៃ និមន្ត​ចុះ​គង់​ខាងក្រោម​ដោយ​ស្ម័គ្រ​ព្រះទ័យ​។ លោក​បន្តថា នៅលើ​ខឿន ប្រាសាទ​​លលៃ សំណង់​ត្រឹមត្រូវ​ស្របច្បាប់​មាន​ត្រឹម​ព្រះវិហារ​មួយ​ប៉ុណ្ណោះ ​ដែលមាន​វ័យ​ចំណាស់ ហើយ​ដែល​ត្រូវការ ការអភិរក្ស​ដូច​សំណង់​ប្រាសាទ​ដែរ​។ យ៉ាងណា លោក មណី​ចិន្តា ពន្យល់ថា តាម​គោលការណ៍​ដែល​បាន​ពិភាក្សាគ្នា ការ​ចុះមក​គង់​ខាងក្រោម របស់​គណៈ កម្ម​ការ​វត្ត​លលៃ​នេះ នឹង​ធ្វើជា​ដំណាក់កាល​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម