មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​បង្ហាញមុខ​យ៉ាង​ភ្ញាក់ផ្អើល​នៅឯ​ការប្រគុំ​តន្ត្រី​ស្វែងរក​ជំនួយ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​

546
ចែករម្លែក

​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​ហ្វ័​ន ក្វា​យ​ដូ​បាន​ចូលរួម​ក្នុងការ​ប្រគុំ​តន្ត្រី​ដែល​ប្រជុំ​ដោយ​តារា​ល្បី​ក្នុងប្រទេស​ជិតខាង​កូ​ឡុំ​ប៊ី ដែល​រៀបចំឡើង​ដើម្បី​គាំទ្រ​លោក​ក្នុង​ការតស៊ូ​អំណាច​ក្នុងស្រុក​។​

​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​រាប់ពាន់នាក់​បាន​ចូលរួម​ជាមួយ​ជនអន្តោប្រវេសន៍​នៅតាម​ព្រំដែន​កូ​ឡុំ​ប៊ី​នៅឯ​ការប្រគុំ​តន្ត្រី ខណៈ​ពួកគេ​ព្យាយាម​ដាក់​សម្ពាធ​លើ​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​ដើម្បីឱ្យ​អនុញ្ញាតិ​ដល់​ការដឹកជញ្ជូន​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​បន្ទាន់​។​

​ការបង្ហាញ​វត្តមាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់លោក​ក្វា​យ​ដូ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កុម្ភៈ​នៅ​ការប្រគុំ​តន្ត្រី​ឈ្មោះ Venezuela Aid Live គឺជា​ការសាកល្បង​ថ្មី​មួយ​អំពី​រដ្ឋអំណាច​សម្រាប់​លោក​ម៉ា​ឌូ​រ៉ូ​។​

​គាត់​ត្រូវបាន​ស្វាគមន៍​ដោយ​ការ​ស្រែកថា “​ហ្វ័​ន​បានមក​ដល់​ហើយ​! ហ្វ័​ន​បានមក​ដល់​ហើយ​!” ខណៈដែល​គាត់​បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក​អ៊ី​វ៉ាន់ ឌូ​កេ (Ivan Duque) ដោយ​ផ្គើន​ទៅនឹង​ការហាម​ប្រាម​មិនឱ្យ​គាត់​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។​

​នៅ​ខាង​វេ​ណេ​ស៊ុយ​អេ​ឡា​ឯណោះ​វិញ បុគ្គលិក​រដ្ឋាភិបាល​បាន​ប្រមូលផ្ដុំ​គ្នា​តូច​មួយ​ដើម្បី​ប្រជែង​ដែរ គឺ​ការប្រគុំ​តន្ត្រី​ឈ្មោះ Hands Off Venezuela រយៈពេល​បី​ថ្ងៃ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​លោក​ម៉ា​ឌូ​រ៉ូ​។​

​តន្ត្រី​របស់​រដ្ឋាភិបាល​នេះ​គឺធ្វើឡើង​នៅ​ទល់មុខ​ស្ពាន​ដែល​បាំង​ដោយ​ទូ​កុងតឺន័រ​និង​ស៊ីទែន​សាំង​ដែល​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​បានដាក់​នៅ​ទីនោះ​ដើម្បី​រារាំង​ការដឹក​ស្បៀងអាហារ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក​។​

​ខណៈ​វិបត្តិ​នយោបាយ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​បានអូសបន្លាយ​ពេល​យូរ​ទៅនោះ ពួក​សម្ព័ន្ធមិត្ត​របស់​លោក​ក្វា​យ​ដូ ដែល​សហរដ្ឋអាមេរិក​និង​ប្រទេស​ជាច្រើន​ទៀត​បាន​ទទួលស្គាល់ថា​ជា​មេដឹកនាំ​ស្របច្បាប់​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​នោះ សង្ឃឹមថា​ការប្រគំ​តន្ត្រី​ដ៏​ធំ​នៅក្នុង​ទីក្រុង​គូ​គូ​តា (Cucuta) នឹង​បង្កើតឱ្យមាន​ដំណាក់កាល​សម្រាប់​ការចែក​ចាយ​យ៉ាង​រលូន​នូវ​ជំនួយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​កុម្ភៈ​នេះ និង​អាចជា​ចំណុច​របត់​មួយ​នៅក្នុង​ដំណើរ​ស្វែងរក​រដ្ឋាភិបាល​អន្តរ​កាល​មួយ​៕ ដោយ៖ កញ្ញាដាលីស

លោក​ក្វា​យ​ដូ​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល​នៅឯ​ការប្រគុំ​តន្ត្រី​ស្វែងរក​ជំនួយ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម